ខេត្តកំពត ៖ ដោយមើលឃើញពីសក្ដានុពលលើវិស័យនានា នៅក្នុងខេត្តកំពតវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើន បានបោះទុនវិនិយោគ ជាបន្តបន្ទាប់ទៅលើវិស័យទេសចរណ៍ ជាក់ស្ដែងវិនិយោគិនក្នុងស្រុកមួយក្រុមបានបោះទុនវិនិយោគលើរីសតលំដាប់ផ្កាយ៣មួយកន្លែង ក្នុងស្រុកទឹកឈូខេត្តកំពត។
បើតាមលោក នួន អក អគ្គនាយកក្រុមហ៊ុនរីស៊ត ផ្កាឈូករត្ន័ដែលបានបោះទុនវិនិយោគនៅក្នុងខេត្តកំពត បានអោយដឹងនៅក្នុងពិធី ក្រុងពាលីបុកគ្រឹះសាងសង់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ថា ដោយសារតែខេត្តកំពត កំពុងតែខ្វះនូវបន្ទប់ស្នាក់នៅ រាល់ពេលដែលមានបុណ្យទានម្តងៗ ទើបលោក សម្រេចចិត្ត វិនិយោគសាងសង់ជារីសតបែបធម្មជាតិ ដែលក្នុងនោះមានទាំង សេវាស្នាក់នៅ កន្លែងកំសាន្តនានា ដែលសំបូរទៅដោយសួនផ្កាលំអ ដែលត្រូវបានរៀបចំ ឡើងដោយល្អប្រណីតទៅតាមទម្រង់នៃផ្កា និងស្លឹកឈូករត្ន័ពិតៗ ។

លោកបន្តថា រីសតទាំងមូល គ្របដណ្តប់ទៅដោយផ្ទៃទឹកប្រមាណ៧០ភាគរយ និងគ្របដណ្ដប់ទៅដោយបរិយាកាសធម្មជាតិស្រស់បំព្រង ខ្យល់បរិសុទ្ធ មានផាសុខភាព ជាទីរម្យនា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនថាគូរស្នេហ៍ ឬជាលក្ខណៈគ្រួសារ ដែលទៅលំហែរកាយនៅទីនោះ នឹងទទួលបានភាពសប្បាយរីករាយជាមួយធម្មជាតិ និងសុភមង្គលជាក់ជាមិនខាន ។

លោកបន្ថែមលោកនឹងអភិវឌ្ឍន៍ រីសតផ្កាឈូករត្ន័នេះ ទៅជារីសតដែលធំជាងគេនៅក្នុងខេត្តកំពត ដែលនឹងជួយអោយខេត្តកំពតទទួលបានភ្ញៀវទេសចរ មកស្នាក់នៅកាន់តែច្រើន និងយូរជាងមុន ហើយក្រៅពីនេះនឹងជួយ ដល់ប្រជាជននៅក្នុងសហគមន៍ នៅទីនេះមានការងារធ្វើ និងជីវភាពធូរធា ព្រោះតែផ្ទៃដីដែលត្រូវអភិវឌ្ឍន៍ មិនត្រឹមតែសម្រាប់រីស៊តប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តអភិវឌ្ឍន៍ តំបន់ទេសចរណ៍ ទាក់ទាញជាបន្តបន្ទាប់ ដោយបង្កើតជាផ្សារក្តាមអោយប្រជានេសាទ មានមុខរបរបន្ថែម រក្សាទម្រង់រស់នៅបែបធម្មជាតិរបស់ប្រជាពលរដ្ឋ ។ កាន់តែពិសេស លោកក៏នឹងបង្កើតអោយមានការដាំបន្លែធម្មជាតិ នៅលើផ្ទៃដីវិនិយោគនេះ ដែលនឹងផ្តល់ឪកាស ការងារ សម្រាប់ប្រជាពលរដ្ឋមានការងារធ្វើ ។

លោកស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរដែនដីនៅក្នុងខេត្តកំពត លោកនឹងជួយសម្រួលគ្រប់បណ្ដាវិនិយោគិននានាមកពីគ្រប់ទិសទី ដែលចូលមកវិនិយោគ នៅក្នុងខេត្តកំពត ក្នុងគោលបំណងលើកស្ទួយមុខមាត់ខេត្តអោយកាន់តែរីកចម្រើន និងជួយបង្កើនការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា រីសតផ្កាឈូករត្ន័ត្រូវចំណាយទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងប្រើពេលវេលាសាងសង់រយៈពេល៨ទៅ៩ខែតែប៉ុណ្ណោះ ។ បន្ទាប់ពីរួចរាល់ការសាងសង់ នឹងអាចជួយសម្រួលដល់ការខ្វះខាតបន្ទប់សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងខេត្តកំពតក៏ដូចជាខេត្តកែបជាដើម ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ