រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តកូរ៉េដឹកមាន់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួចរថយន្តបង្កបានរ៉េចង្កូតបុកចូលសួនច្បារមុខភោជនីយដ្ឋានឫស្សីគុជ ដែលបិទទ្វារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ទល់មុខបន្ទាយទាហាន កងពលតូច ដឹកជញ្ជូនលេខ៩៩ ដែលស្ថិតនៅ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តកូរ៉េដឹកមាន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ ៣A -៧៦១៣ បើក ចំណែករថយន្ត សេរីទំនើប ម៉ាក វ៉ុលវ៉ាហ្គែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AD-២២២៣ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកមាន់ខាងលើ បើកបរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុ ដោយសារជាផ្លូវ កោង ហើយរថយន្តកូរ៉េដឹកមាន់បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់មករថយន្តកូរ៉េដឹកមាន់នោះបានរ៉េចង្កូតទៅខាងស្តាំជ្រុលទៅបុកចូល សួនច្បារឫស្សី មុខភោជនីយដ្ឋាន ឫស្សីគុជ បណ្តាលឱ្យរងការខូចខាតតិចតួច ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកូរ៉េដឹកមាន់បានសំរបសំរួលភ្លាមៗផងដែរ ដោយចេញថ្លៃជួសជុល រថយន្ត និងសងការខូចខាតទៅខាងភោជនីយដ្ឋានខាងលើភ្លាមៗផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ