ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ដៃគូ​អភិវឌ្ឍន៍ រួម​គ្នា​ពង្រឹងសមត្ថភាព​គ្រូ​បង្គោល TVET លើ​អនាម័យ​ល្អ និង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ឧស្សាហកម្ម និង​ទីផ្សារ​ការងារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​លោក Reto Grüninger នាយក​ផ្នែក​សហប្រតិបត្តិការ ​នៃ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ (SDC) ក្នុង​ពិធី​បើក “​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល TVET ស្តី​ពី​ការ​អនុវត្ត​អនាម័យ​ល្អ និង​សុវត្ថិភាព​ចំណីអាហារ ​”ក្រោម​កម្មវិធី” ​មុខរបរ ​និង​ការងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា​” ដំណាក់កាល​ទី​៣ (DEY III)​។ ពិធី​នេះ​មានការ​ចូលរួម​ពី​លោក សុខ ណា​រិ​ន តំណាង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ នៃ​អង្គការសហប្រជាជាតិ (UNIDO) ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ គ្រូ​បង្គោល និង​សិក្ខាកាម​ជា​ច្រើន​រូប​ ។

ថ្លែង​ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃនេះ មាន​គោលបំណង​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​គ្រូ​បង្គោល និង​គ្រូបង្រៀន​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) លើ​ការ​អនុវត្ត​អនាម័យ​ល្អ និង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល និង​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វិស័យ​ឧស្សាហកម្ម​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ចសហការ​រវាង​គ្រឹះស្ថាន TVET និង​សហគ្រាស ដើម្បី​ធានា​ថា ការ​បណ្តុះបណ្តាល​ផ្តល់​នូវ​ចំណេះដឹង និង​ជំនាញ​ជាក់ស្តែង​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ការ​អនុវត្ត​អនាម័យ​ល្អ និង​សុវត្ថិភាព​ចំណីអាហារ មិន​ត្រឹមតែ​ជួយ​ការពារ​អ្នក​ប្រើប្រាស់ និង​ធានា​គុណភាព​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ បង្កើន​ផលិតភាព និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស ជា​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។ ការ​ពង្រឹង​ជំនាញ​ក្នុង​វិស័យ​នេះ គឺជា​ផ្នែក​សំខាន់​នៃ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ និង​ផលិតភាព ព្រមទាំង​រួមចំណែក​បង្កើន​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​កម្ពុជា ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​ណែនាំ​ឱ្យ​គ្រូ​បង្គោល និង​សិក្ខាកាម​ទាំងអស់​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា ពិភាក្សា និង​ចែករំលែក​បទ​ពិសោធ ព្រមទាំង​ចំណេះដឹង​ពី​ការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​គ្រឹះស្ថាន និង​កន្លែងធ្វើការ​រៀង​ៗ​ខ្លួន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។ លោក​ជំទាវ​ក៏​បាន​ជំរុញ​ឱ្យ​សិក្ខាកាម​យកចំណេះ​ដឹង និង​ជំនាញ​ដែល​ទទួល​បាន​ទៅ​អនុវត្ត​ក្នុង​ការ​បំពេញការងារ និង​បន្ត​ចែករំលែក​ដល់​សហការី សិស្ស និស្សិត និង​អ្នក​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល TVET នៅ​កម្ពុជា ​។

ក្នុង​ឱកាស​នេះ លោក Reto Grüninger តំណាង SDC និង​លោក សុខ ណា​រិ​ន តំណាង UNIDO បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​លើកកម្ពស់​ការ​អនុវត្ត​អនាម័យ​ល្អ និង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វិស័យ​ឧស្សាហកម្ម និង​ទីផ្សារ​ការងារ​។ តំណាង​ទាំង​ពីរ​ក៏​បាន​បង្ហាញ​ពី​ការ​បន្ត​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី DEY III ជា​ពិសេស​ការ​ពង្រឹងសមត្ថភាព​គ្រូ​បង្គោល TVET ការ​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ និង​សមត្ថភាព​ប្រកួតប្រជែង ព្រមទាំង​រួមចំណែក​បង្កើន​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​កម្ពុជា​ ៕