ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ប​ញ្ជូ​ល​ប្រាសាទ​កោះកែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​កំពុង​រៀបចំ​កែសម្រួល និង​កំណត់​ឡើង​វិញ​នូវ​តំបន់​ការពារ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​កោះកែរ ដូច​ជា ការ​កំណត់​ផ្នែក​បុរាណវិទ្យា បរិស្ថាន ភូមិសាស្ត្រ និង​សហគមន៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​កំពុង​រៀបចំ​កែសម្រួល និង​កំណត់​ឡើង​វិញ​នូវ​តំបន់​ការពារ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​កោះកែរ ដូច​ជា ការ​កំណត់​ផ្នែក​បុរាណវិទ្យា បរិស្ថាន ភូមិសាស្ត្រ និង​សហគមន៍​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ស្នើ​សុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ ដាក់​ប​ញ្ជូ​ល​ប្រាសាទ​កោះកែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១១​នៃ​ប្រាសាទព្រះវិហារ ដែល​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ លោក គី​ម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​មានការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​កំណត់​តំបន់​ការពារ​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ដែល​មាន​សក្តានុពល​ផ្នែក​បុរាណវិទ្យា បរិស្ថាន ភូមិសាស្ត្រ និង​សហគមន៍ ឲ្យ​បាន​ច្បាស់លាស់ សម្រាប់​ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​សុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ដាក់​ប​ញ្ជូ​ល​ប្រាសាទ​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ​លោក ផេង សំ​អឿ​ន ប្រធាន​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​បាន​លើក​ឡើង​ថា នៅ​តំបន់​ប្រាសាទ​កោះកែរ​នេះ​តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​មាន​ប្រាសាទ និង​បូជនីយដ្ឋាន​ចំនួន​១២៧​ទីតាំង ក្នុង​នោះ​ប្រាសាទ​ដែល​មាន​រូបរាង​នៅ​ឈរ​មាន​ប្រមាណ​ជា​៥០​ប្រាសាទ​ដល់​ទល់​ពេល​នេះ​ប្រាសាទ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​កម្សាន្ត​បាន​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​កោះកែរ​នេះ​មាន​តែ​៣០​ប្រាសាទ​ប៉ុណ្ណោះ ។ លោក​ថា ប្រាសាទ និង​បូជនីយដ្ឋាន​បុរាណ​ផ្សេង​ៗ​មួយ​ចំនួន​បន្សល់​តែ​ស្លាកស្នាម គ្រឹះ​ប្រាសាទ​តែ​ប៉ុណ្ណោះ ដោយឡែក​ប្រាសាទ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រៃ​ជ្រៅ បច្ចុប្បន្ន​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​កំពុង​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ជាប់​ជា​ប្រចាំ ។

លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​ប្រសាសន៍​ថា នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​រៀបចំ​ឯកសារ​បច្ចេកទេស និង​ឯកសារ​គតិ​យុ​ត្ត​នានា​ធ្វើការ​ស្នើ​សុំ​ចុះបញ្ជី​ប្រាសាទ​កោះកែរ ដែល​ជា​អតីត​រាជធានី​បុរាណ​របស់​ខ្មែរ ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

តែ​ទោះជា​បែប​នេះ​ក្តី​លោក​រដ្ឋលេខាធិការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​គ្រប់​ទ​ង្វើ​បំផ្លាញ​ប្រាសាទ ការ​លួច​វត្ថុ​បុរាណ ការ​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​អភិរក្ស ការ​បំផ្លាញ​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​ជាដើម​ធ្វើ​យ៉ាងណា​រក្សា និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​តំបន់​បេតិកភណ្ឌ​នៅ​ក្នុង​ខេត្តព្រះវិហារ​កាន់តែ​ច្រើន​ថែម​ទៀត ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ