កសិករថា ៖ ឆ្នាំមុនលក់បានពីជាង២០ទៅ៣០លានរៀល ទើបឆ្នាំនេះបង្កើនការដាំដល់ទៅ៣ដង (មានវីដេអូ)
- ព្រៃវែង
ខេត្តព្រៃវែង ៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា សំរាប់ឆ្នាំ២០១៩នេះ…
ខេត្តព្រៃវែង ៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា សំរាប់ឆ្នាំ២០១៩នេះ…
ខេត្តព្រៃវែង ៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា សំរាប់ឆ្នាំ២០១៩នេះ ប្រជាកសិករនៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ដែលប្រកបមុខរបរដាំអំពៅជាលក្ខណៈគ្រួសារ បានបង្កើនការដាំរហូតដល់ទៅ៣ដង បើប្រៀបធៀបទៅនិងឆ្នាំមុន ដោយសារតែអំពៅលក់បានថ្លៃ ហើយសំបូរទីផ្សារ។
លោកប្រធានមន្ទីរបានបន្តថា កាលពីឆ្នាំ២០១៨ កសិករដាំអំពៅនៅលើផ្ទៃដីតែ២០០ហិកតាប៉ុណ្ណោះ ប៉ុន្តែដោយសារអំពៅលក់បានថ្លៃ ឆ្នាំនេះពួកគាត់បាននាំគ្នាបង្កើនការដាំ រហូតដល់ជិត៦០០ហិកតាហើយ។ លោកបញ្ជាក់ថា បើទោះបីការដាំអំពៅមានការកើនឡើងក៏ពិតមែន ប៉ុន្តែលក្ខណៈនៃការដាំ មិនទាន់មានរូបភាពជាចំការធំៗនៅឡើយទេ គឺពួកគាត់ដាំនៅលើដីស្រែ ដោយក្រោយពីប្រមូលផលស្រូវរួច ពួកគាត់ដាំអំពៅ ក្រោយពីប្រមូលផលអំពៅរួច ពួកគាត់ធ្វើស្រូវវិញ មានលក្ខណៈវិលជុំ។
ប្រជាកសិករនៅភូមិធ្នង់ ឃុំជាខ្លាង បាននិយាយថា ឆ្នាំនេះគាត់ដាំអំពៅច្រើនជាងឆ្នាំមុន៣ដង ចំណែកកសិករផ្សេងៗទៀតក៏ដូចគ្នាដែរ ហើយមកដល់ពេលនេះ អំពៅអាចចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។ កសិករទាំងនេះបានបញ្ជាក់ថា ឆ្នាំមុនអំពៅមានទីផ្សារ តម្លៃថ្លៃសមរម្យធ្វើអោយពួកគាត់ចំណេញបានច្រើន ដោយក្នុង១ហិកតា ពួកគាត់លក់បានពីជាង២០លាន ទៅ៣០លានរៀល ខណៈដែលការដាំចំណាយដើមទុនមិនដល់១០លានរៀលនោះទេ។ ហេតុនេះហើយទើបឆ្នាំនេះ ពួកគាត់នាំគ្នាបង្កើនការដាំច្រើនជាងឆ្នាំមុន ដោយសង្ឃឹមថា អំពៅនិងទទួលបានផលច្រើន ហើយលក់បានថ្លៃដូចឆ្នាំមុនទៀត។
គួរបញ្ជាក់ផងដែរថា មុខរបរដាំអំពៅនេះ សម្រាប់ប្រជាកសិករនៅឃុំជាខ្លាង មិនមែនទើបតែមាននៅក្នុងពេលថ្មីៗនេះទេ គឺពួកគាត់បានប្រកបមុខរបរនេះតពីឪពុកម្តាយ តាំងពីបុរាណមកម្ល៉េះ ប៉ុន្តែការដាំនៅសម័យមុន មិនមានទ្រង់ទ្រាយធំដូចសព្វថ្ងៃនេះទេ គឺពួកគាត់ដាំជាលក្ខណៈគ្រួសារ នៅលើផ្ទៃដីត្រឹមតែ២០អា និងច្រើនបំផុតត្រឹម២ហិកតាប៉ុណ្ណោះ ដោយសារតែគ្មានប្រភពទឹកស្រោចស្រព ការដាំគឺប្រើប្រាស់ទឹកអណ្តូងសុទ្ធសាធ ហើយមកដល់បច្ចុប្បន្ននេះ ក៏នៅតែប្រើទឹកអណ្តូងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ