ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភាព​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សភា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ដែល​ហៅ​កាត់​ថា «ASEP» លើក​ទី​១១ នៅ​ចុងឆ្នាំ​២០២០ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សភា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ដែល​ហៅ​កាត់​ថា «ASEP» លើក​ទី​១១ នៅ​ចុងឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​អនុ​គណៈកម្មការ និង​លេខាធិការដ្ឋាន​ជាតិ​រៀបចំ​កិច្ចប្រជុំ​នេះ និង​បាន​ផ្សព្វផ្សាយ​ផ្តើម​ដំណើរ​ការងារ​ខ្លួន​ជា​ផ្លូវការ ចាប់ពី​ពេល​នេះ​ទៅ ។

លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​សម្រេច​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ ASEP លើក​ទី​១១ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ ។ ចំណែក​លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ ASEP ដោយ​មាន​លោក​ឡោក ឆាយ អគ្គលេខាធិការ​រង​ព្រឹទ្ធសភា ជា​អនុប្រធាន ។

កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) មានឈ្មោះ​ជា​ភាសា​អង់គ្លេស «Asia-Europe Parliamentary Partnership Meeting» ។ ASEP គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​តំបន់​អាស៊ី​-​អឺរ៉ុប ដែល​ហៅ​កាត់​ថា «ASEM»​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ASEM លើក​ទី​១៣ នៅ​ក្នុង​ឆ្នាំ​២០២០​នោះ​ដែរ ហើយ​សមាជិក​សភា​ដែល​ជា​ប្រទេស​សមាជិក ASEM នឹង​ត្រូវ​មក​ចូលរួម​កិច្ចប្រជុំ ASEP ដែល​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់​នេះ ។ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ដែល​ហៅ​កាត់​ថា​« ASEP» មាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការទូត​អន្តរជាតិ​សភា ក្នុង​ចំណោម​សភា​លើកកម្ពស់​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រជាជន និង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ។

ជាមួយនឹង​ការ​ប្រកាស​សមាសភាព​ក្រុមការងារ​ទាំង​កម្រិត​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​រដ្ឋសភា​លោក​បណ្ឌិត ងួ​ន ញ៉ិល បាន​ជំរុញ​ឲ្យ​មានការ​ខិតខំ​បំពេញភារកិច្ច​តាម​ការ​ចាត់តាំង​របស់​ថ្នាក់ដឹកនាំ​ប្រកបដោយ​ការ​ទទួលខុសត្រូវ មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជា​ពិសេស​បំពេញការងារ​តាម​កាលបរិច្ឆេទ​ឲ្យ​បាន​ទៀងទាត់ ដូច​ជា ការ​កំណត់​ប្រធានបទ​កិច្ចប្រជុំ និង​ខ្លឹមសារ​ពាក់ព័ន្ធ​នានា ។ ឆ្លងកាត់​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​វេទិកា​អន្តរ​សភា​ជា​ច្រើន​លើក​មក​ហើយ ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មការ​រៀបចំ​សង្ឃឹមថា ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១​នេះ នឹង​ដំណើរ​ទៅ​ដោយ​រលូន​ប្រកបដោយ ភាព​ជោគជ័យ លើកកម្ពស់​កិត្យានុភាព​សភា​កម្ពុជា និង​ប្រទេស​ជាតិ​ទាំងមូល​លើក​ឆាក​អន្តរជាតិ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ