រាជធានីភ្នំពេញ ៖ យុវជន៣នាក់មិនព្រមឲ្យសមត្ថកិច្ចឃាត់ឆេកឆេរ ថែមទាំងបានទាក់ទងទៅមិត្តភក្តិ៣នាក់ផ្សេងទៀតអោយជួយអន្តរាគមន៍ និងជេរប្រមាថសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចក៏នាំក្រុមយុវជនទាំងនោះទៅពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន ហើយក៏ធ្វើការឃាត់ខ្លួនតែម្តង ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ  ទល់មុខរោងចក្រមួយកន្លែង ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៦នាក់ខាងលើដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមិនបានស្គាល់ឈ្មោះ តែក្រុមជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងជិះគ្នា៣នាក់ ម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១GP-៨៣៧០ ។ ចំណែកម៉ូតូមួយគ្រឿងទៀតជិះគ្នា៣នាក់ដែរម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ១N-៣៦៥៩ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានចេញល្បាតក្នុងភូមិសាស្ត្រ លុះមកដល់មហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវខាងលើ ស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស ។

តាមប្រភពដដែលបានបន្តថា ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់សួរនាំ តែក្រុមជនសង្ស័យទាំង៣នាក់ខាងលើមិនព្រមឲ្យសមត្ថកិច្ចឆែកឆេរឡើយ បន្ទាប់មកក្រុមជនសង្ស័យខាងលើបានទាក់ទងទៅមិត្តភក្តិចំនួន៣នាក់ផ្សេងទៀតឲ្យមកជួយអន្តរាគមន៍ ដោយមិនឲ្យសមត្ថកិច្ចឆែកឆេរ ព្រមទាំងរារាំង និងដោះអាវបោកមុខសមត្ថកិច្ច ហើយជេរប្រមាថកំលាំងសមត្ថកិច្ចទៀតផង បន្ទាប់មកកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅកំលាំងនគរបាលប៉ុស្តិ៍ដើម្បីជួយឃាត់ និងនាំក្រុមជនសង្ស័យទាំងនោះទៅធ្វើការសាកសួរភ្លាមផងដែរ ។ 

តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះកំលាំងសមត្ថកិច្ចបានសហការគ្នា និងឆែកឆេរ រកឃើញថ្នាំញៀនមួយកញ្ចប់តូច, ដែកកេះមួយ និងឧបករណ៍សំរាប់ជក់គ្រឿងញៀនចំនួន២ ផងដែរ ។ 

ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ និងកំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបាន នាំជនសង្ស័យទាំង៦នាក់ទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីពិនិត្យមើលសារធាតុញៀន នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)







 
                        
			         
				
ចែករំលែកព័តមាននេះ