រាជធានីភ្នំពេញ ៖ ឃាតករដៃដល់ ដែលបានកាប់ និងអារក សម្លាប់បុរសជាអ្នករើសអេតចាយ នៅក្នុងដីឡូតិ៍មួយកន្លែង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។
ឃាតកររូបនោះ ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ៣៩ឆ្នាំ ជាមនុស្សញៀនថ្នាំ មានលំនៅ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែរកន្លែងកើតហេតុ ។
តាមកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ឃាតកររូបនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចស្ពានទី១២ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ថា បុរសជាអ្នករើសអេតចាយម្នាក់ ត្រូវបានឃាតកររូបនោះ ចាប់អាករ និងកាប់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែង ចម្ងាយប្រមាណ៥ម៉ែត្រ ពីផ្លូវបេតុង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីភ្ញាក់ផ្អើល និងសាកសួរបំភ្លឺនៅកន្លែងកើតហេតុ សមត្ថកិច្ចបានកំណត់មុខសញ្ញាឃាតកររូបនោះ ជាមនុស្សញៀនថ្នាំ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ជនរងគ្រោះ សមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដែលគេសង្ស័យថា ជាព្រះសង្ឃក្លែងក្លាយ ដែលពេលថ្ងៃ ក្លែងជាសង្ឃ និមន្តបិណ្ឌបាតនិងយប់ជាអ្នករើសអេតចាយ ព្រោះនៅលើដងផ្លូវក្បែរនោះ សមត្ថកិច្ចរកឃើញមានរទេះអេតចាយមួយបានបន្សល់ទុក ហើយនៅកន្លែងកើតហេតុ មានស្បង់ជីវរផងដែរ ។
តាមព័ត៌មានបានឲ្យដឹងថា នៅព្រឹកនោះ មានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានចុះទៅដាំឈូកនៅក្បែរកន្លែងកើតហេតុ ហើយស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងស្មៅ ដោយមានស្នាមកាប់ និងអាករសម្លាប់ រួចរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ។
តាមអ្នកលក់ដូរ នៅក្នុងភូមិ បានអោយដឹងថា នៅវេលាម៉ោងប្រហែលជាង៧យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សប្រុសញៀនថ្នាំ ម្នាក់ឈ្មោះ សុង ដែលរស់នៅក្នុងភូមិបានមកទិញទឹកសុទ្ធ ហើយមានកាន់កាំបិតប៉័ងតោ ជាប់នឹងដៃ ហើយខ្លួនប្រាណប្រឡាក់ឈាមនិងដៃប្រឡាក់ឈាម រួចគេចទៅបាត់ ដោយពុំមាននរណាម្នាក់ចាប់អារម្មណ៍នោះទេ។ លុះព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើល ប្រទះឃើញសព ។
តាមការត្រួតពិនិត្យ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញមានស្បង់ជីវរ នៅក្បែរខ្លួនសព ស្មាឆ្វេងស្ពាយកាបូប ១ពណ៌-ក្រហម នៅក្នុងកាបូប មាននាឡិកាដៃ ២គ្រឿង, ភួយ១, កាំបិតប៉័ងតោ ដងឈើ១ និងរបស់របរប្រើប្រាស់មួយចំនួន ។
សពត្រូវឃាតករកាប់ក្បាល ចំនួន៣កន្លែង មានស្នាមអារកដាច់បំពង់ខ្យល់ បំពង់អាហារ និងមានស្នាមកាប់ត្រូវខ្នង, ដៃ, ជើង ជាច្រើនកាំបិត។ បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិនល្អន់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយការកាប់ក្បាល និងអារក ជាករណីឃាតកម្ម។ ទោះបីជាយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចពុំទាន់ផ្តល់ព័ត៌មានលម្អិតជុំវិញការឃាត់ខ្លួនឃាតកររូបនោះ នៅឡើយ ៕


ចែករំលែកព័តមាននេះ