ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទុង និង​ត្រដក់​៣​ក្បាល​ត្រូវ​បាន​សង្គ្រោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ សត្វ​ទុង និង​ត្រដក់​៣​ក្បាល ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​អភិរក្ស​សត្វព្រៃ​យក​លែង​នៅ​ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម ។ សត្វ​ទុង និង​សត្វ​ត្រដក់​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​វិនាស​ជិត​ផុត​ពូជ ដោយ​ក្រុម​ព្រានព្រៃ​លប​លួច​បរបាញ់​ជា​អាហារ ។…

ខេត្តបន្ទាយមានជ័យ​៖ សត្វ​ទុង និង​ត្រដក់​៣​ក្បាល ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​អភិរក្ស​សត្វព្រៃ​យក​លែង​នៅ​ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម ។ សត្វ​ទុង និង​សត្វ​ត្រដក់​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​វិនាស​ជិត​ផុត​ពូជ ដោយ​ក្រុម​ព្រានព្រៃ​លប​លួច​បរបាញ់​ជា​អាហារ ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​អភិរក្ស​សត្វព្រៃ WCS និង​អង្គការ​ACCB កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​យក​ទុង និង​ត្រដក់​ទាំង​៣​ក្បាល​នោះ​យក​ទៅ​លែង​នៅ​ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី​ការ​ពារ​អ​ភិរក្ស​ឱ្យ​បាន​គង់វង្ស ។ សត្វ​ទាំង​៣​ក្បាល​នោះ​គឺ​សត្វ​ទុង​១​ក្បាល និង​សត្វ​ត្រដក់​តូច​២​ក្បាល ។

លោក​យឹ​ម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ឱ្យ​ដឹង​ថា​៖ សត្វ​ទាំង​៣​ក្បាល​ត្រូវ​អង្គការ​អភិរក្ស​សត្វព្រៃ​ឈ្មោះ WCS និង​អង្គការ​ACCB យក​ពី​ខេត្តសៀមរាប ហើយ​លែង​នៅ​តំបន់​ការពារ​អភិរក្ស​ក្នុង​ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម ។ អង្គការ​ទាំង​២​នេះ​កន្លង​មក​បាន​យក​សត្វ​ត្រដក់​២​ក្បាល​លែង​នៅ​ទីនោះ​ដែរ ដើម្បី​រក្សា​ការពារ​បញ្ចៀស​ពី​ការ​បរបាញ់​ពី​ព្រានព្រៃ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ឱ្យ​ដឹង​ទៀត​ថា​៖ ប្រភេទ​សត្វ​ទុង​,​ក្រៀល​,​ក្រសា​,​ត្រដក់ ជា​ពពួកសត្វ​ត្រូវ​ក្រសួងបរិស្ថាន​ការពារ​អភិរក្ស ដើម្បី​ទុក​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍ ។ ពពួកសត្វ​ទាំងនេះ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ព្រៃរនាម និង​នៅ​តាម​ស្ទឹង បឹង ទន្លេ ហើយ​វា​ស៊ី​ត្រី​ជា​អាហារ​។

ពពួកសត្វ​ទាំងនោះ​នៅ​ខេត្តបន្ទាយមានជ័យ មាន​៣​កន្លែង សម្រាប់​ការពារ​អ​ភ​រិ​ក្ស និង​កន្លង​មក​មន្ត្រី​បរិ​ស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​ការពារ និង​អប់រំ​ហាមឃាត់​មិន​ឱ្យ​នាំ​គ្នា​បរបាញ់​សត្វ​ទាំងនោះ​ឡើយ ព្រោះ​សត្វ​ទាំងនោះ​កំពុង​រង​ការ​វិនាស​ផុត​ពូជ បើសិន​គ្មាន​វិធានការ​ការពារ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ។

លោក​យឹ​ម លី ឱ្យ​ដឹង​ទៀត​ថា កិច្ច​ការងារ​ការពារ​អភិរក្ស​ពពួក​ស្លាប មាន​សត្វ​ទុង​,​ក្រៀល​,​ក្រសា​,​ត្រដក់​,​កាលពី​កន្លង​ទៅ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម​បាន​ចុះ​ល្បាត​ចំណុច​ត្រពាំង​តា​មុ​៉​ក និង​ធ្លាប់​បាន​ជួប​ប្រទះ​ជនខិលខូច​ប្រព្រឹត្ត​បទល្មើស​ដើរ​ឆ្លុះ​សត្វ និង​បាន​ឃាត់ខ្លួន​៦​នាក់​យក​ទៅ​អប់រំ ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បរបាញ់​សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស និង​ដកហូត​កាំភ្លើង​ខ្យល់​៥​ដើម៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ