ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណា​ត្តិ​ទី​៣​ចូល​ប្រកាស​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ចូល​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ សរុប​មាន​ចំនួន​៤១១៤​រូប ។

ក្នុង​នោះ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​មាន​ចំនួន​៥៥៩​រូប និង​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​៣៥៥៥​រូប ត្រូវ​បាន​ទទួលស្គាល់ និង​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​នៅ​តាម​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់ពី​ថ្ងៃ​ទី​១២ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ស្រប​តាម​មាត្រា​៦២​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បាន​កំណត់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​របស់​ក្រុមប្រឹក្សា​រួច​មក​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​លិខិត​លេខ​០០១/១៩ សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អំពី​ដំណើរការ​នៃ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ត្រូវ​អនុវត្ត​ដូច​តទៅ ១-​អ្នក​ជាប់​ឆ្នោត​ជា​សមាសភាព​ចាស់​ដដែល (​ជាប់​ឆ្នោត​បន្ត​អាណត្តិ​) និង​អ្នក​ជាប់​ឆ្នោត​ជា​សមាសភាព​ថ្មី​មែន តែ​ពី​មុន​ក៏​មានមុខ​ងារ​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រួច​មក​ហើយ មិន​ចាំបាច់​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពេល​នេះ​ទេ ហើយ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​តាម​របប​០២​ឆ្នាំ នៅ​ពេល​ខាង​មុខ (​ខែមករា ឆ្នាំ​២០២០ ឬ​ខែមករា ឆ្នាំ​២០២១) ។ ២-​អ្នក​ដែល​ជាប់​ឆ្នោត​ថ្មី ហើយ​មិន​ធ្លាប់​ស្ថិត​ក្នុង​តំណែង​ដែល​មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មុន​មក​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​យ៉ាង​យូរ​បំផុត​៣០​ថ្ងៃ ក្រោយ​ពី​ប្រកាស​ចូល​កាន់​តំណែង​រួច​ហើយ ។

អ្នក​ដែល​ឈប់​ពី​សមាជិក​ក្រុមប្រឹក្សា​ដោយ​លាលែង​ក្តី​ដោយ​មិន​ជាប់​ឆ្នោត​ក្តី ហើយ​មិន​មាន​ស្ថិត​ក្នុង​មុខងារ​ណា​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​ជា​ចុង​ក្រោយ​ដែរ (​ជា​គោលការណ៍ គឺ​ត្រូវ​ប្រកាស​៣០​ថ្ងៃក្រោយ​បញ្ចប់​តំណែង​) ។ ដូចនេះ​ដើម្បី​ឱ្យ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ស្រុក ខណ្ឌ អាណត្តិ​ទី​៣ អនុវត្ត​ស្រប​តាម​មាត្រា​១៧ និង​មាត្រា​១៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​បាន​ទាន់​ពេលវេលា​កំណត់​ក្រសួង ។

សូម​ស្នើ​ឯកឧត្តម លោក​ជំទាវ​អភិបាល​រាជធានី​ខេត្ត​រួសរាន់​ចាត់ចែង​ផ្សព្វផ្សាយ​ដល់​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ឲ្យ​ធ្វើការ​បំពេញ​ទម្រង់​បែបបទ​លើ​សេចក្តី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​ខាងលើ ព្រមទាំង​ចាត់ចែង​ឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ និង​របាយការណ៍​អំពី​បុគ្គល​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ដោយ​ត្រូវ​បញ្ជូន​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្នែក​រដ្ឋបាល​ស៊ី​វិល (​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ) ឱ្យ​បាន​មុន​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ជា​កំហិត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ