សាធារណរដ្ឋកូរ៉េ ៖ ពលករ និងសមាគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៣០០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់មីយាំង ខេត្តក្យង់សាងណាំដូ សាធារណរដ្ឋកូរ៉េ ដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីមុនបង្អស់ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។

កម្មវិធីនេះ ធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់មីយាំង និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអប អរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ។

កម្មវិធីនេះ មានការគាំទ្រ និងសហការដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង និងសមាគមយុវជនខ្មែរ តំបន់មីយាំង បានរៀបចំនូវកម្មវិធីសាសនា គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្តយ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម ។

បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ ក៏បានស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសារពីស្តង់ម្ហូបអាហារប្រមាណជាង៣០ស្តង់ ដែលជាអាហារខ្មែរផងដែរ ៕ អត្ថបទ៖ សហការ


ចែករំលែកព័តមាននេះ