វត្ត​«​ឈើខ្មៅ​»​អាយុកាល​ជិត​២០០​ឆ្នាំ​…​តើ​មាន​អ្នក​ស្គាល់​ឬ​នៅ?


ខេត្តបាត់ដំបង ៖ បច្ចុប្បន្ន​វត្ត​ឈើខ្មៅ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាទី​អារាម​ព្រះពុទ្ធ​សាសនា​មួយ​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​មក​ហើយ​ ហើយ​រាល់​អ្វី​ដែល​បាន​បន្សល់​ទុក​នៅទីនោះ ​បាន​នឹង​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកទេសចរ​បរទេស​ទៅ​ទស្សនា​សំណង់​ បុរាណ​ដែល​មាន​វ័យ​ចំណាស់​រាប់​ទសវត្សរ៍​មក​ហើយ​នោះ​ រួម​ទាំង​ទូកង​ឈើ​មួយ​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនោះ និង​ព្រះ​វិហារ សង់​ឡើង​ពី​ដើមឈើ​ខ្មៅ​ ដែលក្នុង​មួយ​ថ្ងៃ​ៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស ​មក​ទស្សនា​មិន​ក្រោម​ពី​១០០​នាក់​នោះ​ឡើយ​ ។ នេះ​បើ​តាម​ការ​និយាយ​ប្រាប់​ឲ្យ​ដឹង​ពី​លោក ម៉ក់ ស៊ី​ណា្ណ​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាត់ដំបង ។

លោកបានឱ្យ​ដឹងទៀតថា ​យើង​ជឿជាក់​ថា​​ក្នុង​ចំណោម​វត្ត​បុរាណ​មួយ​ចំនួន​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង​ មាន​ដូច​ជា​វត្ត​កែវ វត្ត​ដំរី​ស វត្ត​សំរោង​ក្នុង វត្ត​កំផែង និង​វត្ត​ជា​ច្រើន​ទៀត​ ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ចុះ​មក​តំបន់​ទន្លេសាប ដែល​លោក​អ្នក​ប្រាកដជា​ធ្លាប់​បាន​ស្គាល់​ច្បាស់​ និង​បាន​ទៅ​ដល់​តែ​ដោយឡែក​ សម្រាប់​ទី​អារាម​វត្ត​ឈើខ្មៅ​វិញ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ប្រាកដជា​មិន​ដែល​បាន​ទៅ​ឡើយ​ ។

ទាក់ទង​នឹង​ការ​ចង់​ស្គាល់​អំពី​វិសាលភាព​វត្ត​ឈើខ្មៅ​នេះ​ដែរ សព្វថ្ងៃ​យើង​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ ដែល​ភាគច្រើន​ជា​ជនបរទេស​នោះ​ នាំ​គ្នា​ទៅ​ទស្សនា​ទី​អារាម​មួយ​នេះ​មិន​ដែល​ដាច់ ហើយ​ពិតជា​មិន​គួរ​ឲ្យ​ជឿ​បន្ទាប់​ពី​បាន​មក​ដល់​វត្ត​ឈើខ្មៅ​ដែល​ជា​វត្ត​បុរាណ​មួយ​នៅ​ខេត្តបាត់ដំបង ហើយ​នោះ​គេ​សង្កេត​ឃើញ​មាន​ព្រះ​វិហារ​សាងសង់​ឡើង​អំពី​ឈើ​ ក្នុង​ទំហំ​តូច​ល្មម​មួយ​ដែល​មាន​រាង​ខុស​ប្លែក​ពី​ព្រះ​វិហារ​ដទៃ ហើយ​អ្វី​ដែល​អ្នកទេសចរ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ព្រះ​វិហារ​នៅ​វត្ត​ឈើខ្មៅ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​កសាង​ឡើង អំពី​ដើមឈើ​កម្រ​ម្យ៉ាង​ពណ៌​ខ្មៅ ជា​ពិសេស​នៅ​ទី​អារាម​នេះ ​ក៏​មាន​បន្សល់​ទុក​នូវ​ទូក ង​មួយ​ដែល​មាន​​អាយុកាល​ស្មើនឹង​ព្រះ​វិហារ​ផង​ដែរ​មាន​បារមី​ខ្លាំង ពេល​ចេញ​ប្រណាំង​មិន​ដែល​ចាញ់​គេ​ឡើយ តែ​អកុសល់​ពេល​កន្លង​មកនេះ​មាន​ដើមឈើ​បាន​រលំ​សង្កត់ ធ្វើ​ឲ្យ​មានការ​ខូចខាត​ជួសជុល​មិន​ដូច​ដើម​ដល់​
សព្វ​ថ្ងៃនេះ ។

លោកតា​សោម ឡុ​ង អាយុ​៨១​ឆ្នាំ ប្រធាន​គណ ៈកម្មការ​វត្ត​នេះ​បាន​ឲ្យ​ដឹង​ថា តាម​តំណាល​ចាស់​ៗ​ពី​មុន​មក​មាន​ស្តេច​១​អង្គ​ បាន​មក​បន់ស្រន់​នៅ​លើ​ទីទួល​នេះ​ នៅ​ពេល​បាន​ឆ្លងកាត់ ហើយ​ក្រោយមក​ស្តេច​អង្គ​នោះ​បាន​ចេញ​ទៅ​បោះទីតាំង​នៅ​លង្វែក​ ។ ជំនឿ​បន់ស្រន់​ចេះ​តែ​មាន​សម្រាប់​អ្នក​រស់នៅ​ទី​នេះ ហើយ​ក៏​មាន​លោកតា​ម្នាក់​ឈ្មោះ​លោកតា​សឿ មាន​អំណាច និង​ឬ​ទ្ធ​បារមី​ខ្លាំង មិន​ខ្លាច​ពួក​បារាំង​ដែល​បាន​ជិះ​កប៉ាល់​មក​ទី​នេះ​ឡើយ បាន​កសាង​បានជា​បោ​ដិ​ពី​ពេល​នោះ​មក​(​ប្រហែល​ឆ្នាំ​១៨០៤) លុះ​លោកតា​សុគត់​ទៅ កូនចៅ​គាត់​ឈ្មោះ​លោកតា​គង់ និង​លោកតា​ឡា​ច បន្ត​កសាង​រៀបចំ​កន្លែង​សម្រាប់​គោរព​បូជា​តាម​ជំនឿ​សម័យ​នោះ សាងសង់​បាន​ព្រះ​វិហារ​ចំណាស់​មួយ​លេច​ត្រដែត​ឡើង​នៅ​លើ​ទីទួល​មួយ​ដែល​អ្នកស្រុក​ហៅ​ថា «​ទួល​អណ្តែត »​ហើយ​នៅ​ទីនោះ​គឺ​សម្បូរ​ទៅ​ដោយ​ដើមឈើ​ខ្មៅ ។

ចំណែក ​ព្រះ​វិហារ​វត្ត​ឈើខ្មៅ​នេះ​ធ្វើ​ឡើង​អំពី​រុក្ខជាតិ​ដើមឈើ​ខ្មៅ​សុទ្ធសាធ​លេចឡើង​នៅ​លើ​ផ្ទៃ​ទឹក​រដូវ​វស្សា​ប្រៀប​បាន​នឹង​ប្រាសាទ​មួយ​នៅ​កណ្តាល​តំបន់​ព្រៃរនាម ហើយ​នៅ​វត្ត​ឈើខ្មៅ​នេះ​ដែរ គឺ​មិន​មាន​សមិទ្ធផល​ពុទ្ធសាសនា​អ្វី​កើតឡើង​ច្រើន​ទៀត​នោះ​ទេ ពីព្រោះ​ទីនោះ​ជា​ព្រៃរនាម​ឆ្ងាយ​ពី​ខេត្ត​តែ​គេ​តែង​និយាយ​ប្រាប់​ទៀតថា បើ​ទោះបីជា​វត្ត​ឈើខ្មៅ​នៅ​ដាច់​ស្រយាល​ក៏​ពិតមែន ក៏​ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មាន​ជនបរទេស​ធ្វើ​ដំណើរ​មក​កាន់ វត្ត​ឈើខ្មៅ​នេះ​ជា​ហូរហែ ។

ជា​ពិសេស​នៅ រដូវ​ទឹក​ឡើង​ពួក​គេ​ជិះទូក​ទស្សនា​ព្រៃរនាម​និង​សំណង់​ព្រះ​វិហារ​លិចឡើង​កណ្តាល​ផ្ទៃ​ទឹក​រនាម​នៃ​មាត់បឹង​ទន្លេសាប ក្នុង​ខេត្តបាត់ដំបង ហើយ​ប្រសិនបើ​យើង​ក្រឡេក​មក​មើល​ទិដ្ឋភាព​រួម​នៅ​វត្ត​ឈើខ្មៅ​នេះ​ដែរ​គឺ​ឃើញ​ថា​មាន​សភាព​ធម្មជាតិ​ខៀវ ស្រងាត់​នៅ​ជុំវិញ មាន​ដើមឈើ​តូច​ធំ​ពិសេស​ដើមឈើ​ខ្មៅ​ដុះ​ចោល​ជា​ម្លប់​យ៉ាង​ត្រជាក់​ទទួល​រាក់ទាក់​ទៅ​រក​អ្នក​ដែល​បាន​មក​ដល់ និង​មានព្រៃ​ជំរក​សត្វ​ព្រែក​ទាល់​ដែល​មាននៅ​ជិត​វត្ត​នេះ​ផង​ដែរ​។

លោកតា​សោម ឡុ​ង បាន​អំពាវនាវ​ថា សូម​ពុទ្ធបរិស័ទ ឬ​សប្បុរសជន គ្រប់​អាជ្ញាធរ​ជួយ​ជំរុញ​រៀបចំ​ថែ​រក្សា​វត្ត​ឈើខ្មៅ​សាងសង់​បន្ត​ទៀត​លើ​ទីទួល​មួយ​នេះ ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ ព្រោះ​ទេស​ភាព​ស្អាត​ទាំង​ខែប្រាំង និង​វស្សា ដែល​ពី​អតីតកាល​មក ទីទួល​នេះ​ គឺជា​ទួល​ស័ក្តិ​សិទ្ធិ​នៅ​ក្នុង​កណ្តាល​តំបន់​ព្រៃរនាម​ដៃ​បឹង​ទន្លេសាប ទោះបីជា​មាន​ទឹកជំនន់​ធំ​ប៉ុណ្ណា ក៏​ទីទួល​ដែល​សាងសង់​ព្រះ​វិហារ​នេះ​ពុំដែល​លិច​ទ្បើ​យ ។ ​(សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ