ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព័ត៌មាន៖ «យុទ្ធនាការឆន្ទៈល្អលើកទី២» នឹងជួយដល់ការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈជាតិស្ករ ឱ្យកាន់តែមានសណ្តាប់ធ្នាប់, មានវិជ្ជាជីវៈ, មានតម្លាភាព, និងទទួលខុសត្រូវចំពោះសង្គម

1 នាទី មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តាមរយៈឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «យុទ្ធនាការឆន្ទៈល្អលើកទី២» នេះមានគោលដៅច្បាស់លាស់ គឺ ធ្វើឱ្យការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ កាន់តែមាន សណ្តាប់ធ្នាប់ មានវិជ្ជាជីវៈ មានតម្លាភាព និងទទួលខុសត្រូវចំពោះសង្គម ដោយរក្សាតុល្យភាពរវាង ការរីកចម្រើនរបស់វិស័យឯកជន  ការរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការការពារសុខុមាលភាព របស់ប្រជាពលរដ្ឋ» ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា សារព័ត៌មាន សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និង Influencers គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ។

គួររំលឹកផងដែរថា យុទ្ធនាការឆន្ទៈល្អ បានប្រព្រឹត្តិទៅជាលើកទី២ ដែលរៀបចំឡើងដោយ ក្រសួងព័ត៌មាន ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំយុទ្ធនាការនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការផ្សព្វផ្សាយ អំពីបទប្បញត្តិ ឬការបំពេញ នីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែនេះគឺជាឱកាសសំខាន់ សម្រាប់យើងទាំងអស់គ្នា ក្នុងការបញ្ជាក់ពី គោលជំហររួមរវាងការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងការទទួលខុសត្រូវចំពោះសង្គម ។ យើងត្រូវយល់ថា ក្នុងសេដ្ឋកិច្ចសម័យទំនើប ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ មិនត្រូវវាស់ត្រឹមតែបរិមាណលក់ ប្រាក់ចំណេញ ឬចំណែកទីផ្សារប៉ុណ្ណោះទេ តែត្រូវវាស់ផងដែរថា ក្រុមហ៊ុននោះមានទំនួលខុសត្រូវ ប៉ុណ្ណា ចំពោះអតិថិជន, សង្គម, យុវជន, ស្ត្រី, វប្បធម៌ជាតិ, និងចំពោះ​សុខភាព​សាធារណៈ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែថា ៖ «ទីផ្សារដែលល្អគឺទីផ្សារដែលប្រកួតប្រជែង ដោយគុណភាពដោយនវានុវត្តន៍ដោយតម្លៃ និងដោយទំនុកចិត្តមិនមែនប្រកួតប្រជែង ដោយវិធីជំរុញការប្រើប្រាស់ លើសកម្រិត ឬការទាក់ទាញអ្នកប្រើប្រាស់ ដោយគ្មានព្រំដែននោះទេ ។ មួយវិញទៀត យុវជនគឺជាមូលធនមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ យើងមិនត្រូវអនុញ្ញាតឱ្យទីផ្សារធ្វើឱ្យកុមារ និងអនីតិជនក្លាយជាគោលដៅ នៃការផ្សាយពាណិជ្ជកម្មផលិតផល ដែលអាចប៉ះពាល់ដល់សុខភាព ឬការ​អភិវឌ្ឍន៍របស់ពួកគេឡើយ ។ ការផ្សាយមិនត្រូវប្រើរូបភាព ភាសា តារា សកម្មភាព ការប្រកួតប្រជែង ឬបច្ចេកទេសឌីជីថល ដែលមានបំណងទាក់ទាញអនីតិជន ឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង» ។

សូមជម្រាបជូនផងដែរថា សិក្ខាសាលាធ្វើឡើង ក៏មានកិច្ចពិភាក្សា២ ជំហ៊ាន ដោយទី១ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ» ដោយមានវាគ្មិន៖ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុន ឬម្ចាស់ម៉ាកផលិតផល, តំណាងសមាគម Billboard/Outdoor Advertising, Influencer/Content Creator ។ និងកិច្ចពិភាក្សាទី២ អំពី «គោលការណ៍ “ឆន្ទៈល្អ” និងការផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវ៖ ពី​ការអនុលោមតាមបទប្បញត្តិ ទៅការទទួលខុសត្រូវចំពោះសង្គម» ដែលមានវាគ្មិនចូលរួមមកពី តំណាង MSA/វិស័យ Advertising និង Marketing, តំណាងក្រុមហ៊ុន, តំណាងប្រព័ន្ធ ផ្សព្វផ្សាយ ឬ Digital Media/Advertising Agency, Influencer/Content Creator, អ្នក ជំនាញសុខភាពសាធារណៈ ឬការពារអ្នកប្រើប្រាស់ (ជម្រើស) ៕