​បំបែកទីតាំងដែល​ផលិត​កាំបិត ​ដាវ ​​និង​ដាវ​​ច្នៃ ដែលគេនិយមហៅ«សាមូរ៉ៃ»


រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ បាន​ទៅ​ពិនិត្យ​សិប្បកម្មគ្មាន​ស្លាក​យីហោ​ផលិត​កាំបិត និង​ដាវ ព្រមទាំង​ដាវ​ច្នៃ ដែល​គេ​និយម​ហៅ​ថា​សា​មូ​រ៉ៃ មាន​តូច​មាន​ធំ​គ្រប់​ប្រភេទ​រាប់​សិប​ដើម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។

បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពីផលិត​បាន​ហើយ សិប្បកម្ម​មួយ​នេះ​លក់​ចែកចាយ​នៅ​ក្នុង ស្រុក​ខ្លះ និង​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ខ្លះ ។ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ដកហូត​កាំបិត ដាវ និង​ដាវ​សា​មូ​រ៉ៃ​ទាំងនោះ​យក​ទៅ​រក្សា​ទុក និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​ថៅកែ​សិប្បកម្ម ព្រមទាំង​ហៅ​បុរស​៤​នាក់​ដែល​ជា​កម្មករ​បម្រើ​ការងារ​នៅ​ទីនោះ​ទៅ​សាកសួរ​ផង​ដែរ ។

ការ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ខែមិថុនា ដែល​សិប្បកម្ម​ខាងលើ​ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​សិប្បកម្មនេះ​បាន​បើក​ដំណើរការ​ផលិត​ដាវ កាំបិត ជា​យូរ​មក​ហើយ ប៉ុន្តែ​មានការ​ស្ងាត់​កំបាំង​ខ្លាំង​ណាស់ មិន​ត្រូវ​បាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ដឹង​ឡើយ ហើយ​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ដែរ ដែល​មិនដឹង​ថា ក្រោយ​ពេល​ផលិត​បាន សិប្បកម្ម​នេះ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ណាខ្លះ​ទេ ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​បានដឹង​ថា មិន​ត្រឹមតែ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ គឺ​បាន​លក់​ឲ្យ​ក្រុម​ជន​ស្ទាវ ក្មេង​ទំនើង និង​ជនពាល​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ព័ត៌មាន​បែក​ការណ៍​ពី​ទីតាំង​ផលិត​កាំបិត ដាវ និង​ដាវ​សា​មូ​រ៉ៃ​រហូត​ដល់​មាន​ការ​ចុះ​ពិនិត្យ​និង​បង្ក្រាប​នេះ គឺ​ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ហើយ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ភូមិ​ដែល​រាយការណ៍​ប្រាប់​ដោយ​សម្ងាត់ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ឃ្លាំមើល​បន្ត​ជា​ច្រើន​ថ្ងៃ​រហូត​កំណត់​យ៉ាង​ជាក់លាក់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ បាន​សម្រេច​ចុះ​ទៅ​ពិនិត្យ​និង​បង្ក្រាប​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​ទៅ​ដល់ទី​តាំងនោះ​មិន​មាន​ស្លាក​យីហោ​ឡើយ គឺជា​សិប្បកម្ម​ខ្នាត​តូច​មួយ ដែល​តាម​ការ​ស្រាវជ្រាវ​ទី​នេះ​ក្រោយ​ពេល​ផលិត​បាន កាំបិត ដាវ និង​ដាវ​សា​មូ​រ៉ៃ​ទាំងនោះ​ភាគច្រើន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។ ចំណែក​មួយ​ចំនួន​ទៀត​លក់​នៅ​ក្នុងស្រុក ហើយ​មាន​ក្រុម​បង​តូច​បងធំ​និង​ជន​អន្ធពាល ក្រុម​ក្មេង​ទំនើង ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​អាក្រក់​ថែម​ទៀត​ផង ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​យក​ដាវ កាំបិត និង​ដាវ​សា​មូ​រ៉ៃ ទាំងនោះ​ទៅ​រក្សា​ទុក ព្រម ទាំង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​ថៅកែ​សិប្បកម្ម និង​ហៅ​បុរស​អ្នកបម្រើ​ការងារ​ក្នុង​សិប្បកម្ម​នេះ​ចំនួន៤​នាក់​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ