សាធារណរដ្ឋកូរ៉េ ៖ ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង៥០០០នាក់ នាថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ នេះ បានចូលរួមគាំទ្រក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈដែលសហការរៀបចំដោយក្រសួងការងារ និងវិស័យឯកជនដើម្បផ្តល់ការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់ ។

នៅក្នុងមហាព្រឹត្តិការណ៍នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងមហាព្រឹត្តិការណ៍ការប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈ នៅសាលមហោស្រព SINTEX តំបន់ហ្វាសុង សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានរៀបចំវេទិកាសប្បុរសធម៌ក្នុងការកៀរគរជំនួយឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានផងដែរ ។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េទាំងអស់ផងដែរ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ និងត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ក៏ដូចជាវប្បធម៌រស់នៅរបស់ប្រទេសកូរ៉េ ឱ្យបានល្អប្រសើរ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។

លើសពីនេះ ឯកឧត្តមក៏បានណែនាំបងប្អូនឱ្យចេះចាប់យកប្រយោជន៍ជាអតិបរមាពីបទពិសោធនៃការស្នាក់នៅ និងធ្វើការនៅទីនេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងបច្ចេកវិទ្យាទំនើបៗ និងបទពិសោធការងារល្អៗ ទៅចូលរួមអភិវឌ្ឍប្រទេសជាតិនៅពេលត្រឡប់មកវិញ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ចំណេះជំនាញ និងទម្លាប់ការងារល្អៗទាំងនេះ នឹងក្លាយជា “ទុនវិនិយោគផ្នែកបញ្ញា” ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែ
រីកចម្រើនខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ៕ អត្ថបទ៖ សហការ



ចែករំលែកព័តមាននេះ