ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩បានរៀបចំពិធីក្រុងពលីសាកល្បងការប្រណាំងទូកកានូ ទូកកៃយ៉ាក់ និងទូកនាគនៅមាត់ទន្លេផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

លោកមាស សារិន អគ្គនាយករងសហព័ន្ធកីឡាប្រណាំងទូកអន្តរជាតិឱ្យដឹងថាសហព័ន្ធបានបេីកសិក្ខាសាលាទ្រឹស្តីទូកកានូ កៃយ៉ាក់ និងទូករ៉ូអុីន ឬទូកក្បាលនាគ មានកីឡាករចំនួន៥០នាក់ ពីខេត្តកំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ។ ការហ្វឹកហាត់ទ្រឹស្តីត្រូវបានបញ្ចប់គឺជាថ្ងៃសាកល្បងពីការចុះទូក ការកាន់ច្រវា និងពីបច្ចេកទេសអុំទូក ។

អគ្គនាយករងសហព័ន្ធកីឡាប្រណាំងទូកអន្តរជាតិឱ្យដឹងថា កន្លងមកយើងធ្លាប់បានចេញទៅខេត្តណានជីង ប្រទេសចិន ក្នុងក្របខណ្ឌអាស៊ាន-ចិន និងទទួលបានជ័យលាភីមេដាយប្រាក់ និងសំរឹទិ្ធ ។ អភិបាលរងខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណរិទ្ធ ឱ្យដឹងថា បន្ទាប់ពីសិក្ខាសាលា គឺជាថ្ងៃប្រកួតសាកល្បងបច្ចេកទេសគ្នារយៈពេលប៉ុន្មានថ្ងៃដើម្បីសិក្សាដកស្រង់ពិសោធន៍ថាខាងណាមានបច្ចេកទេសល្អជាង ។

សម្រាប់ខេត្តកំពង់ឆ្នាំង មានសក្តានុពលល្អ មានទន្លេនិងបឹងធំ ហើយនៅពេលប្រកួត សង្ឃឹមថានឹងមានអ្នកចូលរួមច្រើន ។ ទូកចំនួន៨គ្រឿងជាអំណោយរបស់សម្តេចក្រឡាហោមស ខេង និងលោកជំទាវ ប្រគល់ជូនសហព័ន្ធកីឡាប្រណាំងទូកអន្តរជាតិ ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ