ចិន​ចំណាយ​ទុន​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​សង់​ឃ្លាំង​ស្តុក​ស្រូវ​ចំនួន ១១​ខេត្ត នៅ​កម្ពុជា


​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចរចារ​អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ​រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​មួយ​របស់​ចិន ស្ដី​ពី​ការ​លើកកម្ពស់​តម្លៃ និង​រក្សា​ស្រូវ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទីបំផុត​ការ​ចរចារ​ក៏​ទទួល​បាន​ផ្លែផ្កា​ហើយ​បន្ទាប់​ពី​ចិន​ក៏​យល់ព្រម​ក្នុង​ការ​សាងសង់​ឡ​ស​ម្ងួ​ត​និង​ឃ្លាំង​ស្តុក​ស្រូវ​របស់​ប្រជា​កសិករ​នៅ ១២​កន្លែង​ស្ថិត​នៅ​ខេត្ត​ចំនួន ១១ នៃ​ប្រទេស​កម្ពុជា ។

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ អង្ករ ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd, នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រោម​អធិបតី​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ​បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​គម្រោង​នេះ បាន​ចរចារ​អស់​រយៈពេល​ប្រមាណ​ពី​៦​ឆ្នាំ ទៅ​៧​ឆ្នាំ​រួច​ហើយ ដោយ​មានការ​ចូលរួម​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ដែរ ទីបំផុត​ភាគី​ចិន​ក៏​យល់ព្រម​ធ្វើ​តាម​សំណើរ​របស់​កម្ពុជា ក្នុង​ការ​បោះទុន​វិនិយោគ​ឡ ស​ម្ងួ​ត​និង​ឃ្លាំង ស្តុក​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ចំនួន​១១ ដែល​ជា​ខេត្ត​មាន​សក្ដានុពល​ផលិត​ស្រូវ ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក​នៅ​ពេល​ដែល​កសិក ប្រមូល​ផល​ស្រូវ​បាន​ហើយ គឺ​ពិបាក​ក្នុង​ការ​រក​កន្លែង​ទុកដាក់ ដូច្នេះ​ហើយ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់​ស្រូវ​ទាំង​នៅ​សើម ទើប​ធ្វើ​អោយ​តម្លៃ​ស្រូវ​ដែល​ពួក​គាត់​ផលិត​បាន​ត្រូវ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តែ​យ៉ាងណា​ក៏​ពលរដ្ឋ​ត្រូវ​តែ​លក់ បើ​មិន​លក់​គឺ​ស្រូវ​នឹង​ត្រូវ​ខូចអស់ ។

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា « នៅ​ពេល​ដែល​គម្រោង​សាងសង់​ឃ្លាំង​និង​ឡ​ស​ម្ងួ​ត សាងសង់​រួច យើង​សង្ឃឹមថា​តម្លៃ​ស្រូវ​នឹង​ត្រូវ​រក្សា​បាន​កម្រិត​មួយ​ថេរ ព្រោះ​ពលរដ្ឋ​មិន​ចាំបាច់​លក់​ស្រូវ​ទាំង​នៅ​សើម​ទៀត​ទេ ពួក​គាត់​អាចយ​កស្រូវ​នោះ មក​ស​ម្ងួ​ត​និង​ដាក់​ក្នុង​ឃ្លាំង​ដែល​ចិន​បាន​សាងសង់ ហើយ​នៅ​ពេល​ដែល​ស្រូវ​ស្ងួត និង​ពេល​រួចរាល់​ពី​ការងារ​ចាំ​លក់​បន្ត​ទៅ​ឈ្មួញ​ក៏​បាន ដូច្នេះ​ហើយ វា​មិន​អាច​ធ្វើ​អោយ​តម្លៃ​ស្រូវ​របស់​ពលរដ្ឋ​ធ្លាក់​ថ្លៃ​ទៀត​ឡើយ » ។ លោក​បាន​បន្ថែម​ថា​គម្រោង​សាងសង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​ដែល​ជា​ការ​វិនិយោគ​របស់​ចិន នឹង​ចាប់ផ្ដើម​នៅ​អំឡុង​ឆ្នាំ​ក្រោយ​នេះ​ហើយ ហើយ​រយៈពេល​នេះ​ការ​សាងសង់​អាច​ត្រឹម​២​ឆ្នាំ ដូច្នេះ នៅ​ឆ្នាំ​២០២២ ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នឹង​ចាប់ផ្ដើម​ដំណើរ អោយ​ពលរដ្ឋ​យក​ស្រូវ​ដែល​ប្រមូល​ផល​បាន​មក​ស​ម្ងួ​ត និង​ទុកដាក់​នៅ​ក្នុង​ឃ្លាំង​ទាំងនោះ​បាន ដោយ​សប្បាយចិត្ត ហើយ​នៅ​ពេល​ដែល​រួច​ការងារ​ចាំ​លក់​បន្ត​ទៅ ឈ្មួញ ។

លោក ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​បន្ត​ថា « សម្រាប់​ឃ្លាំង​នេះ គឺ​មិនមែន​ជា​ម៉ាស៊ីនកិនស្រូវ​នោះ​ទេ ហើយ​ឃ្លាំង​នេះ ក៏​មិនមែន​ស្តុក​ស្រូវ សម្រាប់​តែ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ​ទេ ពាណិជ្ជករ​អាច​ទិញ​ស្រូវ​ពី​កសិករ​ចូល​ក្នុង​រោង​ម៉ាស៊ីន ហើយ​កិន​ចង់​នាំ​ចេញ​ទៅ​ណា​ក៏​បាន​ដែរ ដោយ​មិន​សំដៅ​តែ​លើ​ប្រទេស​ចិន » ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានអោយ​ដឹង​ថា​គម្រោង​ជំរុញ​ផលិតកម្ម ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​នេះ​រៀបចំ​ឡើង​ក្នុង​គោលដៅ​ដើម្បី​ជួយ​ដល់ កសិករ ធុរជន និង​ក្រុមហ៊ុននាំចេញ​អង្ករ ព្រមទាំង​រួមចំណែក​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​យ៉ាងតិច ១ លាន​តោន ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ និង​ការ​ដាក់​ឱ្យ​អនុវត្ត​យន្តការ​យក​ស្រូវ​-​អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារឯកជន ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា «​គម្រោង​ខាងលើ​នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទុច្ចរិត អាច​ឆ្លៀតឱកាស​បង្ខូច​ថ្លៃ​ស្រូវ ក៏​ដូច​ជា​ដើម្បី​ជួយ​ឱ្យ​កសិករ​ទុក​ស្រូវ​បាន​យូរ អាច​លក់​ស្រូវ​បាន​តាម​ថ្លៃ​សមរម្យ និង​មាន​លទ្ធភាព​ទទួល​បាន​ឥណទាន ពេល​ត្រូវការ​ចាំបាច់ តាម​រយៈ​ការយ​កស្រូវ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ។ គម្រោង​នេះ មិន​មាន​សេវា​កិនស្រូវ​ទេ ដើម្បី​ការពារ​កុំឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ។​បន្ទាប់​ពី​គម្រោង​នេះ​ដាក់​ឱ្យ​ប្រតិបត្តិការ​, កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ នឹង​មាន​ឡ​ស​ម្ងួ​ត ឃ្លាំង​ស្តុក និង​ទុន​បង្វិល​បន្ថែម ព្រមទាំង​ជួយ​បន្ថយ​ចំណាយ (​ថ្លៃដើម​)​ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ដល់​ដំណាក់កាល​លក់​អង្ករ »​។

​តាម​រយៈ​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ​ក្រុមហ៊ុន CITIC Construction និង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នឹង ធ្វើការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ ចំនួន ១២ កន្លែង (​សមត្ថភាព​ស្តុក​សរុប ៨២៧ ០០០ តោន​) និង​ឡ ស​ម្ងួ​ត ចំនួន ១០ កន្លែង (​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​បាន ១៣.០០០ តោន ក្នុង​មួយ​ថ្ងៃ​) នៅ​ក្នុង​ខេត្តពោធិ៍សាត់​, បាត់ដំបង ,​តាកែវ​, បន្ទាយ​មាន​ជ័យ​, សៀមរាប​, កំពង់ធំ​, កំពង់ចាម​, ព្រៃវែង​, កណ្តាល​, កំពង់ស្ពឺ និង​ខេត្ត ព្រះ​សីហ​នុ ។

លោក​ឧក​ញ្ញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍មាន​ប្រសាសន៍​ថា វា​ជា​សញ្ញា​វេជ្ជ​មាន​ធ្វើ​ឱ្យ​វិស័យ​ស្រូវ​អង្ករ​ពង្រីក​វិសាលភាព​ទីផ្សារ​បាន​ទូលាយ មាន​លទ្ធភាព​រក​ទីផ្សារ​ល្អ​ជូន​កសិករ​។​លោក​ឧក​ញ្ញ៉ា​បាន​បន្ត​ថា «​ការ​នាំំ​ចេញ​អង្ករ​របស់​យើង​វា​អាស្រ័យ​ទៅ​លើ​សេចក្តី​ត្រូវការ​និង​តម្រូវការ​របស់​ប្រទេស​នាំ​ចូល​។​បើ​យើង​មាន​ឃ្លាំង​និង​មាន​ឡ​ស​ម្ងួ​តវា​ជា​ឱិ​កាស​មួយ​ធំ​សម្រាប់​យើង ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​ល្អ​ជាង​មុន​។ ដូចនេះ​វា​ជា​ឱកាស​ធំ​មួយ​សម្រាប់​កម្ពុជា ពង្រីក​ទីផ្សារ​បន្ថែម​»​។

លោក យន់ សុវណ្ណ អគ្គនាយក​ក្រុមហ៊ុន​បាយ័ន ស៊ា​រៀល​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​អង្ករ​កម្ពុជា កំពុង​មាន​ទីផ្សារ និង​ត្រូវ​បាន​ទទួលស្គាល់​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទាំង​ក្នុង​តំបន់​និង​ក្រៅ​តំបន់ ដែល​ជា​ឱកាសល្អ សម្រាប់​កសិករ​និង​ពាណិជ្ជករ ក្នុង​ការ​ផលិត​ស្រូវ និង​អង្ករ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ។ លោក​បាន​ស្នើរ​អោយ​កសិករ ងាក​ទៅ​រក​ការ​ដាំ​ដុះ​ពូជស្រូវ​ណា​ដែល​មាន​ទីផ្សារ​និង​មាន​តម្លៃ​ខ្ពស់​សម្រាប់​នាំ​ចេញ​ផង​ដែរ ដូច​ជាស្រូវ​សែន​ក្រអូប និង​អង្ករ​ផ្កាម្លិះ​ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ