មានមនុស្សប៉ុន្មាននាក់ទៅ?ស្ថិតក្នុងអគាររលំបាក់ខ្ទេចនេះ…
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ហេតុការណ៍ដួលរលំអគារ៧ជាន់របស់ជនជាតិចិនមួយកន្លែងបណ្តាលឱ្យខូចខាតទាំងស្រុង កើតឡើងកាលពីវេលាម៉ោងជិត៥ភ្លឺថ្ងៃទី២២ មិថុនា នេះ ស្ថិតតាមបណ្តោយវិថី៧មករា ផ្លូវលេខ(២០០) ក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាងនេះទៅទៀត មនុស្សជាប់ក្នុងគំនរថ្មបាក់បែកនេះ ព្រោះមានកម្មករកំពុងដេកក្នុងមុង ហើយគេក៏នៅពុំទាន់ដឹងពីមូលហេតុនោះដែរ ។

ត្រឹមម៉ោង០៨ព្រឹកថ្ងៃដដែល មានគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ បាននិងកំពុងស្វះស្វែងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយយកកម្ទេចឥដ្ឋ និងដែកចេញ ដើម្បីជួយបងប្អូនដែលជាកម្មកររងគ្រោះជាប់ក្នុងគំនរកម្ទេចអគារនោះ ។

ស្ថិតនៅកន្លែងបានឃើញវត្តមានលោកជាម ហ៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកយន្ត មីន អភិបាលនៃ
គណ:អភិបាលខេត្ត លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ចុះមក ដោយមានកងកម្លាំងសមត្ថកិច្ច រថយន្តសង្គ្រោះបន្ទាន់ រថយន្តបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមកត្រៀមយកអ្នករងរបួសជាស្រេច ខណៈដែលនៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ ក្នុងគំនរអគារបាក់បែកនោះទេ ។

គិតត្រឹមម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃដដែល កម្លាំងសង្គ្រោះកម្មករក្នុងគំនរអគារបាក់ខាងលើ បានចំនួន៨នាក់ហើយ និងបានបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។




















ចែករំលែកព័តមាននេះ