ទាំង​ព្រឹក​នេះ​! ល្មម​ដឹងខ្លួន​ហួសពេល​ទៅ​ហើយ​គេ​ទម្លាក់​មាស​ក្លែងក្លាយ​…​មាស​ពិត


ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួច​មក​កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ចុះ​ស្រាវជ្រាវ​រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ករណី​ឆបោក​ដោយ​បាន​ទម្លាក់​មាស​ក្លែងក្លាយ​ប្តូរ​យក​មាស​ពិត​ពី​ជន​រង​គ្រោះ​នៅ​តាម​ដងផ្លូវ​សាធារណៈ ដែល ហេតុ​ការ​ឃាត់ខ្លួន​ជន​ឆបោក​ទម្លាក់​មាស​តាម​ដងផ្លូវ​ប្តូរ​យក​មាស​សុទ្ធ​ពី​ជន​រង​គ្រោះ​នោះ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​បាន​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ​ករណី​ឆបោក​ដោយ​បាន​ទម្លាក់​មាស​ក្លែងក្លាយ​ប្តូរ​យក​មាស​ពិត កម្លាំង​នគរបាល​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន​ក៏​បាន​ដាក់​កម្លាំង​ល្បាត​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ១-​ឈ្មោះ ជួង សុភាព ហៅ​ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល ក្រុង​-/​សំរោង ខេត្តឧត្តរមានជ័យ ។ ២- ឈ្មោះ ឌី​ន ចាន់​ថុ​ល ហៅ​ម៉ូ​វ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​(​ប្រពន្ធ​) ស្នាក់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពាក់ព័ន្ធ​ករណី​ឆបោក​(​ទម្លាក់​មាស​ក្លែងក្លាយ​ប្ដូរ​យក​មាស​ពិត​ពី​ជន​រង​គ្រោះ​) ។ ៣-​ឈ្មោះ អ៊ុយ ណាត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធ​បទ​សមគំនិត​អំពើ​ឆបោក​។

លោក​បន្ត​ថា នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ឫស្សី​តូច ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ន សា​លួត ភេទ​ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​រមៀត ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ជាមួយនឹង​កូនស្រី​ឈ្មោះ សូ​រិ​យា ចាន់​ដា អាយុ​១៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ឆ្ពោះទៅ​ផ្សារ​អង្គរជុំ ស្រុក​អង្គរជុំ គោលបំណង​របស់​គាត់​យក​ប្រាក់​ទៅ​បង់​ធនាគារ លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាងលិច​សាលា​បឋម​សិក្សា​ឫស្សី​តូច ស្ថិត​នៅ​ភូមិ​ឫស្សី​តូច ឃុំ​ស្វាយស ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ស្រាប់តែ​ឃើញ​ជនសង្ស័យ​មនុស្ស​ស្រី​ម្នាក់​ពុំ​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​វ៉ា​ជន​រង​គ្រោះ​ទៅ​មុន​បាត់ ដោយ​បានឃើញ​ជ្រុះ​កញ្ចប់​ចំនួន​០១ ដោយ​រុំ​នឹង​ក្រដាស​ជូត​មាត់​ពណ៌​ស មាន​ប្រាក់​ចំនួន​២០០០​រៀល រឹត​កៅស៊ូកង ។

បន្ទាប់​មក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ទៀត​ភេទ​ប្រុស​ជិះ​ម៉ូតូ​០១​គ្រឿង​ទៀត ពុំ​ស្គាល់ឈ្មោះ បាន​មក​រើស​យក​កញ្ចប់​នោះ រួច​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ហួស​ទៅ​មនុស្ស​ប្រុស​ដែល​បាន​រើស​នោះ​ក៏​ជិះ​តាម​ក្រោយ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ស្ត្រី​ម្នាក់​ដែល​បាន​ជ្រុះ​កញ្ចប់​នោះ​បាន​ត្រឡប់​មក​វិញ​ដោយ​ភ័យ​ស្លន់ស្លោ​មក​សួរ​ជន​រង​គ្រោះ​ថា មីង​ៗ​បានឃើញ​កញ្ចប់​មាស​ដែល​គាត់​ជ្រុះ​មិ​ញ​ដែរ ឬ​អត់ ជន​រង​គ្រោះ​ឆ្លើយ​ថា នោះ​មនុស្ស​ម្នាក់​នោះ (​ជន សង្ស័យ​ភេទ​ប្រុស​) បាន​រើស​យក តែ​ជនសង្ស័យ​ភេទ​ស្រី​ធ្វើ​ជា​ស្តាប់​ពុំ​បាន បន្ទាប់​មក​ទៀត​ជនសង្ស័យ​ភេទ​ស្រី​ក៏​បាន​មក​សួរ​ជន​នោះ តែ​គេ​បាន​ឆ្លើយ​ថា ពុំ​បានឃើញ ឬ​រើស​បាន​នោះ​ទេ រួច​ស្ត្រី​ម្នាក់​នេះ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ក្រោយ​បាត់​ទៅ ។

បន្ទាប់​មក​ជនសង្ស័យ​ភេទ​ប្រុស​ក៏​យក​កញ្ចប់​មាស​នោះ (​មាស​ក្លែងក្លាយ​) បបួល​ចែក​គ្នា​ជាមួយ​ជន​រង​គ្រោះ​ដោយ​ថា បានឃើញ​ទាំងអស់​គ្នា រួច​បបួល​ទៅ​ចែក​គ្នា​ក្នុង​ព្រៃ ខណៈ​ពេល​នោះ​ជនសង្ស័យ​បាន​និយាយ​ថា មីង​ឯង​យក​មាស​នេះ​ទាំងអស់​ទៅ (​មាស​ក្លែងក្លាយ​) តែ​ដោះ​ខ្សែ​.​ករ​មាស​ដែល​មីង​ពាក់​ឲ្យ​មក​ខ្ញុំ ដើម្បី​ដោះ​ដូរ​គ្នា ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ដោះ​ខ្សែ​.​ក​មាស​របស់​ខ្លួន​ឲ្យ​ជនសង្ស័យ រួច​មក​ឡើង​ជិះ​ម៉ូតូ​រៀង​ៗ​ខ្លួន ដោយ​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​ទិស​ខាងលិច ហើយ​ជនសង្ស័យ​ក៏​ជិះ​ទៅ​ទិស​កើត លុះ​ជន​រង​គ្រោះ​ចេញ​បាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ក៏​ភ្ញាក់ខ្លួន​ថា បាន​ចាញ់បោក​គេ​ហើយ​ក៏​ប្តឹង​រាយការណ៍​ដល់​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​អន្តរាគមន៍​ស្ទាក់​តាម​បណ្តា​ប៉ុស្តិ៍​នីមួយ​ៗ​រហូត​ចាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ខាងលើ ។ ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​សហេតុ​ស្រង់​ចម្លើយ ពួក​គេ​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក យក​មាស​ក្លែងក្លាយ​ឆបោក​យក​ខ្សែ​.​ក​មាស​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​វ៉ា​រិ​ន កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ