លួច​​គាស់​​ដើម​ធ្នង់​​…សង្ស័យ​​មាន​បារមី​​​​​​


រាជធានី​ភ្នំពេញ ៖ ឈើ​ធ្នង់​១​ដើម​ដែល​អ្នក​ភូមិ​អះអាង​ថា​ជាទី​កន្លែង​អាស្រ័យ របស់​«​អ្នកតា​ធ្នង់​» ដែល​ពួក​គាត់​បាន​នាំ​គ្នា​ថែរក្សា និង​តែងតែ​គោរព​បូជា ធ្វើ​ពិធី​តាម​បែប​ព្រហ្មញ្ញសាសនា មិន​ហ៊ាន​ប្រមាថ​រាប់​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ជន​៥​នាក់​បាន​លួច​គាស់ ហើយ​បើករថយន្ត​ស្ទូច​លើកដាក់​បម្រុង​បើក​ចេញ​ទៅ​ហើយ តែ​ប្រហែលជា​បារមី​អ្នកតា​ធ្នង់​ពូកែ​សក្តិ​សិទ្ធិ ស្រាប់តែ​រថយន្ត​ហើប​កង់​មួយ​ចំហៀង បើក​ចេញ​អត់​រួច ខណៈ នោះ​អ្នក​ភូមិ​ដែល​ដឹកគោ​ទៅ​ចង​ឲ្យ​សុ​ី​ស្មៅ​ប្រទះ​ឃើញ ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ស្ថិត​នៅ​តាម​ភ្លឺស្រែ ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ជនសង្ស័យ​ទាំង​៥​នាក់​១-​ឈ្មោះ ធិ រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថ យន្ត ២-​ឈ្មោះ តូច សន អាយុ​២១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត ៣-​ឈ្មោះ រឿ​ន សម្បត្តិ អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ ឃុ​ត អុ​ី​ប៉ា​ង អាយុ​២៣​ឆ្នាំ និង​៥-​ឈ្មោះ សុទ្ធ សា​រ៉ា អាយុ​១៩​ឆ្នាំ ។ ទាំង​៥​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​អា​ជាំ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ក្រោយ​ការ​ចាប់ខ្លួន​នគរបាល​បាន​ដកហូត​សម្ភារ​សម្រាប់​កាប់​គាស់ដើមឈើ រួម​ជាមួយ​រថយន្ត​ស្ទូច​១​គ្រឿង ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0627 ដែល​ជា​រថយន្ត​សម្រាប់​ដឹក​ដើម​ធ្នង់​ដែល​លួច​គាស់​បាន​នេះ ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ឈើ​ធ្នង់​១​ដើម​នេះ​មាន​អាយុ រាប់​សិប​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​ពួក​គាត់​កើតមក​ដឹងក្ដី ខ្លះ​អាយុ​៧០​ឆ្នាំ​ប្លាយ​ទៅ​ហើយ គឺ​ឃើញ​ដើម​ធ្នង់​នេះ​និង​ឃើញ​តែ​អ្នក​ភូមិ​ទៅ​គោរព​បូជា​ធ្វើ​ពិធី​សាសនា​តាម​ជំនឿ​ផ្សេង​ៗ ព្រោះ​ទីនោះ​មាន​ខ្ទម​អ្នកតា​មួយ ឈ្មោះ​«​អ្នកតា​ធ្នង់​» ។ មិនតែប៉ុណ្ណោះ​មិន​ដែល​មាន​នរណា​ម្នាក​ហ៊ាន​ទៅ​ប៉ះពាល់​ឬ​ប្រមាថ​ឡើយ ហើយ​អ្នក​ភូមិ​ទាំងអស់​បាន​នាំ​គ្នា​ថែរក្សា​រហូត​មក ។ មិន​នឹក​ស្មានថា នៅ​សុខ​ៗ​បែរជា​ជន​ទាំង​៥​នាក់​ខាងលើ​នាំ​គ្នា​ទៅ​លួច​គាស់ ប្រុង​ដឹក​ចេញ ព្រមទាំង​បំផ្លាញ​ខ្ទម​អ្នកតា​ខ្ទេចខ្ទី​បែប​នេះ​សោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៩ កក្កដា ពួក​គាត់​បានឃើញ​រថយន្ត​ស្ទូច​១​គ្រឿង​ខាងលើ​បាន​បើក​ចូល​ទៅ​កាន់​ទីតាំង​ដើម​ធ្នង់​នោះ​ដែរ បន្ទាប់​មក​ក៏​បាន​បើក​ចេញ​ទៅ​វិញ​បាត់ ។ ពួក​គាត់​មិន​បានដឹង​ថា ក្រុម​ជន​ទាំងនេះ​មាន​បំណង​គាស់​យក​ដើម​ធ្នង់​បែប​នេះ​ទេ ទើប​គ្មាន​ការ​ចាប់អារម្មណ៍​និង​តាម​ឃ្លាំមើល ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ កក្កដា ខណៈ​ដែល​ពួក​គាត់​ដឹកគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ស្រាប់តែ​ប្រទះ​ឃើញ​ដើម​ធ្នង់ ស្ថិត​នៅ​លើ​រថយន្ត​ស្ទូច​ដែល​បះ​កង់​មួយ​ចំហៀង ដែល​តាម​ជំនឿ​គឺ​ត្រូវ​បារមី​អ្នកតា​ចាប់​លើក​បំបាស់​មិន​ឲ្យ​ដឹក​ចេញ​បាន និង​ឃើញ​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ស្ថិត​នៅ​ក្បែរ​រថយន្ត​នោះ ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ពងទឹក​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ទាំង​៥​នាក់​នាំ​ទៅ​សាកសួរ​តែ​ម្ដង ។

អ្នក​ភូមិ​បាន​និយាយ​តាម​បែប​ជំនឿ​ថា ទីតាំង​អ្នកតា​ដើម​ធ្នង់​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ដែល​ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​តែង​ធ្វើ​ពិធី​ផ្សេង​ៗ​ដូច​ជា​បន់ស្រន់​សុំ​ទឹកភ្លៀង ដើម្បី​បង្កបង្កើន​ផល​នា​ដើមរដូវ​វស្សា ឬ​បន់ស្រន់​ពេល​មាន​ជំងឺ​ជាដើម ។ អ្នក​ភូមិ​ថា មិនតែប៉ុណ្ណោះ​យប់​ឡើង​មិន​ដែល​មាន​នរណា​ហ៊ាន​ទៅ​ជិត​ទេ ព្រោះ​ល្បី​ថា​មាន​ខ្មោចលង​បំពេរ​កូន ឬ​មាន​ពស់​អ្នកតា​តែង​បង្ហាញខ្លួន​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ។ លុះដល់​ពេល​នេះ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​នាំ​គ្នា​កាប់​គាស់​ខ្ទេចខ្ទី​ថ្វី​ដ្បិតតែ​ពួក​នោះ​អត់​មាន​បញ្ហា​អ្វី​កើតឡើង​លើ​ខ្លួន ប៉ុន្តែ​នៅ​សុខ​ៗ​រថយន្ត​បះ​កង់​មួយ​ចំហៀង​បើក​ចេញ​មិន​រួច​ហើយ​ក៏​ត្រូវ​ចាប់ខ្លួន​ទាំងអស់ ។

ដោយឡែក​លោក សាន់ ឈូ ដែល​ជា​មេ​ភូមិ​ស្រែ​ញរ បាន​មាន​ប្រសាសន៍​ថា តាំងពី​ដើម​មក​ឃើញ​តែ​ដើម​ធ្នង់​នេះ​ដុះ​នៅ​ទីនោះ​រហូត ហើយ​អ្នក​ភូមិ​តែងតែ​នាំ​គ្នា​គោរព​អ្នកតា​នៅ​ទីនោះ និង​ដាក់​ឈ្មោះ​ថា​«​អ្នកតា​ធ្នង់​» ព្រមទាំង​នាំ​គ្នា​ធ្វើ​ជា​ខ្ទម​ឈើ​ប្រក់​ស័ង្កសី ។ លុះ​ក្រោយ​ៗ​មក​បាន​នាំ​គ្នា​ទិញ​ខ្ទម​ថ្ម​របៀប​ដូច​រាន​ទេវតា ទៅ​ដាក់​ថ្វាយ​ដល់​អ្នកតា​ដើម​ធ្នង់​ថែម​ទៀត​ផង ។

គាត់​ថា​កន្លង​មក​អ្នក​ភូមិ​តែង​បែរបន់​អ្នកតា​ធ្នង់​សុំ​សេចក្ដី សុខ​ផ្សេង​ៗ ដូច​ជា​អ្នក​ទៅ​ធ្វើស្រែ​នៅ​ជិត​នោះ ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ​បាន​បន់​សុំ​កុំ​ឲ្យ​មាន​រន្ទះ​ជាដើម ។ ជាង​នេះ​ទៀត​នៅ​រៀងរាល់ថ្ងៃ​សីល​តែង​នាំ​គ្នា​យក​របស់របរ​ផ្សេង​ៗ​ទៅ​សែន​ថ្វាយ​ដល់​អ្នកតា​ដើម​ធ្នង់​នេះ​ថែម​ទៀត​ផង គឺ​ពួក​គាត់​គោរព​ណាស់ ។ ហើយ​ចំពោះ​ថា​មាន​ខ្មោចលង​លោក​មិន​ធ្លាប់​បានដឹង​ទេ ប៉ុន្តែ​បើ​ធ្លាប់​ឮ​គឺ​អ្នក​ភូមិ​និយាយ​ត​ៗ​គ្នា​ថា​មាន​ប្រទះ​ឃើញ​ពស់​អ្នកតា​បង្ហាញខ្លួន ប៉ុន្តែ​អ្វី​ទាំង​អស់នេះ​លោក​មិន​ធ្លាប់​បានឃើញ​ផ្ទាល់​ភ្នែក​ឡើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ពងទឹក​មួយ​ជំហាន រួច​ទើប​ប្រគល់​ទាំង​រថយន្ត​ស្ទូច​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ និង​ដើមឈើ​ធ្នង់​នេះ​ផង​ទៅ​កាន់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដង្កោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ