បន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូឡាក់គី ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន១៥៥នាក់ ស្រី២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ព្រឹកថ្ងៃទី១៩ ខែមិថុនានេះថា ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាលខេត្ត និងក្រុងបានចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូយីហោឡាក់គីក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ដែលចុះប្រតិបត្តិការបង្ក្រាបចាប់ពីម៉ោង៣និង៣០នាទី ថ្ងៃទី១៨ ខែមិថុនានេះ រហូតដល់យប់រំលងអធ្រាត្រចូលថ្ងៃទី១៩ ខែមិថុនានេះ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងបរិវេណកាស៊ីណូឡាក់គី ឃាត់បានចំនួន១៥៥នាក់ ក្នុងនោះមានស្រី២នាក់ ព្រមរឹបអូសវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រភេទគ្រាប់ ហៅយ៉ាម៉ា និងម្ស៉ៅពណ៌សថ្លា ហៅខេទឹកកក និងថ្នាំទឹកជាប្រភេទថ្នាំក្រវី ព្រមទាំងវត្ថុតាងជាច្រើនទៀតត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងកណ្តាលយប់ ។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនអោយអស់ ហើយដាក់វិធានការពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញនគរបាលខេត្តបានសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនៅក្នុងកាស៊ីណូយីហោណូឡាក់គី ក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១៥៥នាក់ ព្រមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ ។

ឃើញប្រតិបត្តិការនេះអ្នកស្រុកបានសម្តែងកាស្វាគមន៌ និងត្រេកអរជាខ្លាំង ព្រោះទីតាំងខាងលើកើតមានដុះស្លែយូរមកហើយ ប៉ុន្តែពួកគាត់ក៏សំណូមពរឲ្យសមត្ថកិច្ចឆ្មក់ចូលទីតាំងក្លិបធំៗកន្លែងផ្សេងទៀត ដើម្បីឈានទៅលុបបំបាត់ឲ្យអស់ករណីគ្រឿងញៀន ព្រោះបើតាមប្រភពថា នៅមណ្ឌលបន្សាបគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យជនសង្ស័យដែលស្ថិតនៅតាមមណ្ឌលបន្សាបនោះភាគច្រើនជាអ្នកក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ចំនួន១៥៥នាក់ គឺមានសន្តិសុខកាស៊ីណូ មេការកាស៊ីណូ និងបុគ្គលិកកាស៊ីណូ និងជនល្មើសជួញដូរ និងចែកចាយ និងប្រើប្រាស់គ្រឿងញៀនដែលកម្លាំងនគរបាលជំនាញកំពុងធ្វើការសាកសួរហើយចាត់ការតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ