រាជធានីភ្នំពេញ ៖ សាកសពម្នាក់ដែលគេសង្ស័យថា ជាស្ត្រី បន្ទាប់ពីឃើញមានអាវទ្រនាប់នៅក្បែរនោះមានចម្ងាយប្រហែលកន្លះម៉ែត្រពីសពដែលត្រូវឃាតករដុតចោលឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវកម្មករបូមខ្សាច់ក្បែរនោះខលប្រាប់សមត្ថកិច្ចចុះទៅទាន់ ខណៈកំពុងតែឆេះ ហើយជួយយកទឹកបរិសុទ្ធចំណុះមួយដប១លីត្រកន្លះចំនួន៣ដប និង២ដបកន្លះទៀតជួយចាក់ស្រោចពន្លត់ ទើបរលត់អស់ដល់ស្នាមឆេះឡើងរួញខ្មៅ សំណាងហើយដែលសមត្ថកិច្ចជួយពន្លត់ទាន់ពេល កុំអីសពឆេះក្លាយជាផេះបាត់ភស្តុតាងបាត់ទៅហើយ។

ហេតុការណ៍ខាងលើនោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូតិ៍លោកឧកញ៉ា លីយុងផាត់ ផ្លូវលំខាងជើងប្រហែល៥០០ម៉ែត្រពីផ្លូវវិមានឈ្នះៗស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ទំនងជាស្ត្រី ដោយគេសង្ស័យថា ត្រូវជនសង្ស័យចាប់រំលោភ រួចហើយវាយសម្លាប់ ថែមទាំងដុតចោលតែម្តង។ពីព្រោះមានបន្សល់ទុកនៅអាវទ្រនាប់ពណ៌ខ្មៅនៅក្បែរសពចម្ងាយប្រហែលកន្លះម៉ែត្រ និងដែកទីពប្រវែងប្រហែល៦តឹក ចំនួន៤កំណាត់ទៀតផង។

បើតាមប្រភពផ្សេងៗដោយគេសង្ស័យថា អាចចាប់រំលោភពីកន្លែងផ្សេង ហើយអាចដាក់តាមរថយន្តយកមកដុតចោលដើម្បីបំបាត់ភស្តុតាង ហើយសពនោះគេសង្ស័យថា អាចជាស្ត្រីច្រើនជាង ព្រោះដងខ្លួនសពមានរូបរាងតូច ហើយមានអាវត្រនាប់នៅក្បែរនោះផងដែរ។
តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលខលប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅពេលកើតហេតុខាងលើក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃ ស្រាប់តែក៏ប្រទះឃើញគេដុតសព ហើយនាំគ្នារត់ចេញពីកន្លែងកើតហេតុ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានយកទឹកបរិសុទ្ធចំនួន៥ដបចាក់ស្រោចពន្លត់ភ្លើង ទើបរលត់ តែកម្មអកុសលបានឆេះខ្លោចរួញខ្មៅស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយយមកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញខាងកោសលវិច្ឆ័យមកពិនិត្យដោយសារកន្លែងកើតហេតុមានភ្លៀងរលឹមផង សមត្ថកិច្ចបានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំពេលព្រឹកពិនិត្យម្តងទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ