ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Discovery Festival របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ធ្វើការ​រៀបចំ​កម្មវិធី Discovery Festival ជា​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ធ្វើការ​រៀបចំ​កម្មវិធី Discovery Festival ជា​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៨ ដែល​ត្រូវ​នឹង​ថ្ងៃ​ព្រ​ហ​ស្បត៍ និង​ថ្ងៃ​សុក្រ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​សាកលវិទ្យាល័យ គោលបំណង​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ធ្វើការ​បង្ហាញ​នូវ​វគ្គ​សិក្សា ដែល​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​បាន​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស ដែល​ជា​តម្រូវ​ការ​​ចាំបាច់​នៅ​ក្នុង​វិស័យ សុខាភិបាល និង​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​។ កម្មវិធី​នេះ​ផង​ដែរ ក៏​មានការ​ទទួលស្គាល់​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចូលរួម​ដោយ​សេរី​ជា​សាធារណៈ​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​៖

១)- ស្វែង​យល់​ពី​ជីវិត​ជា​និស្សិត​នៅ​ក្នុង​សាកលវិទ្យាល័យ
២)- ការ​ទទួល​បាន​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​ការ​ជ្រើសរើស​អាជីព​ការងារ​នៅ​ពេល​អនាគត
៣)- ការ​ជ្រើស​រើសមុខ​វិជ្ជា​ដែល​ពួក​គេ​ពេញចិត្ត និង​ត្រឹមត្រូវ ទាំង​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​បច្ចេកវិទ្យា

ការ​រៀបចំ​កម្មវិធី​លើក​នេះ សាកលវិទ្យាល័យ​បាន​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជា ២០០០​នាក់ ទាំង​សិស្សានុសិស្ស​ដែល​មក​ពី​បណ្តា​វិទ្យាល័យ​ផ្សេង​ៗ និង​សាធារណជន​ដែល​មក​ពី​គ្រប់​ស្ថាប័ន​ផង​ដែរ​។

សិស្សានុសិស្ស​ដែល​បាន​ចូលរួម​កម្មវិធី Discovery Festival នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និត​ជាមួយនឹង​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដែល​កំពុង​តែ​សិក្សា​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ទាំងមូល ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​កាន់តែ​ច្បាស់​អំពី​វគ្គ​សិក្សា ឱកាស​ក្នុង​ការ​ចាប់​យក​អាជីព​ការងារ​នា​ពេល​អនាគត និង​ទទួល​បាន​នូវ​ការ​ចែករំលែក​បទ​ពិសោធន៍​ដែល​សាកលវិទ្យាល័យ​បាន​ផ្តល់​ជូន​ទៅ​តាម​វគ្គ​សិក្សា​នីមួយ​ៗ​។

សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​នៃ​ការ​អប់រំ​ខ្ពស់ ដល់​និស្សិត​ដែល​កំពុង​សិក្សា នៅ​ក្នុង​នោះ ៧០% នៃ​សាស្ត្រាចារ្យ​របស់​យើង សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​បង្រៀន និង​បាន​បញ្ចប់​ថ្នាក់បណ្ឌិត បន្ថែម​ពី​នេះ​ទៀត ១ ភាគ ៣ នៃ​បុគ្គលិក​សាកលវិទ្យាល័យ​សុទ្ធ​សឹងតែ​ជា​ជនជាតិ​បរទេស ដែល​បាន​នាំ​យក​ជំនាញ និង​បទ​ពិសោធន៍​កម្រិត​សាកល​មក​ចែករំលែក ជា​ពិសេស​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា នៅ​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​មានការ​អនុវត្តន៍​ជា​លក្ខណៈ​អន្តរជាតិ​។ និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ទទួល​បានការ​សិក្សា​បន្ថែម ពី​បទ​ពិសោធន៍​ដោយ​ពួក​គេ បាន​ឱកាស​ក្នុង​ការ​ចុះ​កម្មសិក្សា​នៅ​ក្រៅប្រទេស​នា​ពេល​កន្លង​មក ដើម្បី​ជាដើម​ទុន​​នៅ​ក្នុង​ការ​យល់​ដឹង​ពី​វិធី​ទទួលយក​ឱកាស​ទាំងនេះ​ដោយ​ខ្លួនឯង​ថែម​ទៀត​ផង​។

សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្នុង​ការ​ផ្តល់​វគ្គ​សិក្សា ផ្នែក​វេជ្ជសាស្ត្រ ផ្នែក​ទន្តសាស្ត្រ ផ្នែក​គិលានុបដ្ឋាក ឆ្មប ផ្នែក​ឱសថ​សាស្ត្រ ផ្នែក​បច្ចេកវិទ្យា​មន្ទីរពិសោធន៍ ក៏​ដូច​ជា​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ទៅ​កាន់​សិស្សានុសិស្ស ជាមួយនឹង​ការ​អប់រំ​ប្រកបដោយ​គុណភាព​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ពង្រឹង​ទៅ​លើ​គុណភាព​នៃ​ការ​បង្រៀន សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​បាន​យក​ចិត្តទុក​ដាក់​ខ្ពស់ ទៅ​លើ​បរិយាកាស និង​ឧបករណ៍​ដែល​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​និស្សិត ក្នុង​នោះ​មាន​ដូច​ជា ការ​ប្រើប្រាស់ Internet មាន​ល្បឿន​លឿន ដោយ​សេរី អាហារ​ដ្ឋា​ន ពុទ្ធិ​សាស្ត្រ Club និស្សិត និង​ក្នុង​ពេល​ឆាប់​ៗ​នេះ​សាកលវិទ្យាល័យ នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ បណ្ណាល័យ ឌី​ជី​ថ​ល ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​និស្សិត​ក្នុង​ការ​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​ផ្សេង​ៗ​។

ក្នុង​នាម​ជា​សាកលវិទ្យាល័យ​ដែល​មានការ​ទទួលស្គាល់ និង​ផ្តោត​សំខាន់​ទៅ​លើ​ការ​អប់​រំជា​លក្ខណៈ​អន្ដរ​ជាតិ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏​បាន​ផ្តល់​នូវ​ការ​សិក្សា​ភាសា​អង់គ្លេស (​ឥត​គិតថ្លៃ​) ដែល​ជា​ផ្នែក​យ៉ាង​សំខាន់​សម្រាប់​វិស័យ ថែទាំ​សុខភាព និង​បច្ចេកវិទ្យា នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ឱ្យ​និស្សិត​ទទួល​បាន​នូវ​ភាព​ងាយស្រួល​បន្ថែម​ទៀត នៅ​ក្នុង​ការ​អប់រំ​ផ្នែក​សុខភាព ដោយ​មិន​ចាំបាច់​ចំណាយពេល និង​ថវិកា​ទៅ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស​ខាងក្រៅ​នោះ​ទេ​។

លោក​សាស្ត្រាចារ្យ Ian Findlay សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​បាន​មាន​ប្រសាសន៍​ថា «​ការ​រីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់ ទៅ​លើ​វិស័យ​សុខាភិបាល និង​វិស័យ​ទំនាក់ទំនង​ព័ត៌​មានវិទ្យា​នៅ​អាស៊ី​អាគ្នេយ៍ និង​ទូ​ទាំង​ពិភពលោក មាន​ន័យ​ថា ការ​ផ្តោត​លើ​ចំណុច​សំខាន់​របស់ សាកល​វិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទៅ​លើ​ការ​ផ្តល់​គុណភាព​អប់រំ​ខ្ពស់ ជា​លក្ខណៈ​អន្ដរជាតិ អាច​ធ្វើ​ឱ្យ​ការ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត សាកលវិទ្យាល័យ ទទួល​បាន​ឱកាស​ខ្ពស់ មិន​ត្រឹមតែ​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សមត្ថភាព​ប្រកួតប្រជែង​ជា​លក្ខណៈ​សាកល​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ ដែល​ឱកាស​នៃ​ការ​ទទួល​បាន​នូវ​គុណភាព​អប់រំ គឺ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ព្រោះ​វា​បាន​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​ចាប់​យក​អាជីព​ការងារ​ដ៏​ជោគជ័យ​របស់​និស្សិត ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​ការ​រីក​ចម្រើន​ជំនាញ​របស់​និស្សិត បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។

សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​កិត្តិយស​អញ្ជើញ​មាតាបិតា​ព្រមទាំង​សិស្សានុសិស្ស​វិទ្យាល័យ និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនាការ​ពិព័រណ៍ Discovery Festival របស់​សាកលវិទ្យាល័យ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​បរិយាកាស​នៅ​ក្នុង​ការ​សិក្សា និង​គុណភាព​នៃ​វគ្គ​សិក្សា​ដែល​បាន​ផ្តល់​ជូន​ដោយ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ