ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់​ជួប​គ្រោះ​អកុសល​ក្នុង​ថ្ងៃ​តែ​មួយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មួយ​ករណី​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​ពេល​ជន​រង​គ្រោះ​រត់​ឆ្លងផ្លូវ ។ ចំណែក​មួយ​ករណី​ទៀត​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ត្រូវ​បាន​គេ​សង្ស័យ​ថា…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មួយ​ករណី​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​ពេល​ជន​រង​គ្រោះ​រត់​ឆ្លងផ្លូវ ។ ចំណែក​មួយ​ករណី​ទៀត​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ត្រូវ​បាន​គេ​សង្ស័យ​ថា ស្ត្រី​រង​គ្រោះ​ដើរ​តាម​ផ្លូវ​នៅ​ពេល​យប់​ហើយ​ក៏​ត្រូវ​ម៉ូតូ​បុក បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​បែប​នេះ​។

ករណី​ទី​១-​ក្មេង​ស្រី​ម្នាក់​សង្ស័យ​រត់​ឆ្លងផ្លូវ​ហើយ​ត្រូវ​រថយន្ត​បុក បណ្តាល​ឱ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុ​ កាលពី​វេលា​ម៉ោង​៤​និង​២៦​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លាវ លី​ន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៧៧៣២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ធុន​ដ្រា ពណ៌​ស បើកបរ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ក្មេង​ស្រី​រង​គ្រោះ​ដែល​កំពុង​រត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​ក្មេង​ស្រី​រង​គ្រោះ​រត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ចំណែក​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន ក្នុង​ទីប្រជុំជន ។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឱ្យ​ចូល​មក​ដោះស្រាយ​តាម​ច្បាប់​។

ករណី​ទី​២-​ប្រជាពលរដ្ឋ​បាន​ប្រទះ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវ​៧ មក​រា ខាងកើត​វត្ត​ភ្នំ​បាក់​លើ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដី​ឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បាន​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​ក្នុង​ថ្លុកឈាម ដោយ​ឃើញ​មាន​របួស​បែកក្បាល និង​រយះ​ដៃ​ខាងឆ្វេង ដែល​សង្ស័យ​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក ព្រោះ​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​កញ្ចក់​ម៉ូតូ​សម្រាប់​មើល​ក្រោយ​ចំនួន​១, ស្បែកជើង​ខាងឆ្វេង​ម្ខាង និង​មាន​ស្នាម​អូស​នៅ​លើ​ផ្លូវ​ជា​ច្រើន​ម៉ែត្រ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​មនុស្ស​វិកល​ច​រិ​ក លុះ​ពេល​ដើរ​តាម​ផ្លូវ​ពេល​យប់ សង្ស័យ​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ដឹក​យក​មក​តម្កល់​ទុក នៅ​វត្ត​វត្ត​ចម​សុទ្ធាវាស ហៅ​វត្ត​ស្វាយ​ចាស់ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ