ពលរដ្ឋ​សិង្ហ​បុរី​ម្នាក់​ចំណោម​៣​នាក់ មិន​ធ្វើការ​វិនិយោគ ភាគច្រើន​មិន​បាន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ចូល​និវត្តន៍​ទេ


សិង្ហ​បុរី ៖ ប្រជាជន​សិង្ហ​បុរី​ប្រមាណ​មួយ​ភាគ​បី មិន​ធ្វើការ​វិនិយោគ​ទេ ហើយ​ពួក​គេ​យល់​ឃើញ​ថា ការ​វិនិយោគ​ជា​ទម្រង់​នៃ​ល្បែងស៊ីសង បើ​ទោះជា​ភាគច្រើន​នៃ​អ្នកឆ្លើយ​តប​រក​ឃើញ​ថា ពួក​គេ​មិន​មាន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ពេល​ចូល​និវត្តន៍​ឡើយ ។

ដោយឡែក​ពាក់កណ្ដាល​នៃ​ពួក​គេ​ក្នុង​ចំណោម​ជំនាន់​ឪពុក​ម្ដាយ​នោះ​អ្នក​ដែល​មើលថែ​ឪពុក​ម្ដាយ​ចាស់​ៗ និង​កូន​ៗ​របស់​ពួក​គេ​ក្នុង​ពេល​តែ​មួយ​មានការ​តស៊ូ​ពុះពារ ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​សិង្ហ​បុរី​ជា​មធ្យម ។មាន​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ពី​ស​ន្ទ​ស្សន៍​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន OCBC ដែល​បាន​ធ្វើការ​ស្ទង់​មតិ​លើ​មនុស្ស​ពេញវ័យ ដែល​ធ្វើការ​ចំនួន​២,០០០​នាក់ នៅ​ប្រទេស​សិង្ហ​បុរី ដែល​មាន​អាយុ​ពី​២១ ទៅ​៦៥​ឆ្នាំ លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ។

ជា​សរុប ប្រទេស​សិង្ហ​បុរី​បាន​ទទួល​ពិន្ទុ​៦៣​ក្នុង​ចំណោម​១០០ នៅ​ក្នុង​ការ​ស្រាវជ្រាវ​ដំបូង​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ជនជាតិ​សិង្ហ​បុរី​បាន​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ប៉ុន្តែ​នៅ​តែ​ស្ថិត​នៅ​ពីក្រោយ​សូចនាករ​ភាគច្រើន ។មាន​សូចនាករ​ចំនួន​២៦ រួម​ទាំង​កត្តា​ដូច​ជា អត្រា​ទៀងទាត់​នៃ​ប្រាក់​សន្សំ ការ​វិនិយោគ គម្រោងការ​ចូល​និវត្តន៍​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ពេល​មាន​វិបត្តិ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា ប្រជាជន​សិង្ហ​បុរី​ភាគច្រើន​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​ដែល​ពួក​គេ​សន្សំ​ប្រាក់​ជា​មធ្យម​ចំនួន​២៦% នៃ​ប្រាក់ខែ​របស់​ពួក​គេ ហើយ​៨២% នៃ​អ្នកឆ្លើយ​សំណួរ​បាន​ទទួល​សេវា​ធានា​រ៉ាប់រង ។ ប៉ុន្តែ​ពួក​គេ​មិនសូវ​ចំណេញ​ច្រើន​ទេ នៅ​ពេល​មានការ​វិនិយោគ​នោះ ។ ៣៤% មិន​វិនិយោគ​ឡើយ ខណៈ​៣៦%​នៃ​វិនិយោគិន​បាន​ធ្វើការ​វិនិយោគ តែ​មិន​ចំ​គោលដៅ​ពួក​គេ​ទេ ។ ក្នុង​ចំណោម​អ្នក​ដែល​វិនិយោគ​មាន​២៧% ប៉ាន់​ស្មានថា អាច​ទទួល​បាន​មក​វិញ​លឿន ។ ពួក​គេ​ភាគច្រើន​មិន​បាន​គិតគូរ​ដល់​បញ្ហា​បន្ទាន់​ផ្នែក​ហិរញ្ញវត្ថុ​ទេ ហើយ​ក៏​មិន​មានការ​បាន​រៀបចំ​ផែនការ​សម្រាប់​ការ​ចូល​និវត្តន៍​ដែរ ។ ប្រហែល​ពាក់កណ្តាល​នៃ​ពួក​គេ​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​ក្នុង​ពេល​៦​ខែ ខណៈ​ដែល​សឹងតែ​៣​ភាគ​៤ មិន​បាន​ស្ថិត​នៅ​លើ​ផ្លូវត្រូវ​ជាមួយ​ផែនការ​ចូល​និវត្តន៍​របស់​ពួក​គេ​ឡើយ ។ អ្នកឆ្លើយ​តប​ប្រមាណ​៦៥% មិន​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួក​គេ បន្ទាប់​ពី​ចូល​និវត្តន៍​ទេ ។

ដោយឡែក អ្នក​ជំនាន់​ឪពុក​ម្ដាយ​វិញ​ត្រូវ​បាន​រក​ឃើញ​ថា មានការ​ព្រួយបារម្ភ​ខាង​ហិរញ្ញវត្ថុ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ផ្សេង​ទៀត ។ ចំនួន​៦៣% ត្រូវ​បាន​គេ​ព្រួយបារម្ភ​ថា ពួក​គេ​មិន​អាច​ចំណាយ​លើស​ពី​តម្រូវការ​ជា​មូលដ្ឋាន​របស់​ពួក​គេ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​សិង្ហ​បុរី​ជា​មធ្យម​នៃ​ចំនួន​៥១% ។ ចំនួន​ប្រមាណ​៧៤% នៅ​ក្នុង​ជំនាន់​ឪពុក​ម្ដាយ​ព្រួយបារម្ភ​ថា សេដ្ឋកិច្ច​នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ បើ​ប្រៀបធៀប​ទៅ​នឹង​មធ្យមភាគ​ជា​មធ្យម​នៃ​ចំនួន​៧០% ។ ការ​ស្ទង់​មតិ​នេះ​ក៏​បាន​រក​ឃើញ​ពី​នៃ​របៀប​ដែល​ក្រុម​ផ្សេង​ៗ​បាន​ប្រែប្រួល​នូវ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ជា​ពិសេស​ក្នុង​ស្ថានភាព​អាពាហ៍ពិពាហ៍ និង​យេ​ន​ឌ័​រ ។

ស្ត្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា មិន​ចង់​វិនិយោគ​ទេ ដោយ​៣៩% នៃ​ពួក​គេ មិន​មានការ​វិនិយោគ​ឡើយ បើ​ធៀប​ទៅ​នឹង​បុរស ដែល​មាន​ចំនួន​៣១% ។ ចំនួន​៦៩% នៃ​អ្នក​ដែល​រៀប​ការ​ហើយ​មានការ​វិនិយោគ​ផ្ទាល់ខ្លួន បើ​ធៀប​ទៅ​នឹង​ចំនួន​៦២% នៃ​អ្នក​ដែល​នៅ​លីវ ។

យោង​តាម​កញ្ញា Koh Ching Ching ប្រធាន​ផ្នែក​ប្រ៊ែ​ន និង​ទំនាក់ទំនង​របស់​ក្រុមហ៊ុន OCBC បានឱ្យ​ដឹង​ថា ការ​ស្ទង់​មតិ​លើ​បញ្ហា​ហិរញ្ញវត្ថុ គឺ​ធ្វើ​ឡើងជា​លើក​ដំបូង​នៅ​ប្រទេស​សិង្ហ​បុរី នៅ​លើ​វិសាលភាព​ទូលំទូលាយ​នៃ​ការ​យល់​ដឹង ។ កញ្ញា​បាន​និយាយ​ថា ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​គ្រោង​នឹង​ដាក់​ចេញ​នៅ​តាម​ទីផ្សារ​របស់ OCBC ជាមួយ​ហុងកុង ឬ​ម៉ា​ឡេ​ស៊ី ក្នុង​ផែនការ​បន្ទាប់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ