រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿន ហើយ ទាញចង្កូតគេចរថយន្តមួយគ្រឿងដែលបើកឆ្លងផ្លូវ ហើយជ្រុលចង្កូតបុករះចូលអាហារដ្ឋានម៉ូណា បណ្តាលអោយបាក់បង្គោលស្លាកសញ្ញា រានទេវតា ព្រមទាំងបុកនឹងក្រឡាប់សង្កាត់ម៉ូតូដែលឈប់ចតត្រៀបត្រារងការខូចខាតចំនួន១០គ្រឿង ។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដានេះ នៅអាហារដ្ឋានម៉ូណា ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ដោយឡែកអ្នកបើកបរត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់អោយនគរបាល ដើម្បីដោះស្រាយសងការខូចខាត ។ រថយន្តដែលបុករះចូលហាងបាយ និងក្រឡាប់នោះម៉ាក់ KIA ពណ៌ខៀវ ភ្នំពេញ២S-៣៩០៤ បើកបរដោយឈ្មោះ ណូ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅដេប៉ូលក់គ្រឿងសំណង់ចេងលីមអៀង នៅម្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មបឹងបៃតង ។ នៅក្នុងហេតុការណ៍នេះបណ្តាលអោយកញ្ចក់អាហារដ្ឋានបែករងការខូចខាត ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ង់ត៍ខាងលើ បានធ្វើដំណើរតាមផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ។ នៅពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តក៏បានរ៉េចង្កូតទៅស្តាំដៃបុកចូលអាហារដ្ឋានម៉ូណាទាំងកម្រោលតែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា បង្គោលស្លាកកំណត់ល្បឿន រានទេវតាបានបាក់ និងម៉ូតូដែលកំពុងឈប់ចតត្រៀបត្រា នៅមុខហាងចំនួន៦គ្រឿង បានបុករុញទៅគរលើគ្នានៅគៀនជញ្ជាំងរងការខូចខាត ហើយរថយន្តបានក្រឡាប់សង្កត់ទៅលើម៉ូតូ៣គ្រឿង និងម៉ូតូកងបីមួយគ្រឿង ទៀត ដែលឈប់ចតនៅមុខហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «អេង ឡុង» ដែលសរុបទាំងអស់ម៉ូតូចំនួន៩គ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងបានរងការខូចខាត ។
នៅក្នុងគ្រោះថ្នាក់នោះ បណ្តាលអោយកញ្ចក់ហាងបាយបានរងការខូចខាត តែសំណាងល្អ មិនបណ្តាលអោយមនុស្សរងរបួសឡើយ ។ ភ្លាមៗអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់អោយនគរបាល ដើម្បីដោះស្រាយ ។
តាមអ្នកបើកបរបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកស៊ីម៉ង់ត៍ដេញពីដេប៉ូទៅដាក់អោយម៉ូយ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងបើកចេញពីផ្លូវលំក៏ទាញចង្កូតគេចបុកចូលហាងតែម្តង ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ