រាជធានីភ្នំពេញ ៖ រថយន្ដទ្រុងម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញសំពីងសំពោងមួយបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ផ្ងារជើងទាំងព្រឹក តែសំណាងមិនមានអ្នករបួសឡើយ ។ គ្រោះថ្នាក់នោះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកក្កដានេះ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តដែលក្រឡាប់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z -5402 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងរួមដំណើរដោយមនុស្ស២នាក់ទៀត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ។ ដោយសាតែរថយន្តនោះដឹកទឹកថ្នាំលៀបតុទូសំពីងសំពោង ហើយត្រង់ចំណុចនោះផ្លូវកោងក៏បានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ និងធ្លាក់ជង្ហុកបណ្តាលអោយក្រឡាប់ដេកស្តូកតែម្តង ។
បន្ទាប់ពីគ្រោះថ្នាក់គេឃើញ អ្នកបើកបរព្រមទាំងអ្នករួមដំណើរបានវារចេញ ដោយពុំមានរងរបួសឡើយ ។ ភ្លាមៗនោះនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ។ ដោយសារតែពុំមានអ្នករងរបួស និងពុំបង្កអោយប៉ះពាល់ម្ចាស់រថយន្តបានហៅរថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ