ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ទេសន្តរប្រវេសន៍​ ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចាត់វិធានការ​ការពារ ទប់ស្កាត់ និង​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស ក្រោម​រូបភាព​នៃ​ទេសន្តរប្រវេសន៍​ការងារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ​ នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​ការងារ​រយៈពេល ១០​ខែ ឆ្នាំ​២០២៦ និង​កំណត់​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រុមការងារ​ទេសន្តរប្រវេសន៍ ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​.)​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​ក្រុមការងារ ដែល​អញ្ជើញ​មក​ពី​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​សមាគម​និយោជក​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម សេង សក្ដា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល ១០​ខែ​កន្លង​មក ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សម​ស្រប​ចំពោះ​បញ្ហា​ប្រឈម​នានា និង​ការ​កំណត់​ទិស​ដៅ​ការងារ​បន្ត​ឱ្យ​បាន​ច្បាស់លាស់​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការងារ​ទាំងនេះ​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង ពង្រឹង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ជួយ​ដល់​ជន​រង​គ្រោះ ​។

ជាមួយ​គ្នា​នេះ អង្គប្រជុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់ ព្រមទាំង​អនុវត្ត​វិធានការ​ផ្លូវច្បាប់​ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ក្រោម​រូបភាព ​នៃ​ទេសន្តរប្រវេសន៍​ការងារ ដើម្បី​ចូលរួម​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជា​ពលករ​ខ្មែរ ព្រមទាំង​ជន​ដែល​អាច​រង​គ្រោះ​ពី​អំពើ​ទាំងនេះ​ ៕