អង្គការ​មូលនិធិ​អាស៊ី និង​អ្នក​ពាក់ព័ន្ធ បង្កើត​​សៀវភៅ​កុមារ​ចំនួន​១០​ក្បាល​ជា​ភាសា​ខ្មែរ


រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ​២០១៩ អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​បង្កើត​សៀវភៅ​រឿង​សម្រាប់​កុមារ​លើក​ទី ៦ (BookLab) ដើម្បី​បង្កើត​សៀវភៅ​កុមារ ១០ បន្ថែម​ទៀត ដែល​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង Let’s Read ដើម្បី​ពង្រឹងសមត្ថភាព​អ្នក​បង្កើត​សៀវភៅ​ក្នុងស្រុក​បង្កើត​ធនធាន​អំ​ណា​ន​ឱ្យ​មានគុណ​ភាព​ខ្ពស់ និង​ជំរុញ​ទម្លាប់​នៃ​ការ​អាន​របស់​កុមារ ។

បណ្ណាល័យ​ឌី​ជី​ថ​ល Let’s Read បាន​បង្កើន​ចំនួន​សៀវភៅ​ជា​ភាសា​ខ្មែរ​ជិត ៣០០ ក្បាល និង​មាន​សៀវភៅ​ជាង ២០០០ ក្បាល​ផ្សេង​ទៀត​ក្នុង ២៣ ភាសា​ផ្សេង​គ្នា ។ បណ្ណាល័យ​ឌី​ជី​ថ​ល​នេះ បាន​ឆក់​យក​ឱកាស​ក្នុង​យុគសម័យ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ថេ​ប​ប្លែ​ត​កំពុង​តែ​ពេញ​និយម ហើយ​សាធា​រណ​ជន​ក៏​អាច​រក​អាន​សៀវភៅ​តាម​រយៈ​គេហទំព័រ និង​កម្មវិធី​ក្នុង​ទូរស័ព្ទ Android ។

ឯកឧត្តម បណ្ឌិត អុឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​អ្នកស្រី មេ​ឡូ​នី លី​ន​ប៊ឺ​ក តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា បាន​ផ្តល់​កិត្តិយស​ចូលរួម​បើក​កម្មវិធី BookLab ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ​ពេញ ។

ឯកឧត្តម បណ្ឌិត អុឹម កុ​ច បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រសួង​អប់រំ គាំទ្រ​ជា​ខ្លាំង​ទៅ​លើ​ការងារ​របស់​អង្គ​ការ​មូលនិធិ​អាស៊ី ដែល​មាន​គោលដៅ​ស្រប​ទៅ​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ផ្ទាល់​ក្នុង​ការ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស បង្កើត​ធនធាន​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ ជា​ពិសេស​ជំរុញ​ទម្លាប់​នៃ​ការ​អាន និង​ការ​គិតពិចារណា​ល្អិតល្អន់ (critical thinking) របស់​កុមារ​តូច​ៗ​នៅ​កម្ពុជា​» ។

អ្នកស្រី មេ​ឡូ​នី លី​ន​ប៊ឺ​ក ក៏​បាន​លើក​ឡើង​ថា ៖ «​សៀវភៅ​រឿង​ថ្មី​ៗ​ដែល​នឹង​ត្រូវ​ផលិត​ក្នុង​កម្មវិធី BookLab នេះ​ទាក់ទង​ទៅ​នឹង​ប្រធានបទ​ផ្សេង​ៗ ដូច​ជា ភាព​ក្លាហាន ភាព​តស៊ូ​អត់ធ្មត់ ក៏​ដូច​ជា​មិត្ត​ភាព និង​ភាព​ច្នៃប្រឌិត ។ រឿង «​សៀវភៅ​វេទមន្ត​» និយាយ​ពី​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ វិទូ ដែល​ទើប​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្អូនស្រី​របស់​ខ្លួន​មានចំណេះ​ដឹង​ច្រើន គឺ​ដោយសារ​តែ​នាង​មាន​ទម្លាប់​អាន​សៀវភៅ​ជា​រៀងរាល់ថ្ងៃ ។ នៅ​ពេល​ដែល វិទូ ចាប់ផ្តើម​អាន​សៀវភៅ​ប្រចាំ​ថ្ងៃ​ជំនួស​ឱ្យ​ការ​លេង​វី​ដេ​អូ​ហ្គេ​ម វិទូ មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន ហើយ​អាច​ដោះស្រាយ​ចំណោទបញ្ហា និង​អាច​ចូលរួម​ប្រកួតប្រជែង​ចំណេះ​ដឹង​នៅ​ក្នុង​សាលា ព្រមទាំង​ទទួល​បាន​រង្វាន់​ទៀត​ផង ។ នេះ​គ្រាន់តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ល្អ​ៗ​ផ្សេង​ទៀត ដែល​មាន​សារ​អប់រំ​ល្អ អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្មេង និង​ជំរុញ​ឱ្យ​ពួក​គេ​ចាប់ផ្តើម ឬ​បន្ត​ទម្លាប់​អាន​សៀវភៅ​» ។

លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង និង​កិច្ចការ​សហការ នៃ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែង​ថា​៖ «​សៀវភៅ​ឌី​ជី​ថ​ល ដែល​បង្កើត​ចេញពី​កម្មវិធី BookLab មុន​ៗ​ទាក់ទាញ​អ្នក​អាន​នៅ​កម្ពុជា​ជា​ច្រើន​នាក់ ។ យើង​មានការ​ជឿជាក់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អប់រំ ជា​ពិសេស​ខ្លឹមសារ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​លក្ខណៈ​ជំរុញ​ទឹកចិត្ត ដូច​ជា​សៀវភៅ​រឿង​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​កម្មវិធី Let’s Read នេះ​ជាដើម ។ យើង​រំពឹង​ថា នឹង​មាន​ក្មេង​ៗ​ច្រើន​បន្ថែម​ទៀត​ប្រើប្រាស់​បណ្ណាល័យ​ឌី​ជី​ថ​ល​មួយ​នេះ​ដើម្បី​បង្កើត​ទម្លាប់​អាន​សៀវភៅ និង​ចាប់ផ្តើម​ការ​ស្រមើស្រមៃ​ខ្ពស់​» ។

គម្រោង Let’s Read គឺជា​កិច្ច​ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​មូលនិធិ​អាស៊ី ហើយ​ក៏​ជា​គម្រោង​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​លឿន ដោយ​ពឹងផ្អែក​ទៅ​លើ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​មូលនិធិ​អាស៊ី​ដែល​មាន​ការិយា​ល័យ​នៅ ១៨ ប្រទេស​នៅ​ក្នុង​តំបន់ ជាមួយនឹង​សហគមន៍​ក្នុង​ការ​កសាង​បណ្ណាល័យ​ឌី​ជី​ថ​ល ជា​ភាសា​ក្នុង​តំបន់ ។ សៀវភៅ​រឿង​ក្នុង​បណ្ណាល័យ​និយាយ​អំពី​ប្រធានបទ​ផ្សេង​ៗ​ដូច​ជា បរិស្ថាន ភាព​ចំរុះ​គ្នា ការ​តស៊ូ និង​ការ​អត់ឱន យេ​ន​ឌ័​រ និង​ស្ទែ​ម (STEM) ។

គម្រោង​នេះ​ក៏​បណ្តុះ​នូវ​ទម្លាប់​អាន​ដែល​ជួយ​ដល់​កុមារ ក្រុម​គ្រួសារ​របស់​គាត់ និង​សហគមន៍​របស់​គាត់ ឱ្យ​រីក​ចម្រើន​ក្នុង​កំឡុង​ពេល​នេះ​ផង​ដែរ ។ គម្រោង​នេះ​ក៏​មាន​គោលបំណង​បន្ត​កសាង​សហគមន៍​អ្នក​បង្កើត​សៀវភៅ អ្នកបកប្រែ​សៀវភៅ​ដែល​ចង់​ឃើញ​អនាគត​ដែល​ពោរពេញ​ទៅ​ដោយ​សៀវភៅ​កុមារ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ