រាជធានីភ្នំពេញ ៖ អ្នកតាមដានពីដំណើររឿងនេះបានចោទសួរថា មានលុយរាប់ពាន់ដុល្លារវេរទៅឱ្យគេ តើប្រាក់ពាន់នោះ វាស្ទូចយកលុយរាប់លានមកវិញឬ? ពិតជាគួរឱ្យអៀនខ្មាសណាស់ គ្មានឡើយរាជសីហ៍ ហាមាត់ចាំស៊ីម្រឹគបោលចូលមាត់នោះ បើមិនខំរកទេចាំតែបានស៊ីតើ ។

យោងតាមគេហទំព័រកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនស្បែកខ្មៅម្នាក់ រួមជាមួយស្រីស្នេហ៍ជាជនជាតិខ្មែរ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកតាមរយៈទំនាក់ទំនងក្នុងបណ្តាញសង្គមហ្វេសប៊ុក ។
ជនសង្ស័យឈ្មោះ Nwosu Martins អាយុ៣១ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូងស្បែកខ្មៅ និងស្រីស្នេហ៍ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ បានបង្កើតអាខោនហ្វេសប៊ុកក្លែងបន្លំ ទាក់ទងមកជនរងគ្រោះឲ្យទុកចិត្តនិងសន្យា ផ្ញើលុយមកឲ្យជនរងគ្រោះ ។ បន្ទាប់មក ក្រុមជននេះ ប្រើល្បិចឱ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន៣លើក ដែលលើកទី១ចំនួន៥៥០ដុល្លារ លើកទី២ចំនួន៥.៣០០ដុល្លារ និងលើកទី៣ចំនួន៤.៧០០ដុល្លារ ។

ដោយមានការសង្ស័យ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ព្រមទាំងស្រាវជ្រាវរកឃើញថា ជនសង្ស័យខាងលើធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើនរយនាក់ផងដែរ ។
ជាមួយករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងថា គេអាចបោកយើងបាននៅពេលណាដែលយើងមានចិត្តលោភលន់ក្នុងខ្លួន ។

ដូច្នេះលោកសូមយកមេរៀននេះអំពាវនាវដល់បងប្អូនប្រជាពលដ្ឋ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភ លន់ កុំត្រេកត្រអាលជាមួយរង្វាន់ ឬអំណោយដែលគ្មានប្រភព គ្មានប្រវត្តិច្បាស់លាស់ និងត្រូវចងចាំថា គ្មានអ្វីបានមកដោយងាយស្រួល ដោយយើងមិនបានប្រឹងប្រែងចំណាយកម្លាំងញើសឈាមរកវានោះទេ ។
សូមពិចារណាឲ្យបានហ្មត់ចត់មុននឹងជឿទៅលើអ្វីមួយ ចៀសវាងចាញ់បោកការលួងលោមរបស់ជនជនបោកប្រាស់ទាំងឡាយ ។ (សម្រួលដោយ៖ ស្រីណា)




ចែករំលែកព័តមាននេះ