ក្រុមគ្រូពេទ្យ​​​​​ទទួលការ​បណ្តុះ​បណ្តាល​​​ការ​គ្រប់គ្រង​ថែទាំ​និង​ព្យា​បាលជំងឺគ្រុនឈាម​


ខេត្តក្រចេះ ​៖ ក្រុម​គ្រូពេទ្យ​ជិត​២០០​នាក់ ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត​ទទួល​បាន​វគ្គ​សិក្ខាសាលា ​ដើម្បី​បំប៉ន​បន្ថែម​លើ​ឯកទេស​ជំងឺគ្រុនឈាម ខណៈ​ខេត្ត​តំបន់ប៉ែក​ឥ​សាន្ត​មួយ​នេះ បញ្ហា​ជំងឺ​គ្រុនឈាម​ ក៏​កំពុង​តែ​មាន​សភាព​ផ្ទុះ​រាតត្បាត​គួរ​ឲ្យ​ព្រួយបារម្ភ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​យ៉ាង​ហោច​៧​នាក់ ក្នុង​នោះ ​ភាគច្រើន​មាន​ជា​កុមារ​បាន​ឈឺ​ស្លាប់​ក្នុង​អំឡុងរយៈ​ពេល​២ខែ​ចុង​ក្រោយ​នេះ​។​

​ជាមួយ​និង​វគ្គ​បំប៉ន​ឯកទេសរយៈ​ពេល​ខ្លី​ ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​១៨ កក្កដា នេះ មន្ត្រី​ជំនាញ​របស់​មក​ពី​ក្រសួងសុខាភិបាលបាន​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ ត្រូវ​ធ្វើការ អប់រំ​ផ្សព្វផ្សាយ​ឲ្យ​មានការ​បញ្ជ្រាប​ការ​យល់​ដឹង ដល់​ពលរដ្ឋ ឲ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ដែល​មាន​អ​កា​រៈ​ក្តៅខ្លួន​លើ​កំរិត​៣៨​អង្សារ ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជម្ងឺ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រោះ​ស្ថានភាព​នេះ អាច​ប៉ះពាល់​ដល់​អាយុជីវិត​ដោយសារ​ជម្ងឺគ្រុនឈាម​បាន​។​

អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក យី​ត ស៊ុន​ណា​រ៉ា បាន​មាន​ប្រសាសន៍ បញ្ជាក់​ថា វគ្គ​សិក្​ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​តែ​អនុវត្ត ជំនាញ​សព្វថ្ងៃ បញ្ជ្រាប​ឲ្យ​កាន់តែ​យល់​ដឹង​បន្ថែម​អំពី​មុខសញ្ញា និង​រោគ​សញ្ញា​នៃ​ការ​ផ្ទុក​ជម្ងឺ គ្រុនឈាម​ទាំង​បិទមុខ និង​បើកមុខ ។​

​តាម​របាយការណ៍​ទ​ន្និ​ន័យ​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​នូវ ជម្ងឺគ្រុនឈាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ ២​ម៉ឺន​នាក់​និង​អាច​ឈាន​ដល់​ទៅ ៥​ម៉ឺន​នាក់ នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ក្រសួងសុខាភិបាល​។ តែ​កា​ស្លាប់មាន ចំនួន​០.២% នៃ​ចំនួន​អ្នក​កើត​ជម្ងឺគ្រុនឈាម​នេះ​តែ​ប៉ុណ្ណោះ ។ ហើយ​សម្រាប់​ខេត្តក្រចេះ​វិញ បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ឈ្នាង សុ​វត្ថា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម ស​ប្តា​ហ៍​ទី​២៨ ឆ្នាំ​២០១៩​នេះ ករណី​ផ្ទុះ​ជម្ងឺគ្រុនឈាម មាន​ចំនួន ១.៤៧៧ នាក់ ស្លាប់​៧ នាក់ ដែល​តំបន់​ផ្ទុះ​ច្រើន​ជាងគេ គឺ​ឃុំ​ឃ្សឹ​ម ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។​

មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក យី​ត ស៊ុន ណា​រ៉ា បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​កំពុង​មានការ​ផ្ទុះ​នូវ​ជំងឺ គ្រុនឈាម តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​និង​ការពារ​ទប់ស្កាត់​នៃ​ការ​ទូទាត់​ជំងឺ​គ្រុន ឈាម ដោយសារ​ជំងឺគ្រុនឈាម​នេះ​កាន់តែ​វិវឌ្ឍន៍​ធ្វើ​ឱ្យ​អ្នកជម្ងឺ​បាត់បង់​ជីវិត​ភ្លាម​ៗ ។​

លោក​បាន​ជម្រុញ​ឲ្យ​ក្រុម​គ្រូពេទ្យ បន្ត​ចុះ​ផ្សព្វផ្សាយ​សុខភាព​អប់រំ ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពួក​គាត់​រស់​នៅ​ប្រកបដោយ​អនាម័យ និង​រ៉ូ​ស​រ៉ា​ន់​បញ្ជូន​អ្នកជម្ងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត ដែល​មាន​គ្រូពេទ្យ​មាន​ជំនាញ​ឯកទេស​គ្រប់គ្រាន់​។ ព្រោះ​ជម្ងឺ​គ្រុម​ឈាន ជា​ប្រភេទ​ជម្ងឺ មួយ​ដែល​ត្រូវ​ឲ្យ​ព្យាបាល​តាម​ថេរ​វេលា​។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ