ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជូនដំណឹង​​មិនព្រម​​អនុវត្ត​តាម ពេល​នេះ​អាជ្ញាធរ​ប្រើ​កណ្ដាប់ដៃ​ដែក (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ជូនដំណឹង​ឲ្យ​ម្ចាស់​សំណង់​ទាំងឡាយ​ដែល​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ធ្វើការ​រុះរើ​ចេញ​ជា​បន្ទាន់ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ និង​ធ្វើ​ឲ្យ​ផ្លូវ​មាន​សោភ័ណ​ភាព​និង​ធំ​ទូលាយ​ងាយស្រួល​ទាំង​ការ​ធ្វើ​ចរាចរណ៍​និង​ការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​នា​ពេល​អនាគត​ផង ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​នោះ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ព្រម​អនុវត្ត​តាម ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រើ​កណ្ដាប់ដៃ​ដែក​រុះរើ​ដោយ​ខ្លួនឯង​តែ​ម្ដង ទន្ទឹម​នឹង​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ជូនដំណឹង​ឲ្យ​ម្ចាស់​សំណង់​ទាំងឡាយ​ដែល​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ធ្វើការ​រុះរើ​ចេញ​ជា​បន្ទាន់ ដើម្បី​រំដោះ​ចិញ្ចើម​ផ្លូវ និង​ធ្វើ​ឲ្យ​ផ្លូវ​មាន​សោភ័ណ​ភាព​និង​ធំ​ទូលាយ​ងាយស្រួល​ទាំង​ការ​ធ្វើ​ចរាចរណ៍​និង​ការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​នា​ពេល​អនាគត​ផង ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​នោះ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ព្រម​អនុវត្ត​តាម ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រើ​កណ្ដាប់ដៃ​ដែក​រុះរើ​ដោយ​ខ្លួនឯង​តែ​ម្ដង ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ​ក៏​មិន​បាន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​ក្នុង​ពេល​រុះរើ​នោះ​ឡើយ​។

ប្រតិបត្តិការ​ចុះ​រុះរើ​សំណង់​ដែល​រំលោភ​ចិញ្ចើម​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ហើយ​សំណង់​ដែល​ត្រូវ​រុះរើ​មាន​ដូច​ជា រោង​លក់ដូរ ផ្ទះ​ជួល សំ​យ៉ាប​ផ្ទះ​ជាដើម​ដែល​សង់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​បានឱ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​បាន​ធ្វើ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​សំណង់​ទាំងឡាយ​ដើម្បី​រុះរើ​សំណង់​ដែល​ខុសច្បាប់​របស់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​លើក​ចុង​ក្រោយ​មុន​នឹង​ប្រើ​ធម៌​ក្ដៅ​បែប​នេះ​ក៏​មានការ​ជូនដំណឹង​ច្រើន​ថ្ងៃ​មក​ហើយ​ដែរ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ និង​ការ​ស្ថាបនា​ស្ពាន​អាកាស​ចោម​ចៅ​យ៉ាង​ខ្លាំង ប៉ុន្តែ​ម្ចាស់​សំណង់​ទាំងនោះ​មិន​ព្រម​ស្ដាប់​និង​អនុវត្តន៍​តាម​ឡើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា អាជ្ញាធរ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ធ្វើការ​រុះរើ​ចេញ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ការ​រុះរើ​រួច អាជ្ញាធរ​នឹង​ដាក់​កម្លាំង​ដើម្បី​ឃ្លាំមើល​ទីតាំង​នោះ​ជា​បន្ត​ទៀត ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ជា​រោង ផ្ទះ ឬ​សំ​យ៉ាប​ផ្ទះ​នៅ​កន្លែង​ចាស់​ដដែល​ៗ​នេះ​ទៀត​ឡើយ ហើយ​ចំពោះ​អ្នក​រឹងទទឹង​នឹង​ត្រូវ​ចាត់ការ​តាម​ច្បាប់​។

ការ​ប្រើ​កណ្ដាប់ដៃ​ដែក​បែប​នេះ​គឺ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​រួម​តែ​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​ការ​ផ្ដល់​មក​វិញ​នូវ​ផ្លូវ​ធំ​ទូលាយ មាន​សោភ័ណ​ភាព ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ ស្រប​តាម​ប្រទេស​ជាតិ​កំពុង​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ