ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដោយទទួលបញ្ជាពីលោកឧត្តមសេនីយទោ ម៉ៅ
ចន្ទ័មធុរិទ្ធ ស្នងការខេត្ត កំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបានសហការជាមួយកំលាំងសន្តិសុខភ្នំបូកគោ ដឹកនាំដោយលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងសម្រួលនីតិវិធីដោយលោក ខាដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅទីតាំងមួយកន្លែងលើភ្នំបូកគោកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ លក ញ៉ាវ ដែលដឹកនាំកំលាំងទៅបង្ក្រាបបានប្រាប់ឱ្យដឹងថា ការចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀននេះគឺកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ និងដកហូតថ្នាំញៀនចំនួន១៤១កញ្ចប់ (ក្នុងនោះមានធំមួយកញ្ចប់)។
លោកវរសេនីយ៍ទោ លក ញ៉ាវ បានបន្តថា កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់នៅក្រុងកំពត លុះពេលធ្វើការសាកសួរ ទើបជនសង្ស័យម្នាក់នោះបានឆ្លើយសារភាពថា ខ្លួនទទួលថ្នាំញៀនពីមេធំចែកចាយនៅលើភ្នំបូកគោ បន្ទាប់មកកំលាំងសមត្ថកិច្ចបានសហការជាមួយកំលាំងសន្តិសុខលើភ្នំបូកគោដើម្បីចុះប្រតិបត្តិការបង្ក្រាបតែម្តង។
លោកវរសេនីយ៍ទោ លក ញ៉ាវ បានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៧នាក់រួមមាន ១-ឈ្មោះ ស កើន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ២-ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរ ខេត្តព្រៃវែង ៣-ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិបាកា ឃុំផ្សារអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់ ។
៤-ឈ្មោះ ហោម ចំរុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ៥-ឈ្មោះផល ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល ៦-ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ៧-ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ខាងត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ