ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះដីធ្លី​ពលរដ្ឋ រវាង​​មូលដ្ឋាន​កង​ការ​ពារ​​​អា​កាស​វរៈ​លេខ​៩១​…​កាន់តែផ្ទុះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​១៤៥​គ្រួសារ រស់នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​យោធា​មូលដ្ឋាន​កងការពារ​អាកាស​វរៈ​លេខ​៩១ បាន​អូស​បន្លាយពេល​ជិត​២០​ឆ្នាំ​មក​ហើយ​នៅ​តែ​គ្មាន​ការ​ដោះស្រាយ ខណៈ​អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ចិត្ត​ធ្វើការ​តវ៉ា​រាប់​ដង​មិន​អស់​ឡើយ ប៉ុន្តែ​មិន​អាច​រក​ដំណោះស្រាយ​ចេញ​ទាល់តែ​សោះ…

រាជធានី​ភ្នំពេញ ៖ ជម្លោះដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​១៤៥​គ្រួសារ រស់នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​យោធា​មូលដ្ឋាន​កងការពារ​អាកាស​វរៈ​លេខ​៩១ បាន​អូស​បន្លាយពេល​ជិត​២០​ឆ្នាំ​មក​ហើយ​នៅ​តែ​គ្មាន​ការ​ដោះស្រាយ ខណៈ​អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ចិត្ត​ធ្វើការ​តវ៉ា​រាប់​ដង​មិន​អស់​ឡើយ ប៉ុន្តែ​មិន​អាច​រក​ដំណោះស្រាយ​ចេញ​ទាល់តែ​សោះ និង​នៅ​តែ​បន្ត​ភាព​រ៉ាំរ៉ៃ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ជា​ថ្មី​ម្តងទៀត នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា អ្នក​ភូមិ​ចំនួន​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារបាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្ដងទៀត ដោយ​ពួក​គាត់​អះអាង​ថា ក្រុម​យោធា​កំពុង​ធ្វើ​សកម្មភាព​ចាក់​ដី​លុបស្រះ​ទំនាស់​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​នោះ​ដើម្បី​ពុះ​ជា​ឡូត៍​លក់ ។ មិនតែប៉ុណ្ណោះ អ្នក​ភូមិ​ថែម​ទាំង​បាន​លើកគ្នា​ទៅ​ធ្វើការ​រារាំង​សកម្មភាព​ចាក់​ដី​នោះ​ដល់ទី​តាំង​ក្បែរ​បន្ទាយ​យោធា​ខាងលើ ដែល​ស្ថិត​នៅ​ជាប់​ភូមិ​របស់​ពួក​គាត់​ផង​ដែរ ។ ពួក​គាត់​បញ្ជាក់​ថា ដី​ដែល​កំពុង​មាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ជិត​២០​ឆ្នាំ​មកនេះ មាន​ទំហំ​៤៣.០៧៥​ម៉ែត្រការ៉េ ដែល​ក្រសួងការពារជាតិ​បាន​រៀបចំ​ប្រគល់​ឱ្យ​តំណាង​ប្រជាពលរដ្ឋ​៣៥​គ្រួសារ ។

អ្នក​ភូមិ​បាន​រំឭក​ពី​ប្រវត្តិ​ដី​ទំនាស់​នេះ​ថា កាល ពី​ឆ្នាំ​១៩៨៧ យោធា​ខាងលើ​បាន​ស្នើ​សុំ​ខ្ចី​ដី​ពីពួក​គាត់​ទំហំ​សរុប​ជាង​៩​ហិ​កតា ធ្វើ​ជា​មូលដ្ឋានកងទ័ព​ឈរជើង​ការពារ​ដែនអាកាស​ជា​បណ្ដោះអាសន្ន​ដោយ​សន្យា​ថា នឹង​ប្រគល់​មក​ឲ្យ​វិញ​នៅ​ពេល​អ្នក​ភូមិ​ត្រូវការ ។ ដោយសារ​តែ​មានការ​សន្យា​បែប​នេះ​ហើយ ទើប​ពួក​គាត់​យល់ព្រម​ឲ្យ​ខ្ចី​ដោយ​មិន​បាន​គិត​ថា យោធា​មិន​គោរព​ពាក្យ​សន្យា​បែប​នេះ​ឡើយ ។ លុះដល់​ឆ្នាំ​២០០២ ពួក​គាត់​បាន​ទាមទារ​យក​ដី​មក​វិញ​ដើម្បី​ចែក​កូនចៅ​ក្នុងភូមិ ដែល​ខ្លះ​មាន​ប្ដី​មាន​ប្រពន្ធ​ត្រូវ​បែក​គ្រួសារ​​សម្រាប់​​រស់នៅ ស្រាប់តែ​យោធា​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ពួក​គាត់​បាន​លើកគ្នា​ធ្វើការ​តវ៉ា​តតាំង​ជាមួយ​យោធា​ដែល កាល​ណោះ​មាន​លោក សុខ ប៉ា​ង ជា​មេ​បញ្ជាការ​កងទ័ព​វរៈ​លេខ​៩១​នោះ ហើយ​ការ​តវ៉ា​នេះ ក៏​មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​រួម​នឹង​ក្រសួង​ការពារ​ជាតិ​ផង បាន​ចូលរួម​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ ក្រោយមក យោង​តាម​ចំណារ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រុមការងារ​រួម​មាន ក្រសួងការពារជាតិ សាលា​រាជធានី​ភ្នំពេញ សាលា​ខណ្ឌដង្កោ សាលាសង្កាត់​ចោម​ចៅ បាន​បែងចែក​ដី​នោះ​ជា​៣​ចំណែក​គឺ ៖ ទី​១-​កាត់​ដី​ទំហំ​ជាង​៣​ហិ​កតា​ជូន​ទៅ​គ្រួសារ​កងទ័ព​នៅ​ជុំវិញ​បន្ទាយ​ចំនួន​១២៤​គ្រួសារ ថែម​ទាំង​ផ្ដល់​ជូន​ប័ណ្ណកម្មសិទ្ធិ​ផង​ដែរ ទី​២-​កាត់​ដី​ទំហំ​៤៣.០៧៥​ម៉ែត្រការ៉េ​ប្រគល់ជូន​ពួក​គាត់​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ និងទី​៣-​ដី​ដែល​នៅ​សល់​ទំហំ​ជាង​១០.០៤០​ម៉ែត្រការ៉េ ប្រគល់​ជូន​ទៅ​កងទ័ព​រួម​ជាមួយ​ដី​២ហិ​ក​តា​កន្លះ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ។

ប្រភព​ខាងលើ​បន្ត​ថា បន្ទាប់​ពី​មានការ​ឯកភាព​គ្នា​នោះ ពួក​គាត់​សង្ឃឹមថា​រឿង​ទំនាស់​នឹងត្រូវ​បញ្ចប់​ទាំង​ស្រុង លែង​មានការ​អូស​បន្លាយពេល​ទៀត​ហើយ ។ ប៉ុន្តែ​ការ​គិត​គឺ​ខុសស្រឡះ​ដោយសារ​តែ​នៅ​រយៈពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះដល់​ពេល​ប្រគល់ ហើយ​អ្នកតំណាង​ត្រូវ​យកប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​៣៥​គ្រួសារ ស្រាប់តែ​ខកខាន​ឈប់​ដោះស្រាយ​​ទៅ​វិញ ។

ពួក​គាត់​មិន​បានដឹង​ពី​មូលហេតុ​អ្វី​ឡើយ ហើយ​យោធា​បាន​កាត់​ដី​នោះ​លក់​និង​ចាក់​ដី​រំលោភ​ជា​បន្តបន្ទាប់ លុះ​ពេល​ពួក​គាត់​តវ៉ា​ក៏​ផ្អាក​សកម្មភាព ដល់​ពេល​ស្ងប់ស្ងាត់​បន្តិច​ក៏​ចាប់ផ្ដើម​ចាក់​ដី​រុករាន​បោះបង្គោល​យក ដូច​ជា​ពេល​នេះ​ជាដើម គឺ​បាន​ចាក់​ដី​លុប​ស្រះ​ទឹក​ដើម្បី​ពុះ​ជា​ឡូត៍លក់ ។ ពេល​ឃើញ​បែប​នេះ ពួក​គាត់​បាន​លើក គ្នា​រារាំង​និង​តវ៉ា និង​ត្រូវ​បាន​ខាង​យោធា​និយាយ​ថា ការ​ចាក់​ដី​នេះ​មានការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញា​ធរ​ភូមិ សង្កាត់ និង​ខណ្ឌ ។

ភ្លាម​ៗ​នោះ​ពួក​គាត់​បាន​សួរ​ទៅ​ខាង​អាជ្ញាធរ​ខាងលើ ប៉ុន្តែ​អាជ្ញាធរ​ប្រាប់​ថា មិន​បានដឹង​ឬ​អនុញ្ញាត​ឲ្យ​យោ​ធា​ចាក់​ដី​ឡើយ ។ ទាក់ទិន​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពល​រដ្ឋ​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​យោធា​បាន​ឡើយ ។ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ទៅ​កាន់​ទីនោះ​ធ្វើការ​សម្រប​សម្រួល​ទប់ស្កាត់ ក្រែង​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ជាយថាហេតុ ដោយ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ ៕ ​

អត្ថបទសរសេរ ដោយ