ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៨នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធក្រុងច្បារមន នៃខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានខណៈដែលឃើញផ្លូវស្ងាត់ នាំគ្នាបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យទាំងកណ្តាលអាធ្រាត្រ។
ការបង្ក្រាបក្រុមក្មេងទំនើងធ្វើឡើងកាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នៅចំណុចរង្វង់មូលផ្លែស្ពឺ ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបាននិយាយឱ្យដឹងថា ក្រុមក្មេងទំនើងចំនួន៨នាក់ដែលធ្វើការឃាត់ខ្លួនបាននោះទី១~មានឈ្មោះ សុីម សុីង ភេទប្រុស អាយុ២២ឆ្នាំ ទី២~ឈ្មោះ ប៊ូ លីហុង ភេទប្រុស អាយុ ២០ឆ្នាំ ទី៣~ឈ្មោះ សុឺន សារីម ភេទប្រុស អាយុ១៧ឆ្នាំ ទី៤~ឈ្មោះ ទៀង សុផល ភេទប្រុស អាយុ២០ឆ្នាំ ទី៥~ឈ្មោះ ឆន រ៉ាយន់ ភេទប្រុស អាយុ១៩ឆ្នាំ ទី៦~ឈ្មោះ រ៉ង់ រតនះ ភេទប្រុស អាយុ១៩ឆ្នាំ ទី៧~ឈ្មោះ ខា លីហុង ភេទ ប្រុស អាយុ១៨ឆ្នាំ និងទី៨~ឈ្មោះ ឡូង សុភា ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង៨នាក់ខាងលើរស់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានបន្តឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើគឺ÷ដោយមានការណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយ ផ្ទាល់យ៉ាងយកចិត្តទុកដាក់និងមុឺងម៉ាត់របស់ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម ហើយក៏ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ជាក់ស្តែងកាលពីវេលាម៉ោង០៣និង១០នាទី ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម នៅចំណុចភូមិរង្វង់មូលផ្លែស្ពឺ ភូមិផ្សារចាស់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ក្រោយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើកម្លាំងជំនាញធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន០៤គ្រឿង÷ ទី១~ម៉ូតូម៉ាកស៊ុយសាគី និច( SUZUKI NEX) ស៊េរីឆ្នាំ២០២៥ពណ៌ក្រហម អត់មានផ្លាកលេខ ទី២~ម៉ូតូម៉ាកស៊ុយសាគីនិច( SUZUKI NEX) ស៊េរីឆ្នាំ២០២៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KA-7642 ទី៣~ម៉ូតូម៉ាកក្រូសូវើ( CROSSOVER)ស៊េរីឆ្នាំ២០២២ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1KT-2730និងទី៤~ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1LH-9922។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៨នាក់ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៤គ្រឿង យកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។
លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវឱ្យមានការសហការពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មានផ្សេងៗទាក់ទងទៅនឹងក្រុមក្មេងទំនើង ដើម្បីឱ្យការអនុវត្តន៍ភូមិឃុំមានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕






ចែករំលែកព័តមាននេះ