16ប្រភេទកីឡាចូលរួមក្នុងព្រឹត្តិការណ៍ Decathlon Sport Festival
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាDecathlon Sport Festival 2 ប្រមូលផ្ដុំទៅដោយកីឡាជាច្រើនប្រភេទ ។ កីឡានេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបារាំងមួយតាំងពីឆ្នាំ១៩៧៦មកម្លេ៉ះ ដែលរហូតមកដល់បច្ចុប្បន្ននេះមានសមាជិកនៅទូទាំងពិភពលោកចំនួន៥០រួចទៅហើយ ។ កីឡានេះបានចូលមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម៉្លេះ ហើយសព្វថ្ងៃនេះបានក្លាយជាវប្បធម៌កីឡា ដែលកំពុងតែមានការទាក់ទាញមនុស្សរាប់លាននាក់ចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី១៦ មិថុនា កន្លងមកនេះ នៅផ្សារទំនើបអុីអនម៉ល២ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនលក់ផលិតផលកីឡា បាននាំយកកីឡា១៦ប្រភេទដែលកំពុងតែមានការពេញនិយមពីសំណាក់ស្រទាប់យុវជនខ្មែរមកបង្ហាញ ។ ជាមួយគ្នានេះគេសង្កេតឃើញមានយុវជនយុវនារីនិងកុមារជាច្រើន បាននាំគ្នាមកចុះឈ្មោះលេងយ៉ាងសប្បាយ។

តំណាងអ្នករៀបចំកម្មវិធីបានឱ្យដឹងថា ប្រភេទកីឡាដែលត្រូវបានយកមកបង្ហាញលេងក្នុងពេលនេះរួមមាន កីឡាជិះកង់ កីឡាលំហាត់ប្រាណ(Yoga)កីឡាវាយកូនបាល់ កីឡារាំហ្សាំបា កីឡាការ៉ាតេដូ កីឡាវាយសី កីឡាប្រដាល់សេរី កីឡាតេក្វាន់ដូ កីឡាបាល់បោះ កីឡាScooter កីឡាវាយកូនឃ្លីលើតុ កីឡារាំបាឡេ កីឡា បាល់ទាត់ កីឡាល្បុក្កតោ កីឡាហែលទឹកនិងកីឡាបេ៉តង់ ។

មន្ត្រីដដែលរូបនោះបានឱ្យដឹងទៀតថា គោលបំណងសំខាន់ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍កីឡា គឺចង់អភិរក្សកីឡាក្បាច់គុនបូរាណខ្មែរ ដែលមានប្រដាល់សេរីនិងល្បុក្កតោជាដើម ។ អ្នកដែលមកបង្ហាញទាំងក្បាច់គុនបូរាណខ្មែរនិងល្បុក្កតោនេះទៀត មានទាំងកីឡាករខ្មែរនិងកីឡាករបារាំងចូលសញ្ជាតិខ្មែរផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ