ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​លោកតា​សួង «​ទេវតា​លើ​ដី​» ជន​ជាតិ​​ថៃ​គោរព​ដូច​អាទិទេព

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តព្រះវិហារ​៖ លោកតា​សួង ត្រូវ​មហាជន​ដាក់​រហស្សនាម​ឲ្យ​ថា «​ទេវតា​លើ​ដី ឬ​ទេវតា​លេង​ដី​» ដ្បិត​គាត់​តែងតែ​ជួយ​ព្យាបាល​មនុស្សលោក​ទូទៅ​តាម​តំបន់​ជនបទ​ព្រៃ​ភ្នំ​គ្រប់​ទីកន្លែង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ។ លោក​ឪ សួង ឬ​លោកតា​សួង…

ខេត្តព្រះវិហារ​៖ លោកតា​សួង ត្រូវ​មហាជន​ដាក់​រហស្សនាម​ឲ្យ​ថា «​ទេវតា​លើ​ដី ឬ​ទេវតា​លេង​ដី​» ដ្បិត​គាត់​តែងតែ​ជួយ​ព្យាបាល​មនុស្សលោក​ទូទៅ​តាម​តំបន់​ជនបទ​ព្រៃ​ភ្នំ​គ្រប់​ទីកន្លែង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ។
លោក​ឪ សួង ឬ​លោកតា​សួង គឺជា​កូន​របស់​លោកតា​ឈួ​ន និង​លោកយាយ​ស៊ន ដែល​ជា​អ្នកស្រុក​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ​។ លោកតា​ឈួ​ន ដែល​ជា​ឪពុក បាន​អនិច្ចកម្ម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។ លោកតា សួង កើត​នៅ​ភូមិ​គូលែន ស្រុក​គូលែន​ព្រហ្ម​ទេព នៃ​ខេត្តព្រះវិហារ មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់​។

កាលពី​អាយុ​១០​ឆ្នាំ កុមារ​សួង តែងតែ​សុំ​ឪពុក​ម្តាយ​ទៅ​បួស តែ​ដោយ​ឃើញ​កុមារ សួង នៅ​តូច​ពេក ឪពុក​ម្តាយ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ទៅ​បួស​ទេ ។ លុះ​កុមារ​សួង អាយុ​១៥​ឆ្នាំ ឪពុក​ម្តាយ​ក៏​បាន​អនុញ្ញាត​ឲ្យ​ទៅ​បួស​ជា​សាម​ណរ និង​ជា​ភិក្ខុ នៅ​វត្ត​គូលែន​ព្រហ្ម​ទេព​។ ក្រោយមក​ភិក្ខុ​សួង បាន​ចាក​ចេញពី​វត្ត ទៅ​ធ្វើ​ធុតង្គ​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ ។

ពេលវេលា​បាន​អូស​បន្លា​យមក​ប្រមាណ​២០​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​១៩៧០ លោកតា​សួង (​បាន​ក្លាយជា​សេនា​ដៃ​ឆ្វេង​) រួម​ជាមួយ​គ្រូ​ក្មេង ឬ​សេនា​ដៃស្តាំ (​ជំនាញ​ខាង​យោធា​) បាន​ចុះ​មក​បង្ហាញខ្លួន​ជា​លើក​ដំបូង នៅ​ក្នុងភូមិ​កំណើត​របស់​លោក ដើម្បី​ទៅ​ថ្វាយបង្គំ​ឪពុក​ម្តាយ និង​សួរសុខទុក្ខ​ញាតិ​ញោម ។

ជា រឿយ​ៗ លោកតា តែង​និមន្ត​ទៅ​ប្រោសសត្វ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​ខ្មែរ​បច្ចុប្បន្ន និង​ទឹកដី​ខ្មែរ​កាលពី​អតីត (​ជា​ពិសេស​នៅ​ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ​)​។ នៅ​ពេល​ស្លៀក​ស​ពាក់​ស លោកតា គឺជា​តាបស នៅ​ពេល​ស្លៀក​ស្បង់​ចីវរ លោកតា​គឺជា​លោក​ធុតង្គ ។ ជនជាតិ​សៀម និង​ខ្មែរ​នៅ​តំបន់​នោះ​គោរព​លោកតា​ណាស់ ដោយ​គេ​តែងតែ​ហៅ​លោកតា​ថា «​ទេវតា​លើ​ដី ឬ​ទេវតា​លេង​ដី​» ។ សូ​ម្បី​តែ​ស្តេច​សៀម​ក៏​គោរព​លោក​ដែរ ពីព្រោះ​លោកតា សួង បាន​មើលជំងឺ​បុត្រី​ស្តេច​សៀម​ឲ្យ​បានជា បន្ទាប់​ពី​វេជ្ជ​ណ្ឌិ​ត​អា​ល្លឺ​ម៉​ង់​មិន​អាច​មើល​ជា ។

លោកតា​ចេះ​យ៉ាង​ច្បាស់លាស់​នូវ​វិជ្ជា​ព្យាបាល​ជម្ងឺ​ដោយ​ប្រើ​តេជោធាតុ ឬ​ថាមពល​នុយ​ក្លេ​អែរ​ក្នុង​រុក្ខជាតិ ដែល​ជា​មរតក​របស់​អ្នកប្រាជ្ញ​ខ្មែរ​តាំងពី​សម័យ​អង្គរ ។ លោកតា​តែង​ប្រើ​វិជ្ជា​នេះ​ដើម្បី​សង្គ្រោះ​ជនជាតិ​ខ្មែរ និង​មនុស្ស​ទូទៅ មាន​ជនជាតិ​សៀម​ជា​ច្រើន ចង់​រៀន​វិជ្ជា​ពី​លោកតា ប៉ុន្តែ​វិជ្ជា​នេះ​អាច​បង្រៀន​បាន​ទាល់​តែ​អ្នក​នោះ​មាន​ចេ​តោ​ញាណ បេះដូង ជា​ពូជពង្ស​ខ្មែរ ទើប​អាច​មាន​និស្ស័យ​រៀន​បាន ។

លោកតា​បាន​ចូល​សមាបត្តិ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​១៩៩៩ ត្រូវ​នឹង​ព​.​ស​២៥៤៣ ។ សព្វថ្ងៃ​ព្រះ​រូប​របស់​លោកតា​ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​ផៃ​ផាត់​តា​ណា ស្រុក​ភូ​ស៊ិ​ង ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។ ជា​រៀង​រាល់​ឆ្នាំ គេ​ត្រូវ​បើក​មឈូស កោរសក់ និង​កាត់​ក្រចក​ចេញ ដោយ​ដួង​ព្រលឹង​របស់​លោកតា​២​ភាគ​១០ នៅ​តាម​សណ្ឋិត​សិស្សគណ និង​ជួយ​សង្គ្រោះ​ដល់​ជនជាតិ​ខ្មែរ និង​មនុស្ស​ទូទៅ ។

នា​ឆ្នាំ​មួយ​នៅ​ពេល​បើក​មឈូស​ឆ្នាំ​បាន​កើត​អព្ភូតហេតុ​បិទ​គម្រប​វិញ​មិន​ជិត​សោះ ក្រោយ​បាន​កាត់​ក្រចក កោរសក់ ផ្លាស់​ប្តូរ​ស្បង់​ចីវរ​ថ្មី​រួចរាល់ ។

ដូច្នេះ​ហើយ​បាន​និមន្ត​សម្តេចព្រះសង្ឃរាជ​ទេព វង្ស ពី​ប្រទេស​កម្ពុជា​ទៅ​ជួយ​សូត្រ​មន្ត អធិដ្ឋាន​ដាស់​រំលឹក​ធម៌​ដើម​កំណើត​ខ្មែរ ព្រោះ​លោកតា​ឪ​សួង មាន​ដើម​កំណើត​ជា​ខ្មែរ ទើប​ក្នុង​ពេល​ក្រោយ​នោះ​៣​នាទី មេឃ​ខ្មៅ​ងងឹត ភ្លៀង ផ្គរ​រន្ទះ ក៏​បាន​រសាត់​ជ្រះស្រឡះ ភ្លាម​ៗ ។

អព្ភូតហេតុ​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន និង​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ថៃ​កាន់តែ​មាន​ជំនឿ​លើ​បារមី​របស់​លោក​តា​សួង​បន្ថែម​ទៀត ។ សព្វថ្ងៃ​ព្រះ​រូប​របស់​លោកតា​ពូកែ​សក្តិ​សិទ្ធិ​ខ្លាំង​ណាស់ ជនជាតិ​ថៃ​គោរព​បូជា ដូច​ជា​ព្រះ​អាទិទេព ដោយ​បាន​សរសេរ​ពាក្យស្លោក​ថា «​ទេវតា​ដើរ​ដី​», (​រុក្ខជាតិ​ល្អ និង​ដី​ល្អ​)…​។

លោកតា​សួង មាន​សិស្ស​ប្អូន​មួយ​អង្គ​កំពុង​នៅ​មាន​ព្រះ​ជន្ម​នៅឡើយ ព្រះ​នាម​លោកតា​សាន សព្វ​ថ្ងៃនេះ​គង់នៅ​វត្ត​ទឹក​ជុំ នៃ​ប្រទេស​កម្ពុជា​។ អ្នកស្រុក​ភ្នំ​គូលែន ភ្នំ​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ តែងតែ​ណែ​នាំ​កូនចៅ ទៅ​គោរព​នឹក​គុណ​ដល់​លោកតា សួង អ្នក​សច្ចំ​ភ្នំ​ត្បែងមានជ័យ ស្រុក​គូលែន ខេត្តព្រះ​វិហារ និង​សូម​ឲ្យ​លោកតា​ជួយ​តាម​ថែរក្សា​ជនជាតិ​ខ្មែរ និង​ប្រទេស​កម្ពុជា ឱ្យ​ជួប​តែ​សេចក្ដីសុខ​សេចក្តីចម្រើន​ជា​រៀងដរាប​តរៀង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ