គ្រោង​បញ្ជូន​កាក​សំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុង​តឺ​ន័​រ​ទៅ​ប្រភព​ដើម​វិញ


រាជធានី​ភ្នំពេញ​ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កម្ពុជា​គ្រោង​បញ្ជូន​កាក​សំណល់​ប្លា​ស្ទិ​ក​​ទាំង​៨៣​កុង​តឺ​ន័​រ​ទៅ​ប្រភព​ដើម​វិញ នៅ​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក​នេះ​រួចរាល់​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា ក្រសួងបរិស្ថាន​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុងធ្វើការ​ស៊ើបអង្កេត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​ករណី​ទូរ​កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ​ដែល​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​សំរាម ដើម្បី​ស្វែងរក​ប្រភព​ដើម​ថា​ទំនិញ​ហាមឃាត់​ទាំងនេះ​មក​ពី​ប្រភព​ណា​ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ​រួច​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន​។

លោក​បាន​អះអាង​ថា រាជរដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​គឺ​មិន​ឲ្យ​មានការ​យក​សំរាម​និង​សំណល់​ប្លា​ស្ទិ​ក​ផ្សេង​មក​ចាក់ចោល​នៅ​កម្ពុជា​ឡើយ ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​ពី​សំណល់​ដែល​មាន​ជាតិពុល​ទាំងនេះ ។ រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ឲ្យ​បាន​កាន់តែ​ច្បាស់​ថា​តើ​ប្រភព​សំរាម​ដែល​ជា​ថង់​ប្លា​ស្ទិ​ក​នេះ​នាំ​ចូល​មក​ពី​ប្រទេស​ណា​ឲ្យ​ពិតប្រាកដ​ថា​តើ​នរណា​នៅ​ពីក្រោយ​ការ​នាំ​ចូល និង​ជា​ពិសេស​គឺ​ក្រុមហ៊ុន ពីព្រោះ​ថា​កុងតឺន័រ​ដែល​ត្រូវ​បាន​ចាត់​ទុក​នេះ​ត្រូវ​បាន​បញ្ជូន​ពី​បរទេស​ណា​មក​ពេល​ស្គេ​ន​ទៅ​ឃើញ​ថា​មាន​សំណល់​ប្លា​ស្ទិ​ក​នៅ​ក្នុង​ហ្នឹង​យើង​រង់ចាំ​មើល​ក្រុមហ៊ុន​ដែល​មក​ទទួលយក​ហើយ​មិនឃើញ​នោះ​ទេ​យើង​កំពុង​តែ​បន្ត​ការ​ស៊ើបអង្កេត​ដើម្បី​ឈាន​ទៅ​ដល់​នីតិវិធី​ទី​មួយ​គឺ​ការ​រៀបចំ​បញ្ជូន​នៅ​សំណល់​ប្លា​ស្ទិ​ក​ទាំង​អស់នេះ​ទៅ​ប្រទេស​ដើម​វិញ និង​ទី​២​ធ្វើការ​ផាកពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ណា​ដែល​នាំ​ចូល ។

លោក​បានអោយ​ដឹង​ទៀត​ថា កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត​ចំពោះ​ការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​កមក​កែ​ច្នៃ​នៅ​កម្ពុជា​។ ព្រោះថា កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិទ្យា​ហួស​សម័យ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជា​និច្ច​នឹង​ការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែ​ច្នៃ​នៅ​កម្ពុជា ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រក​ឃើញ​កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ ដែល​មាន​ផ្ទុក​កាក​សំណល់​​សំរាម​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ដែល​នាំ​ចូល​មក​ពី​បរទេស ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ