ក្រោយ​បបួល​បងប្រុស​ទៅ​ហូប​បាយ ស្រាប់តែ​ទូរស័ព្ទ​ទៅ​ប្អូនស្រី​ទារ​៣​ពាន់​ដុល្លារ


ខេត្តបន្ទាយមានជ័យ ៖​ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទើបតែ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១២​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពី​បទ​ចាប់​ជំរឹត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​កាលពី​ពេល​កន្លង​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៧ មិថុនា ២០១៩ បាន​ទទួល​ព័ត៌មាន​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ថា មាន​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ខ្មែរ​ដូច​គ្នា ពី​ភ្នំពេញ​មក​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ ។

លុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ កំលាំង​ជំនាញ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​ខេត្ត និង​កំលាំង​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​-​ក្រុង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ចេញ​កម្លាំង​ទាំង​យប់​ធ្វើការ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ឆែកឆេរ នៅ​តាម​ដងផ្លូវ​ជាតិ ​និង​តាម​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែល​មានការ​សង្ស័យ រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​សណ្ឋាគារ​ស៊ី​ធី ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយ​ជ័យ រួច​បាន​នាំ​ខ្លួន​ជ​សង្ស័យ​ទាំង​៣​នាក់​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ចាប់​ជំរឹត​ទារប្រាក់​ខាងលើ​ឈ្មោះ ថៅ ណា​ក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់ បឹង​ទំពុន ខណ្ឌមានជ័យ ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ​ព្រាប វ​ណ្ណា ភេទ​ប្រុស ឆ្នាំ​២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត និង​ជា​សមគំនិត ២-​ឈ្មោះ ព្រាប វ​ណ្ណះ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ចាប់​ជំរឹត និង​៣-​ឈ្មោះ វ៉ា​ន់ ស្រេ​ត ភេទ​ប្រុស ឆ្នាំ​២៨​ឆ្នាំ ជា​សមគំនិត និង​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៣០០ ពណ៌​កាំ​ម៉ៃ ស្លាក​លេខ ភ្នំពេញ ២AL-៨០០៤ ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ពី​ភ្នំពេញ​រហូត​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​សម្ភារៈ​ផ្ទាល់ខ្លួន​មួយ​ចំនួន​របស់​ក្រុម​ជនសង្ស័យ​។

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ថា យោង​តាម​​​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​ទៅ​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ​ព្រាប វ​ណ្ណះ បាន​ទូរស័ព្ទ​មក​បបួល​គាត់​ទៅ​ហូប​បាយ​ជាមួយ​គ្នា ស្រប​ពេល​នោះ​គាត់​ក៏​បាន​ទៅ​ជាមួយ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ចាប់​គាត់​ពេល​ចេញពី​ភ្នំពេញ​បាន​បន្តិច បន្ទាប់​មកជនសង្ស័យ​​ឈ្មោះ​ព្រាប វ​ណ្ណះ បាន​ធ្វើ​សកម្មភាព​ចង​មុខ ចងដៃ ដោយ​ប្រើ​ស្គុ​ត និង​គំរាម​ឲ្យ​គ្នីគ្នា​វាយ​សម្លាប់​គាត់ បើ​មិន​ផ្តល់​ប្រាក់​ឲ្យ​ពួក​គេ​ចំនួន​៣​ពាន់​ដុល្លា​ទេ​នោះ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​គាត់​ខ​ល​ទៅ​ប្អូនស្រី​គាត់​ឲ្យ​រក​លុយ​ចំនួន​៣​ពាន់​ដុល្លារ តែ​បាន​ចំនួន​១.៥០០​ដុល្លារ រួច​ដាក់​ចូល​ក្នុង​កុង​ធនាគារ​របស់​ជនសង្ស័យ​ឈ្មោះ​ព្រាប វ​ណ្ណះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ព្រាប វ​ណ្ណះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ចាប់​ជំរឹត​នោះ​មែន ក៏​ព្រោះតែ​ជន​រង​គ្រោះ​បាន​បំផ្លាញ​សេចក្តី​ស្នេហា​របស់​ខ្លួន ព្រោះ​ខ្លួន​មាន​សង្សា​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី និង​ម្នាក់​ទៀត​នៅ​ស្រុក​ខ្មែរ ហើយ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សង្សា​របស់​ខ្លួន​នៅ​អូស្ត្រាលី​ថា ខ្លួន​មាន​សង្សា​ម្នាក់​នៅ​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​នាង​ជា​សង្សារ​នៅ​អូស្ត្រាលី​ឈប់​ទំនាក់ទំនង​ជាមួយ​ខ្លួន ទើប​ខ្លួន​មាន​កំហឹង​ក៏​រៀបចំ​ផែនការ​ចាប់​ជំរឹត​ទារ​លុយ​ចំនួន​៣​ពាន់​ដុល្លារ តែ​បាន​ត្រឹមតែ​១​ពាន់​៥០០​ដុល្លា​ប៉ុណ្ណោះ​ដាក់​ចូល​ក្នុង​កុង​របស់​ខ្លួន ។ ចំពោះ​លុយ​ដែល​ខ្លួន​ជំរឹត​បាន​នោះ​ក៏​មិន​យក​មក​ចាយ​ទេ គឺ​យក​ទៅ​ជួយ​មន្ទីរពេទ្យ​កុមារ​បុប្ផា​អង្គរ ។ លុយ​នោះ​ខ្លួន​មិន​ទាន់​បាន​ដក​យក​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា នេះ​គឺជា​ករណី​ទី​២​ដែល​កម្លាំង​នគរបាល​ខេត្ត​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ដែល​ករណី​ទី​១-​ជនជាតិ​ចិន​ចាប់​ជំរឹត​ជនជាតិ​ចិន​ដូច​គ្នា និង​លើក​ទី​២-​ខ្មែរ​ចាប់​ជំរឹត​ខ្មែរ ។ ដោយ​ករណី​ចាប់​ជំរឹត​នេះ​ដែល​កើត​មាននៅ​រាជធានី​ភ្នំពេញ​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​ប្រគល់​ជូន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ