រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញមានឱកាសការងារជាង២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន២១,៩៥៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករដែលត្រឡប់មកកម្ពុជាវិញ និងអ្នកកំពុងស្វែងរកការងារធ្វើអាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យ ដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត ។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេស បងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល ៕ អត្ថបទ៖ សហការ
ចែករំលែកព័តមាននេះ