ព្រឹទ្ធសភា​នឹង​អនុម័ត​ច្បាប់​ប្រេងកាត និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត


រាជធានី​ភ្នំពេញ ៖ ព្រឹកស្អែក ព្រឹទ្ធសភា​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែល​មាន​ចំនួន​៩​ជំពូក និង​៧២​មាត្រា និង​សេច​ក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត​។

ក្រោយ​ពី​បើ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​អចិន្ត្រៃយ៍ បាន​កំណត់​យក​ថ្ងៃ​អង្គារ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយ​មាន​របៀបវារៈ ដូច​ខាងក្រោម ៖

១- ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។

២ – ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។

៣- ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។

៤ -​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តី​ពី​ការ ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។

៥- ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា កន្លង​មកនេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេងកាត​មាន​៩​ជំពូក និង​៧២​មាត្រា ដែល​មាន​ខ្លឹមសារ​សង្ខេប​សំខាន់​ៗ ដូច​ខាង​ក្រោម ៖

ជំពូក​ទី​១. បទ​ប្បញ្ញត្តិ​ទូទៅ មាន​៤​មាត្រា (​ពី​មាត្រា​១ ដល់ មាត្រា​៤ ) ៖ ជំពូក​ទី​១ នេះ ចែង​អំពី គោល​បំណង គោលដៅ វិសាលភាព និង​វាក្យសព្ទ​បច្ចេកទេស សំខាន់​ៗ​ដែល​ប្រើ​ក្នុង​ច្បាប់​នេះ ។

ជំ​ពួក​នាំ​២. សមត្ថកិច្ច និង​ការ​គ្រប់គ្រង មាន​៣​មាត្រា (​ពី​មាត្រា​៥ ដល់ មាត្រា​៧) ៖ ជំពូក​ទី​២​នេះ ចែង​អំពី​សមត្ថកិច្ច និង​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត និង​គោលការណ៍​ក្នុង​ការ​គ្រប់គ្រង​ក្នុង​វិស័យ​ប្រេងកាត​។

ជំពូក​ទី​៣. ការ​គ្រប់គ្រង​សកម្មភាព​ផ្នែក​អាប់​ស្លី​ម មាន​២៦​មាត្រា (​ពី​មាត្រា​៨ ដល់ មាត្រា​៣៣) ៖ ជំពូក​ទី​៣ នេះ ចែង​អំពី​ការ​គ្រប់គ្រង​លើ​សកម្មភាព​ផ្នែក​អាប់​ស្លី​ម ដែល​រួម​មាន​បុរេសនា ការ​ស្វែង​រុករក ការ​អភិវឌ្ឍ និង​ការ​ធ្វើ​ផលិតកម្ម​ប្រេងកាត​។

ជំពូក​ទី​៤. ការ​គ្រប់គ្រង​ចំណូល​រដ្ឋ​ពី​ប្រេងកាត និង​ភាគលាភ​របស់​រដ្ឋ មាន​៥​មាត្រា (​ពី​មាត្រា​៣៤ ដល់​មាត្រា​៣៨ )៖ ជំពូក​ទី​៤​នេះ ចែង​អំពី​សិទ្ធិ​របស់​រដ្ឋ​ក្នុង​ការ​ចូលរួម​ភាគហ៊ុន​ក្នុង​ប្រតិបត្តិការ ប្រេងកាត​សិទ្ធិ ក្នុង​ការ​ទទួល​ចំណូល និង​ការ​ព្វ​កិច្ច​ហិរញ្ញវត្ថុ​នានា​របស់​អ្នក​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត និង​ការ​បង្កើត សហគ្រាស​សាធារណៈ ដើម្បី​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​ប្រេងកាត​។

ជំពូក​ទី​៥. ការ​គ្រប់គ្រង​សកម្មភាព​ផ្នែក​ដាន​ស្ត្រី មាន​១២​មាត្រា (​ពី​មាត្រា​៣៩ ដល់ មាត្រា​៥១) ៖ ជំពូក​ទី​៥ នេះ ចែង​អំពី​ការ​គ្រប់គ្រង​លើ​សកម្មភាព​ផ្នែក​ដោ​ន​ស្ងៀម​ដែល​រួម​មាន ការ​ធ្វើ ប្រព្រឹត្តិកម្ម ការ​ដឹក​ជញ្ជូន សន្និធិ និង​ពាណិជ្ជកម្ម​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។

ជំពូក​ទី​៦. អធិការកិច្ច មាន​៦​មាត្រា (​ពី​មាត្រា​៥១ ដល់ មាត្រា​៥៦) ៖ ជំពូក​ទី​៦​នេះ ចែង​អំពី​ស ម​ត្ថ​កិច្ច​របស់​មន្ត្រី​អធិការកិច្ច​ប្រេងកាត​ទាំង​ផ្នែក​អាប់​ស្ងៀម និង​ផ្នែក ដោ​ន​ស្ទី​ម និង​ការ​ផ្តល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដល់​មន្ត្រី​អធិការកិច្ច​ប្រេងកាត ។

ជំពូក​ទី​៧. ទោស​ប្បញ្ញត្តិ មាន​១២​មាត្រា (​ពី​មាត្រា​៥៧ ដល់ មាត្រា​៦៨) ) ជំពូក​ទី​៧​នេះ ចែង អំពី​ទណ្ឌ​កម្ម​លើ​បទល្មើស​ក្នុង​វិស័យ​ប្រេងកាត រួម​មាន ការ​ដកហូត ឬ​ព្យួរ​សិទ្ធិ​ដែល​ផ្ដល់​ក្រោម​ច្បាប់​នេះ ការ​ជួស​ជុល​ការ​ខូចខាត ការ​ផាកពិន័យ ការ​រឹបអូស​វត្ថុ​តាង និង​ទោស​ពាក់​ពន្ធនាគារ​។

ជំពូក​ទី​៨. អន្តរប្បញ្ញត្តិ មាន​២​មាត្រា (​ពី​មាត្រា​៦៩ ដល់ មាត្រា​៧០) ៖ ជំពូក​ទី​៨​នេះ ចែង​អំពី​កា របើក​លទ្ធភាព​ឱ្យ​បុគ្គល​ដែល​បាន​ទទួល​ការ​អនុញ្ញាត​នាំ​មុន ច្បាប់​នេះ​ចូល​ជា​ធរមាន ដើម្បី​ធ្វើ ការ​កែសម្រួល​ឱ្យ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​។

ជំពូក​ទី​៩. អវសាន​ប្បញ្ញត្តិ មាន​២​មាត្រា (​ពី​មាត្រា​៧១ ដល់ មាត្រា​៧២) . ជំពូក​ទី​៩ ចែង​អំពី​ការ​និរា​ករណ៍​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ និង​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ជា​ការ​ប្រញាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ