ខេត្តកណ្តាល ៖ ខេត្តកណ្តាលមានឱកាសការងារជិត២ម៉ឺនកន្លែងសម្រាប់ផ្ដល់ជូនបងប្អូនប្រជា ពលរដ្ឋ ជាពិសេស អតីតពលករត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកណ្តាលមានឱកាសការងារចំនួន១៧,៥៩៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករដែលត្រឡប់មកកម្ពុជាវិញ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល ៕

ចែករំលែកព័តមាននេះ