ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​បិទ​ស្កុ​ត​ខ្មៅ​លើ​កញ្ចក់​ធ្វើ​អី បើ​គង់​ត្រូវ​នគរបាល​ចាប់​បក​ចេញ​វិញ​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បិទ​ស្កុ​ត ពណ៌​ខ្មៅ​នៅ​លើ​កញ្ចក់​ព្រមទាំង​បិទ​បាំងវាំងនន ដោយ​ខុសច្បាប់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​បក​ចេញ​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ដែល​រថយន្ត​ទាំងនោះ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​របស់​នគរបាល​ខាងលើ ។ ក្រៅពី​ការ​ចាប់​បក​កញ្ចក់​ខ្មៅ និង​វាំងនន​ចេញពី​រថយន្ត​នគរបាល​ខាងលើ​ក៏​បាន​ត្រួតពិនិត្យ ទៅ​លើ​លក្ខណៈ​បច្ចេកទេស​រថយន្ត​គ្រប់​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បិទ​ស្កុ​ត ពណ៌​ខ្មៅ​នៅ​លើ​កញ្ចក់​ព្រមទាំង​បិទ​បាំងវាំងនន ដោយ​ខុសច្បាប់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​បក​ចេញ​ជា​បន្តបន្ទាប់ ក្នុង​ខណៈ​ដែល​រថយន្ត​ទាំងនោះ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​របស់​នគរបាល​ខាងលើ ។

ក្រៅពី​ការ​ចាប់​បក​កញ្ចក់​ខ្មៅ និង​វាំងនន​ចេញពី​រថយន្ត​នគរបាល​ខាងលើ​ក៏​បាន​ត្រួតពិនិត្យ ទៅ​លើ​លក្ខណៈ​បច្ចេកទេស​រថយន្ត​គ្រប់​ប្រភេទ ពិនិត្យ​ប័ណ្ណបើកបរ​រថយន្ត ព្រមទាំង​ការ​កែ​ច្នៃ​យានយន្ត​ខុសច្បាប់ ការ​ជិះ​ម៉ូតូ​គ្មាន​កញ្ចក់ អត់​មួក និង​ម៉ូតូ​អត់​បំពាក់​ស្លាក​លេខ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម ។ នៅ​ក្នុង​ពេល​នោះ​ដែរ​អ្នក​ល្មើសច្បាប់​ខាងលើ​ត្រូវ​ទទួល​រង​នូវ​ការ​ផាកពិន័យ​តាម​ច្បាប់ ហើយ​បន្ទាប់​ម​ត្រូវ​បាន​លោក​អធិការ​ធ្វើការ​ណែនាំ​ដោយ​ផ្ទាល់ សុំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ​ឲ្យ​គោរព​ច្បាប់​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ការ​បិទ​ស្កុ​ត​ខ្មៅ​បិទ​បាំងវាំងនន នៅ​លើ​កញ្ចក់ ឬ​បិទ​បាំងវាំងនន​នៅ​លើ​រថយន្ត ឬ​ការ​កែ​ច្នៃ​ផ្សេង​ៗ​នៅ​លើ​យានយន្ត​របស់​ខ្លួន​តទៅ​ទៀត ព្រោះ​វា​ជា​ការ​ខុស​ទៅ​នឹង​ច្បាប់​ដែល​បាន​ហាមឃាត់ យូរ​មក​ហើយ​មិនមែន​ទើបតែ​មាន​នា​ពេល​នេះ​ទេ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេ​ល​ម៉ាង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​អូ​ដឹ​ម និង​មុខ​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក​យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បាន​ដឹកនាំ និង​បញ្ជា​កម្លាំង​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ​បាន​ថ្លែង​ថា ការ​ដាក់​គោលដៅ​ត្រួត​ពិ​ត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នា​ពេល​នេះ គឺ​អនុវត្តន៍​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ផ្សំ​ទៅ​នឹង​ភារកិច្ច​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុង​គោលបំណង ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍​ដែល​កើត​ចេញពី​ការ​មិន​គោរព​ច្បាប់ ការ​ប្រើប្រាស់​យានយន្ត​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​ការ​បើកបរ​គ្មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ជាដើម​នោះ លោក​អធិការ​បាន​ថ្លែង​បន្ត​ថា កម្លាំង​នគរបាល​របស់​លោក​បាន​រក​ឃើញ​យានយន្ត​មួយ​ចំនួន​ដែល​ល្មើសច្បាប់​ដូច​ជា ការ​បិទ​កញ្ចក់​ខ្មៅ​លើ​កញ្ចក់ ហើយ​ត្រូវ​បាន​ឃាត់​ធ្វើការ​បក​ចោល ព្រមទាំង​ការ​ម៉ូតូ​អត់​កញ្ចក់​អត់​មួក​និង​ស្លាក​លេខ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ឃាត់​ធ្វើការ​ផាកពិន័យ​ជា​បន្តបន្ទាប់​ផង​ដែរ ។

ដោយឡែក​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​បុរី​សែន​មនោ​រម្យ​នេះ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ហើយ​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឡើង​នេះ​មាន​គ្រប់​ទីកន្លែង​បណ្ដាល​មក​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​គ្មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា ក្នុង​ពេល​កំពុង​បើកបរ​នេះឯង ។ លោក​អធិការ​បញ្ជាក់​ផង​ដែរ​ថា ចរាចរណ៍​មិនមែន​ជា​បញ្ហា​ពិបាក​នោះ​ឡើយ ឲ្យ​តែ​យើង​ទាំងអស់​គ្នា​គោរព​ច្បាប់ និង​យោគយល់​អធ្យាស្រ័យ​គ្នា គួប​ផ្សំ​ជាមួយ​ការ​ខិតខំ​ជួយ​សម្រួល​ពី​សំណាក់​កងកម្លាំង​នគរបាល​ផង​នោះ គ្មាន​បញ្ហា​កើតឡើង​ឡើយ ដូច្នេះ​លោក​សំណូមពរ​សុំ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​ភាព​សុខសាន្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ