ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅសល់តែផេះផង់ ហើយម្ចាស់បានដាក់ការសង្ស័យថា មានគេលួចដុត ខណៈគាត់មិននៅផ្ទះ ដោយម្ចាស់ផ្ទះអះអាងថា ផ្ទះរបស់គាត់ត្រូវភ្លើងឆេះ បន្ទាប់ពីមានការគំរាមថាបើមិនសងលុយ គេនឹងដុតផ្ទះចោល។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមម្ចាស់ផ្ទះរងគ្រោះឈ្មោះគង់ សារឿន ភេទស្រី អាយុ៤៣ឆ្នាំ បានឱ្យដឹងថា ករណីអគ្គីភ័យឆេះផ្ទះនេះគឺមានគេលួចដុត ព្រោះនៅមុនពេលកើតហេតុ មានយុវជនម្នាក់ស្លៀកខោពណ៌ក្រហម ដើរក្រឡឹងផ្ទះរបស់គាត់ ខណៈគាត់ និងប្តីចេញពីផ្ទះ ត្រូវបានកូនៗរៀបរាប់ប្រាប់ថា «មានពូស្លៀកខោពណ៌ក្រហម នៅក្នុងដៃមានកាន់ដបសាំង មកគំរាមឱ្យបងប្រុសសងលុយគាត់ បើមិនព្រមសងលុយទេ ពូនោះថានឹងដុតផ្ទះចោល»។
តាមប្រភពដដែលបានបន្តថា ដោយមានការភ័យខ្លាច កូនៗរបស់គាត់បានរត់ចេញពីផ្ទះ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានភ្លើងឆាបឆេះផ្ទះរបស់គាត់សល់តែផេះផងតែម្តង។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ មានអណ្តាតភ្លើងចេញពីផ្ទះឈ្មោះគង់ សារឿន ហើយក៏មានសំឡេងផ្ទុះផូងផាំងឡើងកងរំពងពេញភូមិ ធ្វើឲ្យផ្អើលអស់អ្នកភូមិនាំគ្នារត់មកចោមរោមមើល តែមិនអាចជួយបាន ព្រោះគ្មានទឹកបាញ់ពន្លត់ ម្យ៉ាងទៀតនៅក្នុងផ្ទះកើតហេតុក៏មានធុងហ្គាសធំមួយផង ដោយខ្លាចផ្ទុះ ធ្វើឱ្យពួកគាត់បានត្រឹមរាយការណ៍ទៅអាជ្ញាធរដើម្បីឱ្យមកជួយពន្លត់តែប៉ុណ្ណោះ។
ទាក់ទិននឹងករណីអគ្គិភ័យឆេះផ្ទះខាងលើនេះដែរ លោកអធិការនគរបាលក្រុងស្វាយរៀងបានប្រាប់ឲ្យដឹងថា ករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយ សង្កាត់ចេកនេះ គឺជំហានដំបូងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គី
សនី ហើយទំហំនៃការខូចខាតក៏មិនទាន់ដឹងនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងចុះទៅធ្វើការស្រាវជ្រាវរកមូលហេតុពិតហើយ និងចុះស៊ើបអង្កេតស្រាវជ្រាវតាមបណ្តឹងរបស់ជនរងគ្រោះផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ