ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ​ ឆ្លៀត​ចម្លង​សោ​ទុក ពេល​ឱកាស​​ហុចឱ្យ​​ លួ.ច​ជិះ​យក​ទៅ​បាត់ ២​ថ្ងៃក្រោយ​អស់លក្ខណ៍

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ ហើយ​បែកគំនិត​ជា​ចោរ​ក៏​ឆ្លៀត​ចម្លង​សោ​ទុក​ជាប់​ខ្លួន លុះដល់​ពេល​ឱកាស​ហុច​ឲ្យ ឃើញ​ម្ចាស់​ទុក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​នៅ​ក្រោម​កែប រួច​ចូល​ទៅ​ធ្វើការ​រោងចក្រ​បាត់ ជន​នេះ​ក៏​យក​សោ​ដែល​ចម្លង​ទុក​នោះ​ទៅ​ចាក់​បើក​កែប​យក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ប្រគល់​ឲ្យ​សន្តិសុខ​យាម​រោងចក្រ រួច​លួច​យក​ម៉ូតូ​ខាងលើ​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក​ត្រូវ​អស់លក្ខណ៍…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ ហើយ​បែកគំនិត​ជា​ចោរ​ក៏​ឆ្លៀត​ចម្លង​សោ​ទុក​ជាប់​ខ្លួន លុះដល់​ពេល​ឱកាស​ហុច​ឲ្យ ឃើញ​ម្ចាស់​ទុក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​នៅ​ក្រោម​កែប រួច​ចូល​ទៅ​ធ្វើការ​រោងចក្រ​បាត់ ជន​នេះ​ក៏​យក​សោ​ដែល​ចម្លង​ទុក​នោះ​ទៅ​ចាក់​បើក​កែប​យក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ប្រគល់​ឲ្យ​សន្តិសុខ​យាម​រោងចក្រ រួច​លួច​យក​ម៉ូតូ​ខាងលើ​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក​ត្រូវ​អស់លក្ខណ៍ ព្រោះតែ​កាម​រ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​កន្លែង​កើតហេតុ​ថត​ជាប់​រូប​និង​សកម្មភាព​របស់​ជនសង្ស័យ​រូប​នោះ​យ៉ាង​ច្បាស់ បន្ទាប់​មក​ក៏​ត្រូវ​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន ព្រមទាំង​ដកហូត​ម៉ូតូ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ហ្វី​ត​លី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ឈ្មោះ​ផា​ន សិលា អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​«​ហ្វី​ត​លី​» ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​) ។ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ណា​ន មក​រា អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា មាន​ទី​នៅ​អចិន្ត្រៃយ៍​ភូមិ​សន្ទៃ ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់​នៅ បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៦ លេខ​តួ​+​លេខ​ម៉ាស៊ីន ០៣៩៣៧៨២ ពាក់​ស្លាក​លេខ ភ្នំពេញ 1MB-6425 ។

នគរបាល​ដដែល​បាន​ប្រាប់​បន្ត​ថា ជនសង្ស័យ​និង​ជន​រង​គ្រោះ​នោះ​គឺជា​មិត្តភក្ដិ​និង​គ្នា កន្លង​មក​ជនសង្ស័យ​ធ្លាប់​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ ហើយដោយ​សារ​តែ​ជា​មិត្តភក្ដិ​ជន​រង​គ្រោះ​បាន​ឲ្យ​ខ្ចី​ជិះ ពេល​នោះ​ជនសង្ស័យ​បែកគំនិត​ធ្វើ​ចោរ ក៏​បាន​លួច​ចម្លង​សោ​ទុក​ជាប់​ខ្លួន ។ រហូត​ដល់​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ​ខាងលើ លុះ​ពេល​ទៅ​ដល់​រោងចក្រ​សន្តិសុខ​បាន​ប្រគល់​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ចំនួន​២ សន្លឹក​ឲ្យ​ទៅ​ជន​រង​គ្រោះ បន្ទាប់​មក​ជន​រង​គ្រោះ​អត់​បាន​ទុក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ជាប់​ខ្លួន​នោះ​ទេ បែរជា​ទុក​នៅ​ក្រោម​កែបម៉ូតូ​ទៅ​វិញ រួច​ក៏​ចូល​ទៅ​ធ្វើការ​ធម្មតា ។

នគរបាល​ខាងលើ​ប្រាប់​បន្ថែម​ទៀត​ថា ដោយឡែក​ជនសង្ស័យ​បាន​តាម​មើល​សកម្មភាព​ជន​រង​គ្រោះ​មិ​នាក់​ភ្នែក ហើយ​បានដឹង​និង​បានឃើញ​ថា​ជន​រង​គ្រោះ​ទុក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​នៅ​ក្រោម​កែបម៉ូតូ​បែប​នេះ ជន​នោះ​អត់​ចូល​ធ្វើការ​ឡើយ ហើយ​ពេល​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​អគារ​រោងចក្រ​បាត់ ជនសង្ស័យ​ក៏​បាន​យក​សោ​ដែល​ចម្លង​ទុក​ជាប់​ខ្លួន​រហូត​មក​ចាក់​បើក​កែបម៉ូតូ​យក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​នោះ​ប្រគល់​ឲ្យ​សន្តិសុខ​រួច​លួច​យល​ម៉ូតូ​ខាងលើ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ខណៈនោះ​សន្តិសុខ​មិន​បានដឹង​ថា​ជនសង្ស័យ​ជា​ចោរ​នោះ​ទេ ព្រោះតែ​មាន​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​ត្រឹមត្រូវ លុះដល់​វេលា​ម៉ោង​ចេញពី​ធ្វើការ ជន​រង​គ្រោះ​បាន​ដើរទៅ​រក​ម៉ូតូ​ដើម្បី​ជិះ​ត្រលប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ ក៏​បាន​ទៅ​រាយ​ការ​ណ៏​ប្រាប់​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​នគរ​គ​របាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ទទួល​ពាក្យបណ្ដឹង និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​រហូត​ដល់​វេលា​ម៉ោង​១៥​និង ៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែធ្នូ ជន​រង​គ្រោះ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​កន្លែង​កើតហេតុ ។ ពេល​នោះ​ទើប​ដឹង​ថា ម៉ូតូ​នោះ​ត្រូវ​ជនសង្ស័យ​ជា​អ្នក​លួច បន្ទាប់​មក​នៅ​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​នគរបាល​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​ម៉ូតូ​ដែល​លួច​បាន​នោះ​នៅ​តាម​ផ្លូវ​បេតុង មុខ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​មក​ទៀត​បាន​នាំ​យក​ជន​នេះ​ទៅ​កន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com