នរណាក៏អាចចាប់ផ្តើមអាជីវកម្មបានដែរ ប៉ុន្តែការធ្វើឲ្យអាជីវកម្មមួយជោគជ័យ មិនមែនជាអ្វីដែលមនុស្សគ្រប់រូបអាចធ្វើបានទេ។ ជាទូទៅ មនុស្សយើងតែងតែគិតថា លុយគឺជាធនធានតែម្យ៉ាងប៉ុណ្ណោះ ដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើមអាជីវកម្ម។ យ៉ាងណាក្តី គំនិតនេះ មិនអាចជំរុញឲ្យអាជីវកម្មនេះបន្តដំណើរការបានយូរឡើយប្រសិនបើមិនមានធនធានសំខាន់ៗខាងក្រោមនេះទេ ៖
១-ការប្តេជ្ញា
សហគ្រិនដែលជោគជ័យ គឺជាមនុស្សដែលមានការប្តេជ្ញាខ្ពស់លើក្រុមហ៊ុន ឬអាជីវកម្មរបស់ពួកគេ។ អ្នកត្រូវតែត្រៀមចិត្ត និងកាយក្នុងការវិនិយោគកម្លាំងនិងស្មារតី ដែលខ្លួនមានលើអ្វីដែលអ្នកធ្វើ និងជឿជាក់លើផលិតផលឬសេវាកម្មដែលអ្នកផ្តល់ជូនអតិថិជន ព្រមទាំងខិតខំតស៊ូធ្វើការទាំងហត់នឿយពិតមែនក្តី។
អ្នកត្រូវចងចាំថា អ្នកប្រហែលជាត្រូវលះបង់ជាច្រើនដូចជាថ្ងៃឈប់សម្រាក ឬប្រាក់បៀវត្សរ៍ដើម្បីអាជីវ កម្មរបស់ខ្លួន។ ដូច្នេះអ្នកត្រូវសួរខ្លួនឯងថាអ្នកត្រៀមខ្លួនឬនៅក្នុងការប្តេជ្ញាផ្តោតស្មារតី និងលះបង់ដើម្បីអាជីវកម្មរបស់ខ្លួន?
២-ការអនុវត្តន៍
ប្រាកដណាស់គំនិត ក្នុងការបង្កើតអាជីវកម្មគឺសំខាន់ ប៉ុន្តែវាមិនអាចកើតមានឡើងទេប្រសិនបើមិនមានអ្នកអនុវត្តគំនិតនោះ ។ អាជីវករដែលជោគជ័យ គឺជាមនុស្សដែលគិតថា បញ្ហានីមួយៗដែលពួកគេជួបប្រទះ គឺគ្រាន់តែជាឧបសគ្គបណ្តោះអាសន្នប៉ុណ្ណោះ។ ពួកគេមិនងាយនឹងបោះបង់ចោលគំនិតអាជីវកម្មរបស់ពួកគេទេនិងព្យាយាមស្វែងរកដំណោះស្រាយឬវិធីផ្សេងៗក្នុងការអនុវត្តគម្រោងអាជីវកម្មរបស់ខ្លួន។
៣-ចំណេះដឹងអាជីវកម្ម
មនុស្សជាច្រើន បានចាប់ផ្តើមអាជីវកម្មដោយមិនព្យាយាមសិក្សាស្វែងយល់ពីការធ្វើអាជីវកម្មជាមុនសិន។ ដើម្បីចាប់ផ្តើមអាជីវកម្មមួយ អ្នកត្រូវតែយល់ដឹងពីផ្នែកផ្សេងៗគ្នានៃអាជីវកម្មនោះ ឬបានធ្វើការស្រាវ ជ្រាវដើម្បីរកមនុស្សដែលមានជំនាញគ្រប់គ្រាន់ដែលអ្នកខ្វះខាត។
ឧទាហរណ៍ ដូចជា ប្រសិនបើអ្នកមិនពូកែក្នុងផ្នែកចាត់ចែងគណនេយ្យ អ្នកអាចស្វែងរកអ្នកដែលមានជំនាញច្បាស់លាស់ដើម្បីឲ្យជួយអ្នកបាន។ ពេលដែលអ្នកបង្កើតគម្រោងអាជីវកម្ម កត្តាមួយសំខាន់គឺស្វែងយល់ពីជំនាញនិងចំណេះដឹងរបស់អ្នក ។ តើអ្នកមានសមត្ថភាពក្នុងការចាត់ចែងការងារណាមួយក្នុងអាជីវកម្មរបស់អ្នក ហើយអ្នកត្រូវការជំនួយពីក្រៅក្នុងផ្នែកណាខ្លះ?
លើសពីនេះទៅទៀត ចំណេះដឹងផ្នែកលក់និងទីផ្សារ ក៏មានសារសំខាន់ដែរ។ អ្នកគួរតែដឹងថា ដៃគូប្រកួត ប្រជែងរបស់អ្នកជាអ្នកណា? តើអ្នកអាចផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកបែបណាដើម្បីឲ្យមានភាពទាក់ទាញជាងដៃគូប្រកួតប្រជែងជាដើម។
ភាពជោគជ័យនៃអាជីវកម្មរបស់អ្នកពិតជាពឹងផ្អែកខ្លាំងទៅលើចំណេះដឹង ដែលអ្នកមាននិងការស្រាវជ្រាវផ្សេងៗ ដែលអ្នកបានធ្វើឡើងដើម្បីយល់ដឹងបន្ថែមពីអាជីវកម្មនេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ