ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកំពតឲ្យដឹងថា មានករណីក្មេងទំនើងពីរនាក់ដែលបង្កអសន្តិសុខផ្នែកចរាចរណ៍បង្ហោះ និងបើកជ្រេម៉ូតូពេញផ្លូវសាធារណៈ នៅជួរមាត់ព្រែកមុខសួនច្បារ សាលាខេត្តកំពត ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ដែលជាកន្លែងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកំពុងដើរលេងកម្សាន្តនៅពេលយប់។
ប្រភពបានបន្តថា ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពខាងលើមិនមែនទើបតែមួយដងនោះទេ គឺពួកនេះឲ្យតែកម្លាំងសមត្ថកិច្ចដកខ្លួនទៅហូបបាយ ឬប្តូរវេនតែមួយភ្លែត គឺពួកគេដឹងថា អត់ឃើញសមត្ថកិច្ចគេធ្វើសកម្មភាពបង្ហោះម៉ូតូ ឬបើកជ្រេហើយឲ្យគ្នាគេអ្នកថតបង្ហោះហ្វេសបុក ឌឺសមត្ថកិច្ចថែមទៀតផង ។
ប្រភពបន្តថា ដោយទទួលបញ្ជាពីលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តឲ្យចុះល្បាត និងឃ្លាំមើល និងបង្ក្រាបឲ្យខាងតែបានក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូទាំងនោះ ដើម្បីយកមកអប់រំ និងចាត់ការតាមនីតិវិធី ដើម្បីកុំឲ្យមាននូវសកម្មភាពបែបនេះតទៅទៀត ។ ដោយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌក្រុងកំពតបានចុះបង្ក្រាបក្មេងទំនើងបង្កភាពអាណាធិបតេយ្យនៅមាត់ព្រែកមុខសាលាខេត្តកំពត ស្ថិតក្នុងភូមិ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត បានចំនួន ២នាក់ ដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ ជាក់ស្តែងមិនកោតញញើត និងកម្លាំងសមត្ថកិច្ចនិងកន្លងមកធ្លាប់ធ្វើសកម្មភាពបង្ហោះ និងជ្រេម៉ូតូ រួចបង្ហោះតាមបណ្តាញសង្គម Facebook ទៀតផង ។
ប្រភពបានបន្តថា ក្មេងទំនើងទាំងពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១- ឈ្មោះ ទាវ ឡាយឈូន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។ ទី២- ឈ្មោះហ្វើ ហ្សឹមរី ហៅហ្សឹម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ (អ្នកជិះពីក្រោយ) អ្នកទាំងពីរមុខរបរជាសិស្ស ។ ចំណែកម៉ូតូរឹបអូសបាន១គ្រឿង ម៉ាកឌ្រីមសង់ ដែលជិះធ្វើសកម្មភាព ។
លោកហោវណ្ណា អធិការនគរបាលក្រុងបានឲ្យដឹងថា ក្មេងទំនើងទាំងពីរនាក់នេះក្រុងបានកសាងបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបន្ត ។ ជុំវិញករណីក្មេងទំនើងទាំងពីរនាក់ដែលក្រុងបានបញ្ជូនមកកាន់ស្នងការខេត្តត្រូវបានលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តបានប្រាប់កោះសន្តិភាពនាថា ក្មេងទំនើងទាំងពីរនាក់ដែលធ្វើសកម្មភាពបង្កអសន្តិសុខផ្នែកចរាចរណ៍ខាងលើ សមត្ថកិច្ចមិនអាចលើកលែងបានទេ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ