ខេត្តកំពត ៖ ទោះជាបែបណា បង្គារដែលចាក់រាយប៉ាយនៅលើដងផ្លូវជាតិ ត្រូវបានពលរដ្ឋដណ្ដើមគ្ នារើសយកទៅបរិភោគអស់ទៅហើយ ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រុស-ស្រី-ក្មេង-ចាស់ បាននាំគ្នារើសបង្គារដែលកំពប់រាយប៉ាយលើដងផ្លូវ ខណៈរថយន្តមួយគ្រឿងក្រឡាប់ចាក់ចោលបង្គាររាប់រយគីឡូក្រាម ពេលដឹកចេញពីព្រំដែនប្រទេសវៀតណាម ឆ្លងចូលទឹកដីស្រុកកំពង់ត្រាច បំណងដឹកបន្តទៅកាន់រាជធានីភ្នំពេញ ។

ករណីរថយន្តដឹកបង្គារក្រឡាប់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី១៤ ខែកក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៣១ មុខរោងចក្រភ្នំប្រាសាទ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ បន្ទាប់ពីមានឧប្បត្តិហេតុនេះ មានពលរដ្ឋជាច្រើននាក់ ខណៈឃើញបង្គារជិត១តោន ដែលបែកកេសក្លាស្សេខ្ទាតរាយប៉ាយ ម្នាក់ៗនាំគ្នារើសបង្គារយកទៅបរិភោគ ហើយក៏មានអ្នកខ្លះឡើង រើសតាំងពីយប់បានជាច្រើនគីឡូក្រាម រហូតយកទៅលក់ទៀតផង ។

រីឯនគរបាលប៉ុស្តិ៍អង្គសុរភី បានត្រឹមតែមកឈរមើលរថយន្តដឹកបង្គារដែលក្រឡាប់ដោយខ្លួនឯងនេះតែប៉ុណ្ណោះ មិនបានសួរនាំអ្វីទេ ។ ទោះជាយ៉ាងណា គេស្គាល់ថា រថយន្តដែលក្រឡាប់នេះដឹកបង្គារចេញពីប្រទេសវៀតណាម យកមកស្ដុកទុកនៅភូមិលក-ព្រែកចាក ក្នុងស្រុកកំពង់ត្រាច រួចហើយដឹកបន្តទៅរាជធានីភ្នំពេញ តែជាអកុសលស្រាប់តែក្រឡាបចាក់បង្គារចោលបែបនេះតែម្ដង ។

អ្នកបើកបររថយន្តខាងលើដែលមានវ័យក្មេង បាននិយាយប្រាប់ថៅកែបង្គារថា ពេលកំពុងបើកបរស្រាប់ តែមានរថយន្តពោងដឹកសុីម៉ង់ត៍ ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកចូលផ្លូវរបស់ខ្លួនពេញ បើមិនចៀសពិតជាគ្រោះថ្នាក់ ទើបខ្លួនបើកគេចក៏បណ្តាលឲ្យក្រឡាប់តែម្ដង ។ (សម្រួលដោយ៖ ស្រីណា)




ចែករំលែកព័តមាននេះ