ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានបុរសវ័យចំណាស់ម្នាក់ចូលព្រៃដើម្បីរកចាប់សត្វ ក៏ជួបសត្វពស់វែករនាមមួយក្បាល លុះពេលជនរងគ្រោះចាប់ ស្រាប់តែត្រូវសត្វពស់នោះចឹកដៃរបស់ជនរងគ្រោះ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពដែរ តែគ្មានសង្ឃឹមក៏ដឹកមកផ្ទះវិញ ក្រោយមកជនរងគ្រោះក៏បានស្លាប់តែម្តង ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៥ ខែមិថុនា រស់នៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សុខ ស៊ីន ភេទប្រុស អាយុ៦៦ ឲឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមសម្តីរបស់ជនរងគ្រោះកាលពីមិនទាន់ផុតដង្ហើមបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានបណ្តើរឆ្កែទៅចំការ ដើម្បីរកចាប់សត្វព្រៃដូចសព្វមួយដង លុះពេលដើរចូលដល់ក្នុងព្រៃក៏បានជួបនឹងសត្វពស់វែករនាមមួយក្បាល ហើយគាត់ក៏បានចាប់ពស់វែករនាមនោះ ប៉ុន្តែពេលនោះត្រូវពស់វែករនាមចឹកដៃគាត់ ហើយគាត់ក៏បានដើរទៅរកកូនដែលនៅឯខ្ទមចាំចំការវិញ ។
តាមសម្តីកូនរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា គ្រាន់តែឪពុកប្រាប់ថា ត្រូវពស់វែករនាមចឹកភ្លាម គាត់ក៏បានជូនឪពុកទៅផ្ទះវិញ ហើយបានយករឿងនេះប្រាប់បងប្អូនគ្រប់គ្នា ។ ក្រោយពេលដឹងថា ជនរងគ្រោះត្រូវពស់វែករនាមចឹកហើយ បងប្អូនទាំងអស់ និងសាច់ញាតិ ក្នុងស្រុកភូមិបាននាំគ្នាម្នីម្នាបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំកោះព្រះដែរ ប៉ុន្តែនៅពេលទៅដល់មណ្ឌលសុខភាព អាការៈរបស់ជនរងគ្រោះកាន់តែធ្ងន់ធ្ងទៅហើយ ដោយមើលទៅមិនមានសង្ឃឹម ក៏នាំគ្នាដឹកជនរងគ្រោះទៅផ្ទះវិញ ក្រោយមកជនរងគ្រោះក៏បានស្លាប់បាត់បង់អាយុជីវិតតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ