ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ឬ​ស្សី​លក្ខណៈ​ឧស្សាហកម្ម​ក្នុងស្រុក​ចាប់ផ្តើម​ទទួល​បានការ​ចាប់អារម្មណ៍​វិនិយោគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដែល​ទទួល​បានការ​អនុម័ត​ពី​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​មិន​ទាន់​បាន​មួ​យស​ប្តា​ហ៍​ផង ស្រាប់តែ​មាន​ក្រុមហ៊ុន​មួយ​បាន​ដាំ​ឬ​ស្សី​លើ​ផ្ទៃដី​ជាង​២០​ហិ​កតា ទុក​សម្រាប់​ធ្វើ​ពូជ ហើយ​ពេល​បន្ទាប់​គ្រោង​ដាំ​ឬ​ស្សី​លក្ខណៈ​ផលិត​លើ​ផ្ទៃដី​រហូត​ដល់​១​ម៉ឺន​ហិ​កតា…

រាជធានី​ភ្នំពេញ ៖ ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដែល​ទទួល​បានការ​អនុម័ត​ពី​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​មិន​ទាន់​បាន​មួ​យស​ប្តា​ហ៍​ផង ស្រាប់តែ​មាន​ក្រុមហ៊ុន​មួយ​បាន​ដាំ​ឬ​ស្សី​លើ​ផ្ទៃដី​ជាង​២០​ហិ​កតា ទុក​សម្រាប់​ធ្វើ​ពូជ ហើយ​ពេល​បន្ទាប់​គ្រោង​ដាំ​ឬ​ស្សី​លក្ខណៈ​ផលិត​លើ​ផ្ទៃដី​រហូត​ដល់​១​ម៉ឺន​ហិ​កតា ។

យោង​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៣០ មិថុនា បានឱ្យ​ដឹង​ថា លោក​ឧកញ៉ា អាន ម៉ា​ឌី ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អាន​ម៉ា​ឌី​គ្រុប បាន​ថ្លែងប្រាប់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថា ដោយ​យល់​ឃើញ​ពី​សក្តានុពល​នៃ​ផលិតកម្ម​ឫស្សី និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ឫស្សី ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ ក្រុមហ៊ុន​បាន​ដាំ​ឫស្សី​លើ​ផ្ទៃដី​២៥​ហិ​កតា ទុក​សម្រាប់​ធ្វើ​ពូជ បន្ទាប់​មក​គ្រោង​ដាំ​ជា​លក្ខណ​ផលិតកម្ម​លើ​ផ្ទៃដី​ចំនួន​១​ម៉ឺន​ហិ​កតា និង​បង្កើត​រោងចក្រ​កែ​ច្នៃ​ជា​សម្ភារៈ និង​គ្រឿង​សង្ហា​រឹម​ច្រើន​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញ ។

បើ​តាម​ក្រសួងកសិកម្ម ការ​ដាំ​ឫស្សី​ជា​និមិត្តរូប​នៅ​ក្រុមហ៊ុន​ខាងលើ​នេះ គឺ​ចង់​បញ្ជាក់​ជូន​សាធារណជន​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ​បាន​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី «​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​» ដែល​ច្បាប់​នេះ​ទើបបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។ ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ក្រុមហ៊ុន ដោយ​ជំរុញ និង​លើកទឹកចិត្ត​ពួក​គាត់​តាម​រយៈ​យន្តការ​នៃ​ការ​ដាំ​ដុះ​ថែរក្សា​កែ​ច្នៃ និង​ប្រើប្រាស់ ដើម្បី​លើកតម្កើង​គុណ​តម្លៃ​របស់​វត្ថុធាតុដើម ដែល​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​មួយ​នេះ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​របស់​លោក​ឧកញ៉ា​អាន ម៉ា​ឌី ដែល​បាន​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ឫស្សី តាម​រយៈ​ការ​ដាំ​ឫស្សី​ជា​លក្ខណ​ឧស្សាហកម្ម ដើម្បី​បំពេញ​ខ្សែ​ច្រវាក់​ផលិត កម្ម​ឫស្សី​ចាប់តាំងពី​ការ​ផលិត​ពូជ ដាំ កែ​ច្នៃ និង​នាំ​ចេញ ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា «​គម្រោង​វិនិយោគ​នេះ គឺ​កំពុង​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​ជា​ពិសេស​ចូលរួម​យ៉ាង​សកម្ម​អនុវត្ត​ច្បាប់​ស្តី​ពី ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ។ ម្យ៉ាងវិញទៀត គម្រោង​នេះ​នឹង​ចូលរួម​អភិវឌ្ឍ​ធនធាន​ឫស្សី​ប្រកបដោយ​និរន្តរភាព ទាញ​យក​ប្រយោជន៍​សម្រាប់​សង្គម សេដ្ឋកិច្ច ភាតរ​បរិស្ថាន​បៃតង និង​បង្កើត​គម្រប​ព្រៃឈើ​» ។

បើ​តាម​លោក​រដ្ឋ មន្ត្រី ក្រុមហ៊ុន ត្រូវ​សហការ​ជាមួយ​រដ្ឋ​បាន​ព្រៃឈើ បង្កាត់​ពូជ​ឱ្យ​បាន​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ជូន​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​មាន​ចេតនា​ចង់​ដាំ និង​ជា​ពិសេស​ប្រជា​សហគមន៍​ដើម្បី​ដាំ​ប្រមូល​ផល​ប្រើប្រាស់​តាម​តម្រូវការ កាត់​បន្ថយ​ការ​ប្រើប្រាស់​ឈើ និង​លើកតម្កើង​កម្រិតជីវភាព ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក​អ្នកស្រី តុង ចាន់​ធាង មាន​ធ្លាប់​មាន​ប្រសាសន៍​ថា បើសិនជា​យើង​អាច​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​បាន​នៅ​កម្ពុជា​វា​ជា​រឿង​ល្អ វា​នឹង​ជួយ​ពង្រីក​ទីផ្សារ​សម្រាប់​ឱ្យ​ប្រជាជន​ដែល​គាត់​ប្រកប​មុខរបរ​ដាំ​ឬ​ស្សី​ឬ​ផ្តៅ​ទទួល​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។ តាម​អ្នកជំនាញ​ខាង​កសិកម្ម ពលរដ្ឋ​ប្រកប​មុខរបរ​ដាំ​ដុះ​ឬ​ស្សី​ឬ​ផ្តៅ​នៅ​កម្ពុជា​មាន​លក្ខណៈ​តិចតួច ប៉ុន្តែ​បើ​ឬ​ស្សី​និង​ផ្តៅ​នេះ​មាន​ទីផ្សារ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនេ​អាច​នឹង​មានការ​ចាប់អារម្មណ៍​ច្រើន​។ អ្នកស្រី​បាន​បន្ត​ថា «​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ដើរ ឃើញ​ពលរដ្ឋ​ប្រកប​មុខរបរ​ដាំ​ឬ​ស្សី និង​ផ្តៅ​នេះ ភាគច្រើន​ពួក​គាត់​ច្រើន​នៅ​តាម​តំបន់​ព្រៃ​ហើយ​មិនសូវ​មានការ​ដាំ​ដុះ​សម្រាប់​នាំ​ចេញ​ក្នុង​ទ្រុងទ្រាយ​ធំ​ដុះ​នោះ​ទេ ។ ប៉ុន្តែ​បើ​នៅ​ថ្ងៃ​ខាង​មុខ​បើ​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​ចេញ​ជា​រូបរាង ហើយ​ឬ​ស្សី និង​ផ្តៅ​នេះ​មាន​ទីផ្សារ​ល្អ ការ​ដាំ​ដុះ​នេះ​អាច​នឹង​មាន​សកម្មភាព​កក្រើក​ឡើង​វិញ ព្រោះ​ជា​ធម្មតា​ពលរដ្ឋ​នៅ​ពេល​ដំណាំ​អ្វីមួយ​មាន​ទីផ្សារ​ពួក​គាត់​ចង់​ចូលរួម​ដាំ​ដំណាំ​ប្រភេទ​នោះ​»៕ កែម​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ